backup og meta

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ

ពពោះ សម្រាលកូន ជាពេលវេលាសែនលំបាករបស់មនុស្សស្រី ដូចនេះក្រោយសម្រាលក៏មិនមែនថារួចរាល់ដែរ គឺយើងនៅមានភារកិច្ចបន្តជាច្រើនទៀត។ ក្នុងនោះរឿងសំខាន់ ៥ យ៉ាងម៉ាក់ៗសម័យនេះចាំបាច់ធ្វើជាដាច់ខាត នេះជាការលើកឡើងរបស់អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

១- បំបៅកូនដោយទឹកដោះ

ទឹកដោះម្ដាយ គឺជាអាហារូបត្ថម្ភមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ទារកតាំងពីកើតភ្លាម រហូតដល់អាយុ ៦ ខែ។ ទឹកដោះម្ដាយសម្បូរវីតាមីន សារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗបាន។ ក្នុងទឹកដោះមានផ្ដល់សារធាតុចិញ្ចឹមដែលចាំបាច់ និងការពារប្រឆាំងជំងឺអាលែកហ្ស៊ី ជំងឺធាត់ ប្រឆាំងជំងឺទឹកនោមផ្អែម មហារីក ការពារការឆ្លងមេរោគ ព្រមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារបានល្អ និងការទល់លាមក។ អ្វីដែលកាន់តែពិសេសជួយឲ្យទារកមានសុខភាព លូតលាស់បានល្អ ផ្តល់ឲ្យទារកមានប្រាជ្ញាវៃឆ្លាត។

២- លេបថ្នាំជាតិដែក និងវីតាមីនផ្សេងៗ កុំឲ្យស្លេកស្លាំង

ក្រោយសម្រាលកូន ស្ត្រីនឹងមានធ្លាក់ឈាមយ៉ាងហោចណាស់ក៏ ២-៣ សប្ដាហ៍ដែរ ឬរហូតដល់ ៦ សប្ដាហ៍យ៉ាងយូរ។ ព្រោះតែការធ្លាក់ឈាម បណ្ដាលឲ្យមានសភាពស្លេកស្លាំង ដូចនេះក្រោយសម្រាលពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យលេបថ្នាំជាតិដែក ៤២ គ្រាប់ ព្រមជាមួយវីតាមីន និងសារធាតុរ៉ែសំខាន់ៗប៉ុន្មានមុខ ឬញ៉ាំអាហារដែលសម្បូរជាតិដែក ក្នុងនោះមានសាច់ក្រហម ថ្លើមសត្វ សណ្ដែក ស៊ុត បន្លែបៃតងចាស់។

៣- ហាត់ប្រាណយករាងឲ្យស្អាតវិញ

ការហាត់ប្រាណឲ្យរាងស្អាតមកវិញសម្រាប់ម៉ាក់ៗ អាចថាមិនមែនជារឿងងាយស្រួលឡើយ ដូចនេះត្រូវព្យាយាមតាំងពីចេញពីពេទ្យភ្លាមៗ តែមិនគួរធ្វើលំហាត់ប្រាណដែលមានចលនាខ្លាំងពេក ពិសេសនៅបរិវេណក្បាលពោះ ព្រោះវាអាច​ប៉ះពាល់ទៅដល់ទ្វារមាស និងស្បូន។ អំឡុងពេល ១ ខែដំបូងគ្រាន់តែហាត់បន្តិចបន្តួច ឬព្យាយាមធ្វើកិច្ចការក្នុងផ្ទះផ្សេងៗឲ្យបានច្រើន ដើម្បីកុំឲ្យសាច់ដុំស្ពឹកស្រពន់ ទើបក្រោយៗបន្តមកទៀតអាចហាត់ប្រាណបែបធម្មតាឡើងវិញបាន។

៤- ញ៉ាំអាហារសម្បូរជីវជាតិ ដើម្បីឲ្យសម្បូរទឹកដោះ

អាហារដែលមិនគួរទទួលទានសម្រាប់ស្ត្រីសម្រាលកូន មានដូចជា អាហារផ្អាប់ បន្លែស្រស់ គ្រឿងស្រវឹង ថ្នាំបុរាណ ព្រោះអាចធ្វើឲ្យកើតមានបញ្ហាឆ្អល់ពោះ ក្អួត រាករូសជាដើម។ សម្រាប់អាហារដែលគួរញ៉ាំត្រូវតែមានជាតិប្រូតេអ៊ីនខ្ពស់ ហើយខ្លាញ់ទាប ទើបអាចរក្សាសុខភាពស្ត្រីបានល្អ និងឆាប់រឹងមាំឡើងវិញ ហើយត្រូវចៀសវាងអាហារក្រៀមក្រោះ ជំនួសមកវិញនូវសម្លរទឹក។

៥- ពិនិត្យសុខភាពក្រោយសម្រាល ៦ សប្ដាហ៍

បន្ទាប់ពីសម្រាលកូនបាន ៦ សប្ដាហ៍ ម៉ាក់ៗត្រូវត្រលប់ទៅជួបគ្រូពេទ្យឡើងវិញ ដើម្បីពិនិត្យមើលស្បូន ថាត្រឡប់មកសភាពធម្មតាវិញ ឬនៅ។ បន្ថែមពីនោះ គឺដើម្បីចង់ដឹងមុខរបួសកើតឡើងក្រោយពេលសម្រាល សះស្បើយហើយ ឬនៅ និងមានស្លាកស្នាម ឬកខ្ទុះអ្វីទៀតអត់ (សម្រាលដោយវះកាត់)។ ក្រៅពីនោះ គ្រូពេទ្យក៏បានពិភាក្សាជាមួយម៉ាក់ៗពីរបបអាហារប្រចាំថ្ងៃថាបានញ៉ាំតាមអ្វីដែលគ្រូពេទ្យណែនាំឲ្យមានទាំង ត្រី សាច់ ផ្លែឈើ ទឹកដោះគោ បន្លែ ផ្លែឈើ ដែលល្អចំពោះខ្លួនឯង និងកូន ដែរឬទេ។ មួយវិញទៀតសាកសួរពីការសម្រាករបស់ម៉ាក់ៗ ថាតើគេងគ្រប់គ្រាន់អត់។

រឿងសំខាន់មួយទៀតដែលម៉ាក់ៗទទួលបានពីការទៅជួបគ្រូពេទ្យតាមការណាត់ គឺពិគ្រោះពីបញ្ហាជ្រើសរើសវិធីពន្យារកំណើតណាមួយដែលស័ក្ដិសម ព្រោះវាក៏ជាពេលដែលប្ដីប្រពន្ធអាចរស់នៅជាមួយគ្នាឡើងវិញ និងជាពេលដែលមានការបង្កកំណើតជាថ្មី ប្រសិនបើមិនបានការពារទុកជាមុន។ចំពោះស្ត្រីបំបៅកូនដោយទឹកដោះ គ្រូពេទ្យនឹងពិនិត្យរកមើលចំណុចសំខាន់មួយទៀត តើថាមានបញ្ហាមិនប្រក្រតីអ្វីមួយឬទេដូចជាមានដុំរឹង ឬមានដំបៅជាដើមនៅដោះដែរ ឬទេ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម