លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?
សារព័ត៌មាន Mail Online របស់អង់គ្លេស អះអាងថា ស្រីៗកំពុងពពោះ ប្រើថ្នាំប៉ារ៉ាសេតាម៉ុល អាចធ្វើឲ្យកូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍ (ADHD) ក្រោយពេលសម្រាលកូន។ ការអះអាងនេះ នាំឲ្យមានការសិក្សាមួយ ធ្វើឡើងដោយប្រទេសអេស្ប៉ាញ ទៅលើទំនាក់ទំនងអូទីស្សឹម និងថ្នាំប៉ារ៉ា ដើម្បីបញ្ជាក់បន្ថែមការពិត។ ចុះលទ្ធផលការសិក្សា បង្ហាញមកម៉េចវិញ? ម៉ាក់ៗលេបប៉ារ៉ាពេលពពោះ អូនៗពិតជាកើត អូទីស្សឹម និងជំងឺពិបាកផ្ចង់អារម្មណ៍ មែនអត់? ចម្លើយ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ក្នុងអត្ថបទខាងក្រោម។

១- ទំនាក់ទំនងរវាងអូទីស្សឹម ជំងឺពិបាកផ្ចង់អារម្មណ៍ និងថ្នាំប៉ារ៉ាសេតាម៉ុល
អ្នកជំនាញ បានធ្វើការវាយតម្លៃលើស្រីៗមានផ្ទៃពោះជាង ២០០០នាក់ ដែលបានប្រើថ្នាំប៉ារ៉ាសេតាម៉ុល ហើយបន្ទាប់មកធ្វើតេស្ដលើអាកប្បកិរិយាកូនពួកគេ មានអាយុពី ១-៥ ឆ្នាំ។ លទ្ធផលរកឃើញថា ការប្រើថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ អាចមានរោគសញ្ញាផ្លូវចិត្តមិននឹងន លើក្មេងៗអាយុ ៥ឆ្នាំ និងរោគសញ្ញាអូទីស្សឹម កើតមានទៅលើក្មេងប្រុស។ តែទោះយ៉ាងណាក៏ដោយ ការសិក្សានេះ មិនទាន់មានការទាក់ទងគ្នាជាមួយនឹងជំងឺពិបាកផ្ចង់អារម្មណ៍ (ADHD) នោះទេ ហើយក៏មិនបានបង្ហាញសញ្ញាផ្សេងៗរបស់ជំងឺទាំងនេះដែរ។ មូលហេតុទាំងនេះ នៅតែមិនអាចពន្យល់បាន ថាតើអាចមកពីសុខភាពតំណពូជ ឬពាក់ព័ន្ធនឹងមជ្ឈដ្ឋានជុំវិញ។ បច្ចុប្បន្ន ការប្រើថ្នាំប៉ារ៉ាសេតាម៉ុល ជាការចាំបាច់ ហើយត្រូវប្រើតាមកម្រិតណែនាំដោយមានសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។
២- ការស្រាវជ្រាវលើកឡើងពីអ្វីខ្លះ
ស្រីៗកំពុងពពោះជាច្រើន ត្រូវបានសម្ភាសនៅសប្ដាហ៍ទី ១២ និងទី ៣២ មុនសម្រាល ដោយសំណួរចម្បងសួរថា តើពួកគេប្រើថ្នាំប៉ារ៉ាជាប្រចាំ ឬយូរៗម្ដង តាំងពីមួយខែមុនពេលមានផ្ទៃពោះ?
ចម្លើយភាគច្រើនទទួលបាន គឺស្រីៗចូលរួមបានអះអាងថា ខ្លួនពិតជាប្រើថ្នាំប៉ារ៉ាសេតាមុលមួយខែមុនពេលមានផ្ទៃពោះ និងបន្តប្រើរហូតដល់សប្ដាហ៍ទី ៣២ មែន ខណៈកូនៗអ្ននចូលរួមជាង ៨០% វ័យពី ១-៥ ឆ្នាំ ត្រូវបានធ្វើតេស្ដវាយតម្លៃប្រព័ន្ធប្រសាទ និងអាកប្បកិរិយា ហៅថា (BSID) ដើម្បីបញ្ជាក់ថា ការប្រើថ្នាំប៉ារ៉ា មានទំនាក់ទំនងជាមួយវិបត្តិអូទីស្សឹម និងជំងឺពិបាកផ្ចង់អារម្មណ៍ ឬយ៉ាងណា។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមានផែនការចង់បានកូន ត្រូវចៀសពីថ្នាំទាំងនេះ!
- តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល
៣- ការធ្វើតេស្ត
ការធ្វើតេស្ដលើក្មេងៗ ដែលមានម៉ាក់ៗប្រើថ្នាំប៉ារ៉ាសាតាម៉ុលមុខពេលពពោះ និងបន្តប្រើដល់សប្តាហ៍ ៣២ គឺផ្ដោតលើ៖
– ការអភិវឌ្ឍផ្នែកយល់ដឹង និងចិត្តសាស្ត្រកុមារ
– ដើម្បីវាស់សមត្ថភាពយល់ដឹងពីសង្គម
– វិនិច្ឆ័យលើរោគសញ្ញាជំងឺពិបាកផ្ចង់អារម្មណ៍ ADHD
– ការធ្វើតេស្ដតាមកុំព្យូទ័រ ដើម្បីវាយតម្លៃការយកចិត្តទុកដាក់ពេលវេលា ការមានប្រតិកម្មត្រឹមត្រូវ និងការត្រួតពិនិត្យចរន្តផ្លូវចិត្ត។
៤- លទ្ធផលការសិក្សា
ជាទូទៅ ក្មេងៗប្រហែល ៤២% ដែលបានប៉ះពាល់ថ្នាំប៉ារ៉ាសេតាម៉ុល តាមរយៈម៉ាក់ៗប្រើអំឡុងពេលពពោះដើម្បីបំបាត់ការឈឺចាប់ ងាយនឹងជំរុញឲ្យមានជំងឺ ADHD ជាងក្មេងមិនទទួលបានសារធាតុថ្នាំប៉ារ៉ា។ ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលច្រើន ធ្វើឲ្យក្មេងបង្ហាញនូវរោគសញ្ញាជាច្រើន។ យ៉ាងណាក៏ដោយ មិនទាន់មានទំនាក់ទំនងទៅនឹងលក្ខណៈវិនិច្ឆ័យជំងឺពិបាកផ្ចង់អារម្មណ៍នៅឡើយទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕