backup og meta

អាហារថាមពលប្រភេទណា ល្អចំពោះសុខភាពយើង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 31, 2021

    អាហារថាមពលប្រភេទណា ល្អចំពោះសុខភាពយើង?

    កាបូអ៊ីដ្រាត (អាហារថាមពល) គឺជាក្រុមអាហារដ៏សំខាន់ ១ ក្នុងចំណោមក្រុម​អាហារទាំង ៣ (កាបូអ៊ីដ្រាត​ ខ្លាញ់ ប្រូតេអ៊ីន) ដែលរាងកាយរបស់យើង​​ត្រូវការប្រចាំថ្ងៃ។ ប្រព័ន្ធរំលាយ​អាហារ​បំបែក​កាបូអ៊ីដ្រាតទៅជា​គ្លុយកូស​ ឬជាតិស្ករ បន្ទាប់មកចរន្តឈាមស្រូបយកជាតិគ្លុយកូស ហើយ​ប្រើ​វាជាថាមពលសម្រាប់រាងកាយ។ កាបូអ៊ីដ្រាតគឺជាជាតិស្ករ  ម្សៅ និង ជាតិសរសៃ​ដែលមាន​នៅ​ក្នុងគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលទឹក​ដោះ​។ កាបូអ៊ីដ្រាតមាន ២ ប្រភេទគឺកាបូអ៊ីដ្រាតល្អ​​ និងកាបូអ៊ី​ដ្រាត​​​​ធម្មតា។ តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប្រភេទណា​ទើប​​ល្អចំពោះសុខភាព?

    គណនា BMR

    យោងតាមវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) បានឱ្យដឹងថា ភាព​ខុសគ្នារវាង​កាបូអ៊ីដ្រាត​ល្អ និងកាបូអ៊ីដ្រាតធម្មតា ឬអាក្រក់ គឺល្បឿនរំលាយអាហាររបស់ពួកវា។  កាបូអ៊ីដ្រាត​ទាំងអស់សុទ្ធតែជាប្រភពផ្តល់ថាមពល តែកាបូអ៊ីដ្រាត​សាមញ្ញផ្តល់ថាមពល​ដល់រាងកាយ​លឿន​​​ជាង​កាបូអ៊ីដ្រាតល្អ ដោយសារតែពួកវាត្រូវបានរំលាយ និងស្រូប​​ដោយរាងកាយ​លឿនជាង​កាបូអ៊ីដ្រាតល្អ។ ជាលទ្ធផលកាបូអ៊ី​ដ្រាត​សាមញ្ញបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម តែ​កម្រិត​ជាតិស្ករនោះក៏ធ្លាក់ចុះលឿនដែរ រីឯកាបូអ៊ីដ្រាតល្អ​មិនសូវធ្វើឱ្យជាតិស្ករក្នុងឈាម​ឡើង​ទេ និងធ្វើឱ្យឆ្អែតបានយូរ។

    ១. កាបូអ៊ីដ្រាតល្អ (Complex carbohydrate) ៖ ពួកវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និង​ជាតិសរសៃដែល​មាន​នៅក្នុងអាហារដែលមានជាតិម្សៅដូចជា៖

  • ពពួកសណ្តែក៖ សណ្តែកខ្មៅ សណ្តែកហោឡាំតាវ សណ្តែកបាយ…
  • ផ្លែឈើ៖ ចេក ផ្លែប៉ោម ស្វាយ ត្រសក់ស្រូវ ផ្លែប៉ែស…
  • គ្រាប់ផ្លែឈើ៖ គ្រាប់អាល់ម៉ុង សណ្តែកដី គ្រាប់ល្ពៅ …
  • គ្រាប់ធញ្ញជាតិ៖ អង្ករសម្រូប ស្រូវអូត ស្រូវសាលី…
  • បន្លែ៖ ពោត ប្រូខូលី ល្ពៅ ដំឡូង…
  • ២. កាបូអ៊ីដ្រាតអាក្រក់៖ ជាជាតិស្ករ។ ជាតិស្ករមាន ២ ប្រភេទគឺ៖

    • ជាតិស្ករពីធម្មជាតិ៖ ជាស្ករដែលមាននៅក្នុងទឹកដោះ និងផ្លែឈើស្រស់។ ថ្វីត្បិតតែពួកវាមាន​ជាតិ​ស្ករ ពួកវាក៏ផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលល្អចំពោះសុខភាព។
    • ជាតិស្ករកែច្នៃ៖ ជាស្ករដែលមាននៅក្នុងអាហារកែច្នៃដូចជា បង្អែម នំ ស្ករគ្រាប់ ការ៉េម ទឹកស៊ីរ៉ូ និងផ្លែឈើ ទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុងជាដើម។ អាហារទាំងនេះត្រូវបានកែច្នៃ និងធ្វើពីស្ករចម្រាញ់ និងមិនមានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃទេ។ ពួកវាត្រូវបានហៅថា “កាឡូរីទទេ” និងធ្វើឱ្យ​ឡើង​ទម្ងន់ និងបង្កឱ្យមានជំងឺជាច្រើន។

    អាហារថាមពលប្រភេទណាដែលយើងគួរញុំា

    តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប៉ុន្មានក្នុង ១ ថ្ងៃ?

    វិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) ណែនាំឱ្យញុំាកាបូអ៊ីដ្រាត (អាហារថាមពល) ៤៥%-៦៥% នៃកាឡូរីប្រចាំថ្ងៃដែលស្មើនឹង ២០០ ទៅ ៣០០ ក្រាមក្នុង ១ ថ្ងៃ។ ទោះបីជាយ៉ាងណា​ក៏ដោយ​អ្នកជំងឺទឹកនោមផ្អែមមិនគួរញុំាកាបូអ៊ីដ្រាតលើសពី ២០០ ក្រាមក្នុង ១ ថ្ងៃទេ។

    បរិមាណកាបូអ៊ីដ្រាតដែលញុំាប្រចាំថ្ងៃប៉ះពាល់ដល់ជាតិស្ករក្នុងឈាមរបស់យើង។ ការញុំា​កាបូអ៊ីដ្រាត​​ច្រើនអាចបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម។ ជាតិស្ករក្នុងឈាមខ្ពស់ (លើសជាតិ​ស្ករ​ក្នុងឈាម) អាចធ្វើឱ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញ​បើយើងញុំា​កាបូអ៊ីដ្រាត​មិន​គ្រប់​គ្រាន់ វាធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ (ជាតិស្ករក្នុងឈាមទាប)។ យ៉ាងណាមិញ​យើងគួរ​ជ្រើសរើស​ញុំាកាបូអ៊ីដ្រាតល្អ និងចៀសវាង ឬកាត់បន្ថយ​កាបូអ៊ីដ្រាត​អាក្រក់ដែល​មានក្នុងអាហារ​កែ​ច្នៃព្រោះពួកវាក៏អាចធ្វើឱ្យឡើងទម្ងន់ បង្កើនកម្រិតកូឡេស្តេរ៉ុល និងបង្កើនហានិភ័យ​កើត​ជំងឺ​បេះដូង​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម