ស្រីៗទើបមានកូនដំបូង អំឡុងពពោះ ត្រូវការសុខភាពល្អ ដើម្បីជួយដល់សុខភាពទារកក្នុងផ្ទៃ មិនថាចាក់វ៉ាក់សាំង និងញ៉ាំអាហារប៉ូវៗជំនួយ។ កុំបណ្ដែតបណ្ដោយឲ្យមាន “ជំងឺកង្វះគ្រាប់ឈាម” ឲ្យសោះ។ គ្រាប់ឈាមអត់គ្រប់ ដោយសារខ្វះជាតិដែក មានន័យថា សារពាង្គកាយ ខ្វះគ្រាប់ឈាមក្រហមល្អដែលមាននាទីសំខាន់ដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់ជាលិកានានាពេញសារពាង្គកាយ។ ពេលមានផ្ទៃពោះជាឱកាសងាយប្រឈមបញ្ហាខ្វះគ្រាប់ឈាម ព្រោះញ៉ាំអាហារមានជាតិដែកមិនគ្រប់។ តាមដានការពន្យល់របស់ “Hello គ្រូពេទ្យ” ខាងក្រោម៖
១- ម៉េចបានខ្វះគ្រាប់ឈាមពេលមានផ្ទៃពោះ?
រាងកាយត្រូវការជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីន (hemoglobin) ដែលជាប្រូតេអ៊ីនដ៏សំខាន់ក្នុងគ្រាប់ឈាមក្រហម។ ពេលពពោះ ខ្លួនប្រាណម្ដាយ ត្រូវការចំនួនអេម៉ូក្លូប៊ីន ទ្វេដងជាងធម្មតា ព្រោះវាចាំបាច់បំផុតដើម្បីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុងផ្ទៃ។ រឿងសាមញ្ញបំផុត បើគ្មានជាតិដែកគ្រប់តម្រូវការទេ យើងនឹងខ្វះគ្រាប់ឈាម ដោយស្វ័យប្រវត្តិ។
២- បើខ្វះគ្រាប់ឈាមបែបនេះ អាចប៉ះពាល់កូនអត់?
ច្បាស់ណាស់ ប៉ះពាល់ច្រើនរហូតដល់អាចឲ្យកូនមិនគ្រប់គីឡូ កើតមុនកំណត់ (អត់គ្រប់ខែ) និងផ្នែកសតិអារម្មណ៍ (បាក់ទឹកចិត្ត) ជាដើម។ បញ្ហាធំមួយទៀត គឺមានអត្រាមរណភាពទារកភ្លាមៗមុន និងក្រោយសម្រាល។
៣- អ្នកណាអាចមានបញ្ហានេះ?
– មានផ្ទៃពោះញឹក និងច្រើនដង
– ចាញ់កូនធ្ងន់ធ្ងរ
– ខ្វះជាតិដែក
– ធ្លាប់មានប្រវត្តិខ្វះគ្រាប់ឈាមពីមុន
– មករដូវច្រើនៗមុនពេលមានផ្ទៃពោះ។
៤- ធ្វើម៉េចទើបដឹងថាមានបញ្ហាកង្វះគ្រាប់ឈាមក្រហម?
រោគសញ្ញាទូទៅនៃជំងឺកង្វះគ្រាប់ឈាមក្រហមមានដូចជា៖
– អស់កម្លាំង ហើយខ្សោយ
– វិលមុខ ឬស្រាលក្បាល
– ស្លេកស្លាំង
– ចង្វាក់បេះដូងលោតខុសប្រក្រតី
– ពិបាកដកដង្ហើម
– ឈឺទ្រូង
– ត្រជាក់ចុងដៃចុងជើង
– ឈឺក្បាល។
រោគសញ្ញាទាំងនេះស្រដៀងនឹងសញ្ញាមានផ្ទៃពោះ។ ដូច្នេះ អាចពិបាកកំណត់ឲ្យច្បាស់ ១០០% ថា យើងកំពុងមានជំងឺកង្វះគ្រាប់ឈាមនេះណាស់។ តែហេតុផលច្បាស់ នឹងដឹងក្រោយពេលធ្វើតេស្តឈាមដើម្បីមើលរោគសញ្ញាកង្វះគ្រាប់ឈាម និងបញ្ហាផ្សេងៗទៀត មុនសម្រាល។
៥- ដំណោះស្រាយ
មាន ៤ មធ្យោបាយ ដើម្បីញ៉ាំ និងបង្គ្រប់ជាតិដែកចំពោះរាងកាយ៖
- ថ្នាំ (គ្រាប់) លេប៖ ញ៉ាំថ្នាំវីតាមីនដែលពេទ្យឲ្យញ៉ាំមុនគ្រប់ខែសម្រាល ពិតជាអាចជួយបង្គ្រប់ជាតិដែកដែលរាងកាយត្រូវការ។ ស្ត្រីមានផ្ទៃពោះ ត្រូវការជាតិដែក ២៧ មិល្លីក្រាមក្នុង១ថ្ងៃ ឬពេទ្យអាចឲ្យថ្នាំជាតិដែកញ៉ាំលើសពីនេះ។ បរិមាណថ្នាំត្រូវលេប គឺ ៩០ គ្រាប់ អំឡុងពពោះ និង ៤២ គ្រាប់ ក្រោយសម្រាល។
- អាហារ៖ មិនមែនមានតែថ្នាំជំនួយដើម្បីបន្ថែមជាតិដែកទេ ជាតិដែកពីម្ហូបអាហារពីសាច់ក្រហមមិនជាប់ខ្លាញ់ សាច់មាន់ សាច់ត្រី អាហារសម្រន់ពេលព្រឹកដែលមានជាតិដែក ទឹកផ្លែព្រូន សណ្តែកលីង និងសណ្ដែកខៀវ សុទ្ធតែផ្ដល់ជាតិដែកមិនណយដែរ។
- ភេសជ្ជៈ៖ ដែលមានវីតាមីន C ខ្ពស់ ដូចជា ទឹកក្រូចច្របាច់/ក្រូចឆ្មារ ឬទឹកស្ត្រប៊ើរី។ បើញ៉ាំថ្នាំជាតិដែកជាមួយវីតាមីន C សូមចៀសវាងញ៉ាំកាល់ស្យូម។ ទោះបីជាកាល់ស្យូមមានអត្ថប្រយោជន៍ច្រើន តែវាអាចរារាំងដល់ការបឺតជាតិដែក។
- ចាក់បញ្ចូល៖ បើរាងកាយយើងមិនអាចស្រូបជាតិដែកតាមការញ៉ាំបានទេ មានតែចាក់បញ្ចូលជាតិដែកតែម្ដង។
[embed-health-tool-pregnancy-weight-gain]