ស្រីៗពេលមានផ្ទៃពោះ ហើយត្រូវធ្វើការពេញ១ថ្ងៃទៀត ប្រាកដជានឿយហត់ខ្លាំង ស្រួលមិនស្រួលអាចប៉ះពាល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ដើម្បីជាគន្លឹះខ្លះៗសម្រាប់ស្រីៗគ្នាយើងដែលកំពុងមានផ្ទៃពោះ ហើយត្រូវធ្វើការទៀតនោះ Hello គ្រូពេទ្យ នឹងបង្ហាញនូវដំណោះស្រាយមួយចំនួនខាងក្រោមនេះ។
១. ញ៉ាំអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន
កាលណាមានផ្ទៃពោះ អ័រម៉ូនប្រែប្រួល ធ្វើឲ្យសុខភាពចុះខ្សោយ ឧស្សាហ៍អស់កម្លាំង និងស្លេកស្លាំង។ មានតែរបបអាហារប៉ុណ្ណោះដែលអាចជួយបំប៉នស្រ្តីមានផ្ទៃពោះ និងកូនផ្ទៃ ដូចនេះស្រីៗមានផ្ទៃពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិ ពិសេសអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន ទើបមានកម្លាំង អាចធ្វើការងារបានធម្មតា។
២. សម្រាកខ្លីៗឲ្យបានញឹកញាប់
ស្រីៗត្រូវចាំថា ពេលមានផ្ទៃពោះយើងមិនមែនមានខ្លួនមួយដូចមុនទេ ថាមពលក៏ចុះខ្សោយ ត្រូវការពេលសម្រាកច្រើន។ ចំពោះម៉ាក់ៗដែលធ្វើការនៅក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ប្រហែលជាមិនមានពេលវេលាសម្រាកច្រើននោះទេ តែយើងអាចឆ្លៀតសម្រាករយៈពេលខ្លីៗ (៤-៥នាទី) ដើរចុះដើរឡើង ពត់ខ្លួនប្រាណ សណ្តូកជើងឲ្យត្រង់ ឲ្យបានញឹកញាប់ ធ្វើបែបនេះទើបមានថាមពលធ្វើការពេញមួយថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖ ៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ
៣. ញ៉ាំទឹកឲ្យបានច្រើន
ទឹកសំខាន់ណាស់ចំពោះសុខភាពយើង ដូចគ្នានេះដែរស្រីៗមានផ្ទៃពោះត្រូវញ៉ាំទឹកឲ្យបានច្រើន ទើបមានសុខភាពល្អ មិនខ្វះជាតិទឹក។
អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?
៤. ដាក់អាហារសម្រន់តាមខ្លួន
ស្រីៗមានផ្ទៃពោះឃ្លានគ្រប់ពេល អ៊ីចឹងយើងត្រូវមានចំណីចំណុកដាក់តាមខ្លួន ដូចជានំ ផ្លែឈើ បង្ការការហេវខ្លាំង មិនអាចចេញទៅញ៉ាំអីនៅក្រៅបាន ពេលកំពុងធ្វើការ។
៥. គេងឲ្យបានគ្រប់គ្រាន់
ទោះជាពេលមានផ្ទៃពោះ ស្រីៗគ្នាយើងពិបាកគេងក៏ដោយ ត្រូវតែគេងឲ្យបានគ្រប់គ្រាន់ នោះទើបមិនប៉ះពាល់ដល់សុខភាព និងកូនផ្ទៃ អាចបំពេញការងារបានធម្មតា។ ចំពោះតិចនិកជួយឲ្យស្រីៗពពោះគេងលក់បានស្រួល ត្រូវគេងផ្អៀងទៅខាងឆ្វេង ហើយមានខ្នើយកល់ពោះ ឬខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះកាន់តែល្អ។
អត្ថបទពាក់ព័ន្ធ៖ ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]