ជីរខិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង (Parsley) មិនត្រឹមតែអាចលម្អ និងបន្ថែមក្លិនឈ្ងុយដល់ម្ហូបទេ ថែមទាំងផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើងទៀតផង។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ជីរខិនឆាយសម្បូរទៅដោយ កាល់ស្យូម ប៉ូតាស្យូម វីតាមីន C ហ្វូលេត វីតាមីន A វីតាមីន K និងសារធាតុចិញ្ចឹមជាច្រើនទៀត។ តើជីរខិនឆាយផ្តល់គុណប្រយោជន៍ដល់សុខភាពរបស់យើងដូចម្តេចខ្លះ?
ខាងក្រោមនេះជាអត្ថប្រយោជន៍ជីរខិនឆាយ៖
១. ពង្រឹងសុខភាពឆ្អឹង៖ ជីរខិនឆាយសម្បូរទៅដោយកាល់ស្យូម វីតាមីន D និងវីតាមីន K ដែលល្អចំពោះសុខភាពឆ្អឹង។
២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដ៏ច្រើននៅក្នុងជីរខិនឆាយជួយជំរុញការផលិតកោសិកាឈាមសដែលជាអង់ទីករការពាររាងកាយ។ វីតាមីន C ក៏ដើរតួជាអង់ទីអុកស៊ីដង់ប្រឆាំងផលប៉ះពាល់ពីរ៉ាឌីកាល់សេរីលើរាងកាយរបស់យើងដែរ។
៣. ជួយឱ្យស្បែកស្អាត៖ វីតាមីន C ក្នុងជីរខិនឆាយគឺជាសមាសធាតុសំខាន់ក្នុងការផលិតកូឡេជេន។ កូឡេជេនធ្វើឱ្យស្បែកមានភាពយឺត ពន្យារភាពចាស់ និងភាពជ្រីវជ្រួញ។
៤. ប្រឆាំងនឹងការរលាក៖ ជីរខិនឆាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាវីតាមីន C, A និង E ដែលអាចជួយបំបាត់ការរលាក។ វេជ្ជបណ្ឌិត Brunilda Nazario បានលើកឡើងថា “ ជីរខិនឆាយអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់” ។
៥. ការពារជំងឺបេះដូង៖ ជីរខិនឆាយមានផ្ទុកសារជាតិហ្វូឡាតដែលជាវីតាមីន B ដ៏សំខាន់ក្នុងការការពារបញ្ហាបេះដូង លោកស្រី Carolina Guízar អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថា “ ជាតិហ្វូឡាតជួយរក្សាកម្រិតអាស៊ីដអាមីណូ homocysteine នៅក្នុងរាងកាយដែលជាសមាសធាតុដែលអាចបំផ្លាញសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង”។
៦. ជួយការពារភ្នែក៖ វីតាមីន A នៅក្នុងជីរខិនឆាយជួយការពារកុំឱ្យភ្នែកស្ងួត ខ្វាក់មាន់ និងភ្នែកឡើងបាយ។
៧. កាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម៖ យោងតាមការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Ethnopharmacalogy បានឱ្យដឹងថា ជីរខិនឆាយជាសារធាតុបញ្ចុះទឹកនោម។ មានន័យថាវាអាចជំរុញដល់ការបត់ជើងតូចដែលអាចសម្អាតប្លោកនោម និងតម្រងនោម និងការពារការមានក្រួសក្នុងតម្រងនោម។ សារធាតុបញ្ចុះទឹកនោមអាចជួយរាងកាយក្នុងការកំចាត់ជាតិពុល ខ្លាញ់ អំបិល និង ទឹកយ៉ាងឆាប់រហ័ស និងកាត់បន្ថយសម្ពាធលើតម្រងនោម។
ជីរខិនឆាយក៏មានផលប៉ះពាល់មួយចំនួនដែរ៖
- ខិនឆាយគឺជាសារធាតុបញ្ចុះទឹកនោមធម្មជាតិ ការញុំាជីរខិនឆាយច្រើនរួមជាមួយថ្នាំបញ្ចុះទឹកនោមអាចបណ្តាលឱ្យរាងកាយបាត់បង់ជាតិទឹកច្រើនដែលអាចធ្វើឱ្យយើងវិលមុខ ឬធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះទាបខ្លាំង។
- ដោយសារតែជីរខិនឆាយមានផ្ទុកវីតាមីន K ច្រើនដែលជួយឱ្យឈាមឆាប់កក អ្នកដែលញុំាថ្នាំធ្វើឱ្យឈាមរាវ គួរចៀសវាងញុំាជីរខិនឆាយច្រើន។
- មនុស្សមួយចំនួនអាចអាលែកហ្ស៊ីជាមួយជីរខិនឆាយ។
[embed-health-tool-bmr]