ការសម្រាលកូន ជាបទពិសោធន៍មួយដែលម៉ាក់ៗគ្រប់រូបចងចាំមិនភ្លេច។ ស្របគ្នានេះ មានម៉ាក់ៗខ្លះលើកឡើងថា កើតកូនប្រុស មានការឈឺចាប់ និងពិបាកកើតជាងកូនស្រីទៀត ចុះបើតាមពេទ្យជំនាញ បកស្រាយយ៉ាងណាចំពោះការលើកឡើងនេះ?
ផ្ដល់ចម្លើយនឹងការលើកឡើងខាងលើ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ឲ្យដឹងថា ក្បួនពេទ្យមិនសំដៅទៅលើភេទរបស់កូនប្រុស ឬស្រីទេដែលបង្កភាពឈឺចាប់ពេលសម្រាលនោះ ដូចនេះមតិដែលស្ត្រីពពោះយល់ឃើញខាងលើនេះមិនពិតទេ។
លោកបន្តថា ម៉ាក់ៗដែលសម្រាលកូនពិបាកខ្លាំង អាចដោយសារតែកូនមានមាឌធំពេក (លើសគីឡូ) ឬអាងត្រគាកម្ដាយមិនអំណោយផលដល់ការឆ្លងទន្លេ ទើបបណ្ដាលឲ្យការសម្រាលបន្លាយពេលយូរ ជាហេតុបង្កឲ្យមានការឈឺចាប់ខ្លាំង។ លើសពីនេះ កត្តាដែលម៉ាក់ៗពិបាកកើតកូន ក៏បណ្ដាលមកពីកត្តារួមផ្សំផ្សេងៗទៀតដូចជា ទម្រង់ចលនការនៃការកើត (ដំណាក់កាលនៃការសម្រាលកូន) និងទម្រង់ដែលកូនចុះមកក្រោម។ល។
“មួយវិញទៀត ការឈឺចាប់ខ្លាំង ឬមិនខ្លាំង ក៏អាចទាក់ទងនឹងសុខភាពរបស់ម្ដាយផ្ទាល់ដែរ ព្រោះកាលណាម៉ាក់ៗមានសុខភាពមិនល្អ ខ្សោយ អ៊ីចឹង គាត់ត្រូវប្រឹងខ្លាំង ចំណាយកម្លាំងច្រើន ជាហេតុបណ្ដាលឲ្យគាត់ឈឺចាប់”។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ដូចនេះម៉ាក់ៗពពោះជិតសម្រាលគ្រប់រូប មិនត្រូវគិតលើភេទកូនប្រុស ឬកូនស្រីទេដែលធ្វើឲ្យពិបាកសម្រាល តែវាបណ្ដាលមកពីកាយសម្បទារបស់ខ្លួន សុខភាព ហើយនឹងទម្ងន់ រួមទាំងទម្រង់របស់កូនក្នុងផ្ទៃ ដែលបង្កផលពិបាកដល់ការសម្រាលរបស់ម៉ាក់ៗ។ ចំពោះការសម្រាលកូន គឺខុសគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ មានអ្នកខ្លះឈឺខ្លាំងទៅ អ្នកខ្លះទៀតសម្រាលលឿនមិនសូវឈឺចាប់។
[embed-health-tool-due-date]