ការសម្រាលកូនមិនមែនងាយស្រួលទេ ទោះសម្រាលតាមវិធីណាក៏ដោយក៏ស្ត្រីទាំងអស់តែងតែមានការឈឺចាប់។ មិនថាសម្រាលតាមធម្មជាតិ ឬដោយវះកាត់គឺប្រឈមនឹងផលពិបាកច្រើនដូចគ្នា ជាពិសេសម៉ាក់ៗដែលសម្រាលដោយវះកាត់អាចប្រឈមនឹងបញ្ហាច្រើន។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា បច្ចុប្បន្ននេះ ភាគរយនៃការសម្រាលកូនដោយវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុ ព្រោះធម្មតា ករណីគ្រូពេទ្យសម្រេចចិត្តឲ្យសម្រាលដោយវះកាត់ លុះត្រាតែការសម្រាលបែបធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្ដាយ និងកូន។ ផ្ទុយទៅវិញ ការសម្រាលដោយវះកាត់ផ្ដល់ផលពិបាកច្រើនជាងការសម្រាលដោយធម្មជាតិ ហើយអាចឲ្យម៉ាក់ៗប្រឈមនឹងហានិភ័យមួយចំនួនពេលមានផ្ទៃពោះលើកក្រោយដូចជា៖
– វះកាត់យកកូនសារជាថ្មី
– ធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឫសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោមជាដើម។
អត្ថបទពាក់ព័ន្ធ៖
- កូនទី ១ សម្រាលដោយវះកាត់ ចុះកូនទី ២ ត្រូវប្រើវិធីណា?
- មានបញ្ហាអីខ្លះ ម៉ាក់ៗត្រូវតែសម្រាលកូនដោយវះកាត់?
ក្រៅពីនេះ ការសម្រាលដោយវះកាត់ក៏ផ្ដល់ផលពិបាកច្រើនដែរ នៅពេលដែលកំពុងវះកាត់ និងក្រោយវះកាត់ហើយភ្លាមៗដែរ៖
ផលពិបាកអំឡុងពេលវះកាត់៖
– ផលវិបាកនៃថ្នាំសណ្ដំ
– បាត់បង់ឈាមច្រើនពេលវះកាត់
-ដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ។
ផលពិបាកក្រោយសម្រាលវះកាត់ភ្លាមៗ១០% ទៅ៤២%៖
– បង្ករោគផ្សេងៗ (ដូចជា ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម)
– ហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
– ស្លេកស្លាំង
– ស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួត ធ្វើឲ្យមានវិបត្តិផ្លូវដង្ហើម។
ដោយសារការសម្រាលដោយវះកាត់មានផលប៉ះពាល់ច្រើនបែបនេះទើប មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យស្ត្រីពពោះ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុន ដើម្បីជ្រើសរើសការសម្រាលដែលសមស្រប និងមានសុវត្ថិភាពទាំងម្ដាយ និងកូន ព្រោះក្នុងករណីសម្រាលខ្លះ អាចគំរាមកំហែងដល់ជីវិតស្ត្រីបាន។
អត្ថបទពាក់ព័ន្ធ៖
- អាយុកាន់តែច្រើន សម្រាលកូនដោយវះកាត់ កាន់តែជួបហានិភ័យខ្ពស់
- គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់
- តិចនិក និងលក្ខខណ្ឌជួយឲ្យឈឺពោះសម្រាលកូនបានលឿន ម៉ាក់ៗត្រូវដឹង
- កំពុងពពោះ បើចៀសបានកុំញ៉ាំផ្លែឈើ ៤ ប្រភេទនេះអី
- ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]