ទឹកនោមផ្អែមពេលពពោះ ជាជំងឺទឹកនោមផ្អែមដែលកើតមានលើស្ត្រីមានផ្ទៃពោះ ភាគច្រើនជំងឺនេះកើតឡើងនៅត្រីមាសទី៣ នៃការពពោះ ហើយអាចបាត់ទៅវិញក្រោយពេលសម្រាលកូន។ ក្នុងករណីដែលម្តាយមានជំងឺទឹកនោមផ្អែមពេលពពោះ ចុះកូនដែលកើតមកអាចឆ្លងជំងឺនេះអត់?
សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម បកស្រាយថា កូនកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម មិនឆ្លងនោះទេ។ លោកបានបន្តថា កាលណាយើងនិយាយពីជំងឺឆ្លង ជាជំងឺបង្កឡើងដោយមេរោគ តែជំងឺទឹកនោមផ្អែមមិនបង្កឡើងដោយមេរោគនោះទេ តែវាអាចតពូជ មានន័យថា ម្តាយឪពុកកើតជំងឺនោមផ្អែម នោះកូនអាចកើតជំងឺទឹកនោមផ្អែមដែរ។
ទោះយ៉ាងណាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះថា មិនមែន១០០% នៃជីដូនជីតា ម្តាយឪពុកដែលមានជំងឺទឹកនោម កូនឬចៅកើតមកមានជំងឺទឹកនោមផ្អែមទាំងអស់នោះទេ។ ក្រៅពីកត្តាតំណពូជ ជំងឺទឹកនោមផ្អែមប្រភេទ២ មានកត្តាប្រឈមផ្សេងទៀត ដូចជា ធាត់លើសទម្ងន់ កត្តាអាយុ (អាយុលើសពី៤០ឆ្នាំ) និងកត្តាចំណីអាហារជាដើម។
ហេតុអីពេលមានផ្ទៃពោះ ស្រីៗអាចកើតជំងឺទឹកនោមផ្អែម? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង សេរី បានពន្យល់ថា ពេលមានផ្ទៃពោះអ័រម៉ូនមនុស្សស្រីចេញច្រើន ធ្វើឲ្យអាំងស៊ុយលីនក្នុងខ្លួនកាន់តែបាត់បង់ប្រសិទ្ធភាព កម្រិតជាតិស្ករកាន់តែកើនឡើង ធ្វើឲ្យមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែក្រោយពេលសម្រាលកូនរួច អ័រម៉ូនមួយចំនួនចាប់ផ្តើមថយចុះ ដូច្នេះកម្រិតជាតិស្ករក៏ចុះដែរ រាងកាយស្ត្រីនឹងវិលត្រលប់មកធម្មតាវិញ។
ទោះយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតថា ថ្ងៃណាមួយ ឬប៉ុន្មានឆ្នាំក្រោយមក ទាំងម៉ាក់ៗ និងទារក ក៏ប្រឈមហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដូចគ្នា។ “ក្នុងករណីគាត់ដឹង គ្រូពេទ្យប្រាប់គាត់ គាត់អាចមានវិធានការការពារបាន អាចពន្យារបាន ឧទាហរណ៍ថា ត្រូវ២ឆ្នាំខាងមុខកើត អាចពន្យារដល់១០ឆ្នាំក្រោយបានកើតជំងឺទឹកនោមផ្អែម ឬអាចអត់កើតតែម្តង’ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតរៀបរាប់។
អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កូនដែលកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែមថ្លោសខ្លាំង ៣,៥ គីឡូក្រាមឡើងទៅ មិនអាចសម្រាលតាមធម្មជាតិបាននោះទេ ទាល់តែសម្រាលដោយវះកាត់។ “ជួនកាល ២៤ ម៉ោង ក្រោយសម្រាល អាចស្លាប់ ដោយជាតិស្ករចុះទាបខ្លាំង ព្រោះនៅក្នុងពោះម្តាយ ទារកធ្លាប់មានកម្រិតជាតិស្ករច្រើន ពេលសម្រាលចេញពីផ្ទៃម្តាយដាច់ជាតិស្ករ ឯការបង្កើតស្ករខ្លួនឯងមិនទាន់គ្រប់គ្រាន់ ធ្វើឲ្យកូនសន្លប់ ឬស្លាប់។ អ៊ីចឹងពេទ្យត្រូវតាមដានជាតិស្ករកូន ក្នុងរយៈពេល២៤ ម៉ោង ឬ៤៨ម៉ោង’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]