backup og meta

៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 05, 2020

    ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ

    អំឡុង​មាន​ផ្ទៃ​ពោះ ស្រីៗ​មាន​រឿង​​ត្រូវ​​ប្រយ័ត្ន​ច្រើន ដើម្បី​​ថែរក្សា​​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​លូត​លាស់​ល្អ ដែល​ក្នុង​នោះ​មាន​ទាំង​ក្បួន​ចាស់​បុរាណ និង​ក្បូន​ពេទ្យ។ បើ​តាម​ក្បូន​ពេទ្យ​វិញ មិន​មាន​ហាម​ប្រាម​អ្វី​សាំ​ញ៉ាំ​នោះ​ទេ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា គ្រាន់​តែ​ចៀស​ឲ្យ​បាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោមនេះ។

    ១. ហាម​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា

    មាន​ជំងឺ​អ្វី​មួយ ហើយ​ចង់​ប្រើ​ថ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តេស ដោយ​គ្មាន​វេជ្ជបញ្ជា អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។

    អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា?

    ២. ហាម​ជក់​បារី

    ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​កើត​មក​ស្លាប់។

    ៣. ហាម​ផឹក​​គ្រឿង​ស្រវឹង

    ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ​នោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត ក្នុង​នោះ​កូន​កើត​មក​អាច​មិន​គ្រប់​គីឡូ មាន​បញ្ហា​អាកប្បកិរិយា-ការ​រៀន​សូត្រ​ជា​ដើម។

    អត្ថបទអ្នកពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

    ៤. ហាម​ញ៉ាំ​គ្រឿង​សមុទ្រ​មាន​ជាតិ​បារ៉ត​ខ្ពស់

    គ្រឿង​សមុទ្រ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ដែល​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ។ ទោះ​បី​ជា​បែប​នេះ​ក្តី ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​គួរ​ចៀស​វាង​នូវ​ត្រី​សមុទ្រ​មួយ​ចំនួន​ដូច​ជា ត្រីឆ្លាម ត្រីដាវ ដែល​មាន​ជាតិ​បារ៉ត​ខ្ពស់ ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម