ការសម្រាលតាមបែបធម្មជាតិ គឺជាជម្រើសល្អបំផុតក្នុងការផ្ដល់កំណើតដល់កូន។ ប៉ុន្តែមានហេតុផលជាច្រើនធ្វើឲ្យម៉ាក់ៗមិនអាចសម្រាលកូនតាមវិធីធម្មជាតិបាន និងជ្រើសរើសការវះកាត់ ហើយអ្នកខ្លះគិតថា វះកូនលើកទីមួយហើយ កូនក្រោយគង់តែវះ អាចញ៉ាំច្រើនបានតាមចិត្ត។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ពេលមានផ្ទៃពោះមិនថាកូនទីប៉ុន្មានឡើយ ការញ៉ាំត្រូវតែមានតុល្យភាព ដោយមិនឲ្យឡើងទម្ងន់លើស ១៤ គីឡូឡើយ ព្រោះពិបាកក្នុងការសម្រាលមិនថាទាំងធម្មជាតិ ឬវះកាត់ សុទ្ធតែប្រឈមគ្រោះថ្នាក់ដូចគ្នា។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ រូបនោះបន្ថែមទៀតថា បើកូនថ្លោស បញ្ច្រាស ស្របពេលម្ដាយមានស្នាមវះលើស្បូនកូនមុនក្នុងគម្លាតឆាប់ និងទឹកភ្លោះច្រើនលើសលុប ពិតជាផ្ដល់ផលវិបាកពេលដំណើរការវះកាត់។ វេជ្ជបណ្ឌិតរូបនោះក៏បានបន្តទៀតថា ការដែលកូនថ្លោសរហូតដល់ ៤ គីឡូហើយ គឺបណ្ដាលមកពីម៉ាក់ៗញ៉ាំច្រើន ដែលនាំគ្រោះថ្នាក់ចំពោះខ្លួនឯង និងកូន។
លោកបានរៀបរាប់ទៀតថា បើគីឡូឡើងខ្លាំង បូករួមទំហំពោះធំ ស្បែកក៏ក្រាស់ ការវះបើកពោះឡើងវិញអាចស្អិត ហើយកូនថ្លោសទៀត ពិតជាមិនស្រួលទេ និងក្រោយពេលទម្លាក់សុក ស្បូនមិនកន្ត្រាក់ល្អ មានធ្លាក់ឈាម ពិតជាគ្រោះថ្នាក់ដល់ប្រឈមនឹងកាត់ស្បូន ប្រសិនបើប្រើមធ្យោបាយដាក់ថ្នាំ ឬចងក្អោបស្បូន ចងសរសៃឈាមស្បូនគ្មានប្រសិទ្ធិភាព។
ដូចនេះហើយវេជ្ជបណ្ឌិត ណែនាំឲ្យស្រ្តីពពោះទាំងអស់កំណត់របបអាហារឲ្យបានត្រឹមត្រូវ ដោយញ៉ាំសាច់តិច បន្លែផ្លែឈើឲ្យបានច្រើន ញ៉ាំអាហារតិចៗឲ្យបានច្រើនដង ទំពាឲ្យយូរ តែបើនៅឃ្លានអាចញ៉ាំគ្រាប់ធញ្ញជាតិជាអាហារសម្រន់បាន។
ចំពោះរឿងមិនគួរវិញ មានម៉ាក់ខ្លះយល់ថា កូនគង់តែវះកាត់សម្រាលដដែល ដូចនេះហើយចង់ឡើងទម្ងន់លើសខ្លាំង ឬចង់ញ៉ាំអាហារគ្មានតុល្យភាពបានតាមចិត្តចង់ គឺជារឿងខុសហើយ។ អ្នកដែលយល់ខុសបែបនេះ ច្រើននាំឲ្យខ្លួនឯងធាត់ខ្លាំងសម្រាលរួចក៏មិនងាយស្រកទម្ងន់មកវិញ លើសឈាម ទឹកនោមផ្អែម កូនថ្លោស ទឹកភ្លោះច្រើនជាដើម។
[embed-health-tool-due-date]