ពេលយើងចេះជ្រើសរើសចំណីអាហារញ៉ាំរាល់ថ្ងៃ ពិតជាមានផលល្អចំពោះសុខភាព។ ផ្ទុយទៅវិញនៅពេលញ៉ាំអាហារមិនដឹងប្រភព និងពាសវាលពាសកាល នាំគ្រោះថ្នាក់ដល់សុខភាពទាំងបច្ចុប្បន្ន និងអនាគត។ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងពីប្រភេទអាហារដែលនាំឲ្យកើតជំងឺមហារីក ប្រសិនបើយើងញ៉ាំច្រើនជ្រុល៖
១- មី
មិនថាមីកញ្ចប់ កំប៉ុង និងប្រអប់ឡើយ សុទ្ធតែមិនល្អ ដោយសារតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ។ Wax មានរូបរាងដូចក្រមួន ហើយវាមិនបង្កគ្រោះថ្នាក់ទៅជាពុលអ្វីនោះទេ គ្រាន់តែពេលជ្រាបចូលទៅក្នុងខ្លួនយើង នាំពិបាករំលាយ ហើយរយៈពេល ២ ថ្ងៃទើបសារធាតុនេះអស់ពីក្នុងខ្លួន។ នៅពេលយើងញ៉ាំមីរាល់ថ្ងៃសារធាតុ Wax នោះក៏កាន់តែមានច្រើនឡើងក្នុងខ្លួនយើង នាំឲ្យធ្វើឲ្យក្រពះពោះវៀនទៅជាស្អិត ពិបាកក្នុងការរំលាយអាហារ ពោះវៀនធ្វើចលនាមិនបានល្អ និងអាចឲ្យស្ទះ ឬចុកពោះវៀន។ នៅពេលពោះវៀនដំណើរការមិនល្អ យូរៗទៅអាចបង្កជាជំងឺរលាកពោះវៀន ហើយរលាកពោះវៀនរ៉ាំរ៉ៃអាចបង្កទៅជាជំងឺមហារីក។
២- អាហារខ្លោច
ចំណីអាហារ Fast food ដែលយើងចូលចិត្តញ៉ាំ ដូចជាសាច់អាំងភាគច្រើនគឺជាពពួកសាច់ចង្កាក់ ឬមីឆា លតឆា ឬនំគូឆាយជាដើម ដែលអាហារទាំងនោះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។ អាហារទាំងនោះ ភាគច្រើនជាប់កម្ទេចខ្លោចៗបណ្ដាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពខ្លាំង ហើយក៏ជាកត្តាធំមួយដែលបង្កជំងឺមហារីក និងជំងឺច្រើនមុខទៀតទៅថ្ងៃមុខ។ បើពពួកមី លតឆាវិញគ្រោះថ្នាក់ ព្រោះឧបករណ៍ចម្អិនមិនបានលាងសម្អាត ពោលគឺទាល់តែឈប់លក់បានសម្អាត ហើយកម្ទេចកំទីជាប់ បូករួមភ្លើងខ្លាំងទៀតធ្វើឲ្យខ្ទះដែលឆាដដែលៗបញ្ចេញជាតិកាបូន និងសារធាតុគីមីម្យ៉ាងដែលចេញពីអាហារខ្លោចហៅថា (Acrylamide) ដែលជាសារធាតុបង្កឲ្យកើតមហារីក។
៣- អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើន ផ្ទុកសារធាតុរក្សាទុកបានយូរ និងគ្រឿងផ្សំមិនល្អ ជាពិសេសមានរសជាតិប្រៃ ដែលអាចនាំឲ្យលើសសម្ពាធឈាម និងប្រឈមមុខជំងឺទឹកនោមផ្អែម។ រាងកាយយើងពិបាកក្នុងការកិនរំលាយអាហារកំប៉ុងខ្លាំងណាស់ ដូចនេះយូរៗទៅបង្កទៅជាជំងឺក្រពះ-ពោះវៀនរ៉ាំរ៉ៃ ហើយអាការៈរ៉ាំរ៉ៃទាំងនោះហានិភ័យបង្កទៅជាមហារីក។
៤- អាហារឆៅ
ប្រសិនបើមិនបានឆ្លងកាត់ការចម្អិន អាហារប្រាកដជាផ្ទុកបាក់តេរី និងមេរោគមួយចំនួន ដូចនេះទាល់តែប្រើកម្ដៅទើបអាចសម្លាប់បាន។ ស៊ុតជ័រព្នៅ សាច់គោជាប់ឈាម ត្រីសមុទ្រឆៅ ឬគ្រឿងសមុទ្រមួយចំនួន ជាអាហារដែលមនុស្សទូទៅចូលចិត្តញ៉ាំបំផុត ប៉ុន្តែអាហារទាំងនោះក៏ សុទ្ធតែជាភ្នាក់ងារចម្លងបាក់តេរី អាចបង្កបញ្ហាសុខភាពជាច្រើនដែរ។
៥- អាហារប្រើខ្លាញ់ដដែល
ខ្លាញ់ដែលសេសសល់ពីចៀន បំពង យកទៅធ្វើអាហារទៀត ហើយបើនៅសេសសល់បន្តទៀត ក៏បន្តទុកទៅថ្ងៃក្រោយ ព្រោះគិតថាធ្វើបែបនេះចំណេញ។ តែជាតិប្រេងចាស់ បូករួមនឹងកម្ទេចកំទីសាច់ អាចប្រតិកម្មជាមួយខ្ទះ ឬឆ្នាំងដែកយប់ថ្ងៃៗ នឹងបង្កទៅជាសារធាតុពុល ដែលធ្វើឲ្យយើងបរិភោគទៅ កើតជាជំងឺផ្សេងៗ ដូចជាមហារីកពោះវៀន មហារីកថ្លើម និងបញ្ហាប្រព័ន្ធរំលាយអាហារ។ មិនតែប៉ុណ្ណោះប្រេងពុះច្រើនម៉ោង និងច្រើនសាចុះឡើងៗ ធ្វើឲ្យកើនបរិមាណជាតិខ្លាញ់បំប្លែង (trans) ហើយពេលញ៉ាំយូរៗទៅ នាំឲ្យមានជំងឺបេះដូង ដូចជាស្ទះសរសៃឈាមបេះដូង ខ្លាញ់រុំបេះដូងជាដើម។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបន្ថែមទៀតថា បើគិតគូរពីសុខភាពមែនត្រូវចម្អិនអាហារដោយខ្លួនឯង ទើបមិនសូវប្រឈមមុខនឹងជំងឺកាចសាហាវ ព្រោះយើងលាងសម្អាតបានល្អ និងជ្រើសរើសរបស់ស្រស់ ព្រមទាំងគ្រឿងផ្សំមានគុណភាព មិនហួសកាលបរិច្ឆេទ។
[embed-health-tool-bmr]