ពិតណាស់ នៅពេលបច្ចុប្បន្ននេះ មានគូស្នេហ៍ជាច្រើនព្យាយាមយកកូននៅអាយុកាន់តែច្រើន ហេតុនេះហើយ ការបង្កកស៊ុតដើម្បីទុកបង្កកំណើតទៅថ្ងៃក្រោយ បានក្លាយជារឿងដែលកើតច្រើនដែរនៅបណ្ដាប្រទេសមួយចំនួន។ ជាក់ស្ដែង ស្រីៗយើងមួយចំនួនបានជ្រើសរើសការបង្កក និងរក្សាទុកស៊ុត ពីព្រោះថាឱកាសមានកូននឹងត្រូវថយចុះ នៅពេលដែលយើងមានវ័យកាន់តែច្រើនទៅ។
តើយើងគួរបង្កកស៊ុតនៅវ័យណាល្អ?
ជាក់ស្ដែង លទ្ធភាពមានកូនត្រូវបានថយចុះចាប់ពីអាយុ ៣០ឆ្នាំឡើង ហើយនឹងធ្លាក់ចុះកាន់តែខ្លាំងក្រោយអាយុ៤០ឆ្នាំ។ ដូច្នេះហើយ វ័យដែលល្អបំផុតក្នុងការបង្កកស៊ុតគឺនៅអាយុ២០ឆ្នាំជាង។ យ៉ាងណាមិញ ស្រីៗយើងក៏អាចបង្កកស៊ុតនៅអាយុ៣០ឆ្នាំ ទៅ៣៥ឆ្នាំផងដែរ។ ចំណែកអ្នកដែលមានអាយុ៤០ឆ្នាំ ឬលើសពីនេះ នៅតែអាចបង្កស៊ុតបាន ប៉ុន្តែដោយសារតែចំនួនស៊ុតដែលរាងកាយផលិតត្រូវបានកាត់បន្ថយ ការបង្កកក៏មានចំនួនតិចតួចដូចគ្នា។ អត្រាមានផ្ទៃពោះនឹងមានកម្រិតទាប នៅពេលដែលយើងបង្កកស៊ុតក្រោយអាយុ៣៥ឆ្នាំ។
យើងគួរបង្កកស៊ុតចំនួនប៉ុន្មាន? មានអត្រាជោគជ័យប៉ុន្មានភាគរយ?
ចំនួនស៊ុតដែលអាចបង្កកបានគឺផ្អែកលើអាយុស្ត្រីផ្ទាល់។ ជាទូទៅ ស៊ុត៦ក្នុងចំណោម៨ អាចរស់រានមានជីវិតក្នុងដំណាក់កាលនៃការបង្កក និងការរលាយ ហើយឱកាសនៃកំណើតគឺនៅចន្លោះ៣២% និង១៨%។ ហេតុនេះហើយ យើងចាំបាច់ត្រូវបង្កកស៊ុតប្រមាណ៣០-៤០ ដើម្បីទទួលបានអត្រាមានកូន។ ទោះបីជាស៊ុតមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែយើងនៅតែមិនអាចធានាអត្រាមានកូនបានឡើយ។
អត្ថបទគួរអាន៖
ការបង្កកស៊ុតមានដំណើរការយ៉ាងម៉េចខ្លះ?
១. មុនពេលបង្កកស៊ុត យើងត្រូវធ្វើតេស្តឈាមរកមើលជំងឺឆ្លង (ជំងឺរលាកថ្លើម ឬអេដស៍)
២. យើងត្រូវចាក់ថ្នាំជំរុញការលូតលាស់ស៊ុតច្រើននៅក្នុងអូវែ
៣. បន្ទាប់មកស៊ុតត្រូវបានប្រមូល និងបង្កក
៤.នៅពេលដែលស្រីៗយើងចង់ព្យាយាមយកកូន ស៊ុតនឹងត្រូវរំលាយ ព្រមទាំងបង្កកំណើតដោយចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស៊ុត។

ចំណុចសំខាន់
អ្នកដែលចង់បានកូននៅវ័យចំណាស់ គួរបីយល់ដឹងពីការបង្កកស៊ុត ដើម្បីទទួលបានអត្រាបង្កកំណើតខ្ពស់។ ជាទូទៅ ស្រីៗយើងយកល្អបង្កកស៊ុតនៅវ័យ២០ឆ្នាំជាង ពីព្រោះចាប់ពីអាយុ៣០ឆ្នាំទៅ លទ្ធភាពបង្កកំណើតនឹងធ្លាក់ចុះ។ យើងគប្បីបង្កកស៊ុតប្រមាណពី៣០ទៅ៤០ ទើបជាការប្រសើរ។