នៅពេលមានផ្ទៃពោះស្រីៗយើងនឹងមានការប្រែប្រួលច្រើនទាំងលើរូបរាងកាយ និងអារម្មណ៍ ព្រមជាមួយនឹងអ័រម៉ូនឡើងចុះ ហើយលំហូរឈាមក្នុងខ្លួនក៏កើនឡើង។ ស្រីៗយើងខ្លះសម្គាល់ឃើញថាសុដន់ឡើងធំជាងធម្មតា និងចំណង់អាហារកើនឡើងទៀតផង។
ក្រៅពីអ្វីដែលបានរៀបរាប់នេះ ចំណង់ផ្លូវភេទរបស់ស្រីៗយើងពេលមានផ្ទៃពោះក៏អាចប្រែប្រួលដូចគ្នា។ ខាងក្រោមនេះ ជារឿង៣យ៉ាង នឹងមានឥទ្ធិពលលើចំណង់ផ្លូវភេទរបស់ស្រីៗយើងពេលកំពុងពពោះ។
១. អ័រម៉ូនឡើងចុះ
ត្រីមានដំបូងនៃការពពោះ កម្រិតអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូតេស្តូស្តេរ៉ូននឹងកើនឡើង។ រោគសញ្ញាដំបូងៗនៃការមានផ្ទៃពោះមួយចំនួននឹងធ្វើឲ្យចំណង់ផ្លូវភេទរបស់ស្រីៗយើងធ្លាក់ចុះ។ រោគសញ្ញាទាំងនេះរួមមាន៖
- អ័រម៉ូនប្រែប្រួល
- អស់កម្លាំង នឿយហត់
- តប់ប្រមល់
- ស្រៀវសុដន់
នៅអំឡុងសប្ដាហ៍ទី១០ កម្រិតអ័រម៉ូនដែលបានឡើង ក៏នឹងធ្លាក់ចុះវិញដែរ ដែលនេះនឹងធ្វើឲ្យស្រីៗយើងទំនងជាលែងសូវហត់នឿយ និងក្អួតចង្អោរដែរ។ ពេលអាការៈទាំងនេះចាប់ផ្ដើមធូរស្រាល ចំណង់ផ្លូវភេទរបស់ស្រីៗយើងក៏នឹងចាប់ផ្ដើមកើនឡើងវិញដែរ។
ប៉ុន្តែនៅពេលចូលដល់ត្រីមាសទី៣ ម៉ាក់ៗនឹងចាប់ផ្ដើមមានអាការៈឈឺចង្កេះ ឡើងទម្ងន់ និងរោគសញ្ញាផ្សេងៗមួយចំនួនទៀត ដែលជាហេតុនាំឲ្យចំណង់ផ្លូវភេទធ្លាក់ចុះវិញដែរ។
២. ស្រៀវសុដន់ និងលំហូរឈាមកើនឡើង
ការមានផ្ទៃពោះនឹងធ្វើឲ្យលំហូរឈាមក្នុងខ្លួនកើនឡើង ជាពិសេសលំហូរឈមទៅកាន់សុដន់ និងប្រដាប់ភេទ។ ការកើនឡើងនៃលំហូរឈាមនេះ នឹងធ្វើឲ្យកើនឡើងនៃភាពស្រៀវស្រើប ដែលនេះជារឿងធម្មតានោះទេ។
អ្វីទាំងនេះ អាចនឹងធ្វើឲ្យស្រីៗយើងអាចមានអារម្មណ៍កាន់តែពិសេសលើរឿងលើគ្រែជាមួយស្វាមី ទៀតផង។ ដូចគ្នាដែរ បើស្រីៗយើងឃើញមានទឹកចេញពីចុងដោះនោះ គឺកុំបារម្ភអី ព្រោះថារាងកាយយើងពេលមានផ្ទៃពោះរាងកាយប្រែប្រួលបែបនេះឯង។
៣. ចំណង់ផ្លូវភេទអាចកើនឡើង
ស្រីៗពពោះមិនតិចនាក់ទេ បានជួបបទពិសោធន៍នៃការកើនឡើងចំណង់ផ្លូវភេទនៅចុងត្រីមាសទី១ និងក្នុងត្រីមាសទី២។ ការកើនឡើងនៃចំណង់ផ្លូវភេទនេះ ធ្វើឲ្យមានការកើនឡើងទឹករម្អិលនៅទ្វារមាស និងមានអារម្មណ៍ថាស្រៀវខ្លាំងនៅតំបន់ clitoris លើប្រដាប់ភេទ ដែលនេះកើនឡើងដោយសារមានលំហូរឈាមទៅកាន់តំបន់ប្រដាប់ភេទកាន់តែច្រើន។
ការរួមភេទពេលមានផ្ទៃពោះ ក៏ជាមធ្យោបាយល្អបំផុតមួយក្នុងការរក្សាទំនាក់ទំនងល្អទាំងផ្នែកអារម្មណ៍ និងរាងកាយរវាងភរិយា និងស្វាមី។
[embed-health-tool-due-date]