បើទោះជាបច្ចេកវិទ្យាបច្ចុប្បន្នទំនើបអាចយកកូនភ្លោះក៏បាន កូនប្រុសស្រីក៏បានពិតមែន តែសម្រាប់ប្រទេសយើងសេវាកម្មបែបនេះមានតម្លៃថ្លៃណាស់ ព្រោះត្រូវផ្ញើទឹកកាមទៅបរទេស ដើម្បីវាយតម្លៃសិន។ នេះបើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា ជាធម្មតាការកំណត់យកភេទកូន គឺធ្វើឡើងនៅដែលមេជីវិតញីធ្លាក់មក ប៉ុន្តែភាគរយជោគជ័យមិនប្រាកដឡើយ៖ “បើយើងចង់បានកូនប្រុសស្រីពិតប្រាកដ គេធ្វើ DNA តែវាចំណាយថវិកាច្រើនណាស់ ព្រោះត្រូវផ្ញើ sample ទៅសិង្ហបុរី ដោយអស់ខ្ទង់រាប់ពាន់រាប់ម៉ឺនដុល្លារ ហ្នឹងគេមានលទ្ធភាពគេអាចធ្វើបែបនេះបាន។ ការធ្វើ DNA យកមេជីវិតមកពិនិត្យ ដើម្បីឲ្យដឹងថានោះជាស្រី ឬជាប្រុស នៅពេលច្បាស់ហើយ ទើបគេអនុវត្ត”។
ពេទ្យជំនាញផ្នែករោគស្រីខាងលើក៏បានបញ្ជាក់ទៀតដែរថា ការប្រើវិធីធម្មជាតិមិនអាចកំណត់បានច្បាស់លាស់ទេ ហើយសម្រាប់នៅប្រទេសយើងក៏មិនទាន់មានបច្ចេកទេសទំនើបវិភាគ DNA ដឹងថាជាកូនប្រុសស្រីបានឡើយ។
ចំណែកទាក់ទងនឹងរបបអាហារវិញ លោកថានោះគ្រាន់ជាការកត់ចំណាំតៗគ្នាពីមនុស្សចាស់ៗប៉ុណ្ណោះ គ្មានការសិក្សាណាច្បាស់លាស់ដែលអាចបញ្ជាក់បានថា ការញ៉ាំអាហារបែបនេះបានកូនប្រុស ឬបែបនោះកូនស្រីឡើយ ហើយការប្រែប្រួលរូបរាងទៀតសោតក៏មិនអាចបញ្ជាក់ដែរ ព្រោះជារឿងធម្មតានៃការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះប៉ុណ្ណោះ។