ការញ៉ាំស្ករច្រើនពេកអាចផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពដូចជាបង្កើនហានិភ័យជំងឺធាត់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺមហារីក។ តាមការណែនាំរបស់សមាគមជំងឺបេះដូងសហរដ្ឋអាមេរិក សម្រាប់ស្ត្រីគួរកំណត់ជាតិស្ករត្រឹមតែ៦ស្លាបព្រាកាហ្វេ (២៥ក្រាម) ក្នុងមួយថ្ងៃ និងសម្រាប់បុរសគឺ៩ស្លាបព្រាកាហ្វេ (៣៧,៥ក្រាម)ក្នុងមួយថ្ងៃ។ ក្នុងអត្ថបទនេះនឹងបង្ហាញពីអាហារមួយចំនួនដែលមានជាតិស្ករខ្ពស់។
១. យ៉ាអួជាតិខ្លាញ់ទាប (Low fat yogurt)
យ៉ាអួមានសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែមិនមែនគ្រប់យ៉ាអួគឺបែបនេះទេ។ យ៉ាអួមានជាតិខ្លាញ់ទាបគឺមានបន្ថែមជាតិស្ករដើម្បីធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់។ យ៉ាអួមានជាតិខ្លាញ់ទាបមួយពែង (២៤៥ ក្រាម)ផ្ទុកជាតិស្ករជាង៤៥ក្រាមដែលស្មើនឹង ១១ ស្លាបព្រាកាហ្វេ។ យកល្អយើងគួរញ៉ាំយ៉ាអួធម្មតា ឬយ៉ាអួក្រិច (Greek yogurt)។
២. ទឹកប៉េងប៉ោះ (ketchup)
ទឹកប៉េងប៉ោះសម្បូរដោយជាតិស្ករ។ ទឹកប៉េងប៉ោះមួយស្លាបព្រាបាយផ្ទុកជាតិស្ករជិតមួយស្លាបព្រាកាហ្វេ។ ដូចនេះយើងគួរប្រយ័ត្នទៅលើកម្រិតទឹកប៉េងប៉ោះដែលយើងញ៉ាំ។
៣. ទឹកផ្លែឈើ
ដូចផ្លែឈើស្រស់ដែរ ទឹកផ្លែឈើក៏មានវីតាមីន និងជាតិរ៉ែ។ ប៉ុន្តែវីតាមីន និងជាតិរ៉ែដែលបានមកពីទឹកផ្លែឈើគឺមានជាតិស្ករច្រើន និងមានជាតិសរសៃតិច។ យើងត្រូវប្រើផ្លែឈើស្រស់ច្រើនដើម្បីទទួលបានទឹកផ្លែឈើមួយកែវ ដូចនេះហើយទើបទឹកផ្លែឈើមានជាតិស្ករច្រើនជាងផ្លែឈើស្រស់។ ជម្រើសដែលល្អគឺញ៉ាំផ្លែឈើស្រស់ដើម្បីកំណត់កម្រិតជាតិស្ករ។
៤. ភេសជ្ជៈកីឡា
ភេសជ្ជៈកីឡាតែងត្រូវយល់ច្រឡំថាជាជម្រើសដែលល្អសម្រាប់អ្នកហាត់ប្រាណ។ តាមពិតទៅ ពពួកភេសជ្ជៈកីឡាគឺសម្រាប់បំពេញជាតិទឹក និងជួយដល់កីឡាករឲ្យហាត់បានយូរជាងមុន។ មូលហេតុនេះហើយទើបភេសជ្ជៈកីឡាមានផ្ទុកជាតិស្ករបន្ថែមច្រើនដែលអាចឲ្យរាងកាយស្រូបយកលឿន និងប្រើសម្រាប់បង្កើនថាមពល។ ភេសជ្ជៈកីឡា ៥៩១ មិល្លីលីត្រអាចផ្ទុកជាតិស្ករដល់ទៅ ៣៧,៩ ក្រាម និង ១៩៨ កាឡូរីដែលនេះស្មើនឹងស្ករ ៩,៥ស្លាបព្រាកាហ្វេ។
៥. ទឹកដោះគោសូកូឡា
ទឹកដោះគោសូកូឡាគឺជាទឹកដោះគោដែលបន្ថែមរសជាតិកាកាវ និងស្ករ។ ទឹកដោះគោធម្មតាគឺជាភេសជ្ជៈសម្បូរដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពឆ្អឹង។ ប៉ុន្តែសម្រាប់ទឹកដោះគោសូកូឡាមួយកែវ (២៣០ មិល្លីលីត្រ) គឺមានជាតិស្ករបន្ថែម១១,៤ ក្រាម (២,៩ ស្លាបព្រាកាហ្វេ)។
៦. ផ្លែឈើកំប៉ុង
ផ្លែឈើកំប៉ុងគឺត្រូវបានគេបកសំបក និងរក្សាទុកក្នុងទឹកស្ករដែលដំណើរការនេះធ្វើឲ្យបាត់បង់ជាតិសរសៃ និងបន្ថែមជាតិស្ករកាន់តែច្រើន។ ម៉្យាងទៀតដំណើរការនេះក៏បានបំផ្លាញវីតាមីន C ដែរ។ ដូចនេះជម្រើសល្អគឺញ៉ាំផ្លែឈើស្រស់ ឬជ្រើសរើសផ្លែឈើកំប៉ុងណាដែលប្រើទឹកផ្លែឈើជំនួសទឹកស្ករព្រោះទឹកផ្លែឈើមានជាតិស្ករតិចជាង។
៧. ទឹកជ្រលក់បាប៊ីឃ្យូ (Barbecue sauce)
ទឹកជ្រលក់បាប៊ីឃ្យូគឺជួយបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់។ ប៉ុន្តែទឹកជ្រលក់បាប៊ីឃ្យូ២ស្លាបព្រាបាយអាចផ្ទុកជាតិស្ករប្រហែល៩ក្រាម (២ ស្លាបព្រាកាហ្វេ) ។
[embed-health-tool-bmr]