ស្រីៗសម្រាលកូនដំបូងដោយវះកាត់ ទោះជាមានភាគរយខ្ពស់ក្នុងការសម្រាលកូនទី២ តាមធម្មជាតិបានក៏ពិតមែន តែម៉ាក់ៗក៏នៅតែត្រូវពឹងផ្អែកលើកត្តាទាំងនេះដែរ។ ក្នុងនោះបើតាមការបង្ហោះរបស់ផេក Calmette Hospital បានឲ្យដឹងថា កត្តារាងកាយ និងសភាពថ្នេរចាស់ពិតជាសំខាន់ សម្រាប់វិនិច្ឆ័យ តែម្តាយ និងកូនក៏មានហានិភ័យខ្ពស់ផងដែរ។
តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០% នៃស្ត្រីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកធម្មតា ពោលអាចសម្រាលកូនតាមធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។ កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖
– ប្រវត្តិវះកាត់ពីមុន (វះដោយសារបញ្ហាអ្វី? ផ្ទៃពោះគ្រប់ខែឬទេ? ប្រភេទវះកាត់, ការវិវត្តន៍ជំងឺក្រោយវះកាត់)
-ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (ឧទាហរណ៍ វះកាត់ស្បូន)
-ការវាយតម្លៃទម្ងន់ទារក
-ការវាយតម្លៃទៅលើអាងត្រគាក
-ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូន កម្ពស់ និងទម្ងន់កូន)
-ការចង់បានរបស់អ្នកសម្រាល។
តើស្ត្រីវះកាត់សម្រាលកូនលើកទី១ លើកទី២អាចប្រឈមបញ្ហាអ្វីខ្លះ? ស្ត្រីអាចប្រឈមមុខនឹងការរហែកស្បូន ក្នុងពេលកំពុងពពោះ និងក្នុងពេលឈឺពោះសម្រាល ដែលអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងទារកក្នុងផ្ទៃ (អត្រាស្លាប់ទារកមានប្រហែល ៥.៥% ក្នុងករណីរហែកស្បូន)។
ហេតុអ្វីបានជាស្ត្រីចាំបាច់ត្រូវតាមដានជាមួយក្រុមគ្រូពេទ្យជំនាញ?
– ពេលពពោះ: អត្រានៃការរហែកស្បូនដោយឯកឯង គឺជួបដោយកម្រ និងមានកម្រិតទាប
– ពេលឈឺពោះសម្រាល អត្រានៃការរហែកស្បូនមានខ្ពស់ ដែលតម្រូវឲ្យមានការតាមដានទៅលើ៖
– ការតាមដានចង្វាក់បេះដូងកូន
– ការធ្លាក់ឈាម
– ការឈឺចាប់ត្រង់ថ្នេរវះ
– ការកន្ត្រាក់ស្បូន។
រាល់ការប្រែប្រួលចង្វាក់បេះដូងកូន ញាប់ពេក យឺតពេក ចង្វាក់រាបស្មើ លាយឡំនឹងការធ្លាក់ឈាម។ ការឈឺចាប់ខ្លាំងនៅត្រង់ថ្នេរវះ ការកន្ត្រាក់ស្បូនញាប់ហើយខ្លាំងៗ ឬបាត់ការកន្ត្រាក់ស្បូន គឺជាសញ្ញានៃការត្រៀមនឹងរហែក ឬរហែកស្បូន។ ដូចនេះហើយដំបូន្មានសំខាន់ៗពីគ្រូពេទ្យជំនាញផ្នែកសម្ភព ចំពោះម៉ាក់ៗកំពុងពពោះ មានដូចជា៖
– ស្ត្រីដែលស្បូនធ្លាប់វះកាត់ និងកំពុងតែពពោះ បើសិនជាមានអាការៈឈឺពោះ ត្រូវតែសម្រាកពេទ្យ។
– គប្បីមកពិគ្រោះផ្ទៃពោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិភាក្សាពីការសម្រាលកូនលើកក្រោយ
– ការប្រើប្រាស់ថ្នាំមួយចំនួនត្រូវបានហាមឃាត់ ក្នុងពេលតាមដានការសម្រាល
– ប្រសិនបើស្ត្រី ស្នើសុំធ្វើការវះកាត់ម្ដងទៀត ក្រោយមិនខ្វល់ពីផលរំខាន ដែលប៉ះពាល់ពីគ្រូពេទ្យជំនាញ ការវះកាត់នឹងត្រូវបានធ្វើដោយគ្រូពេទ្យជំនាញ
– ករណីពិសេសមួយចំនួន ការវះកាត់ត្រូវធ្វើដោយចៀសមិនបានដូចជា ស្បូនដែលធ្លាប់ឆ្លងកាត់ការវះកាត់ ២ ដងរួចហើយ កូនបញ្ច្រាស កូនថ្លោស កូនភ្លោះ។
[embed-health-tool-due-date]