បញ្ហាឈឺឆ្អឹងថ្គាម ឬជាប់ថ្គាមៗ ជាបញ្ហាឧស្សាហ៍កើតមានបំផុត ពិសេសពេលក្តៅក្នុង ហើមថ្គាម សូម្បីតែស្ត្រេសខ្លាំង ក៏អាចធ្វើឲ្យមានបញ្ហានេះដែរ ធ្វើឲ្យពិបាកញ៉ាំអាហារ ពិបាកសូម្បីតែនិយាយស្តី និងបញ្ហាមួយចំនួនទៀត។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារមួយចំនួន យើងគួរញ៉ាំ និងមិនគួរញ៉ាំនៅអំឡុងពេលនេះ។
១- អ្វីជាបញ្ហាឆ្អឹងថ្គាម?
បញ្ហាឆ្អឹងថ្គាម សំដៅលើអាការៈឈឺ ឬជាប់ឆ្អឹងថ្គាម ជាភាសាបច្ចេកទេស Temporomandibular joint ឬ (TMJ, TMD) ខណៈរោគសញ្ញាអាចមានខុសៗគ្នា ហើយអាចប៉ះពាល់ដល់ថ្គាម និងមាត់។
រោគសញ្ញាទូទៅនៃបញ្ហាឆ្អឹងថ្គាម (TMD) រួមមាន សង្កៀតធ្មេញ (Clenching Teeth) ឈឺថ្គាមញឹកញាប់ខុសធម្មតា ឈឺក្បាល ពិបាកធ្វើចលនាបើកបិទមាត់ ហើយពេលខ្លះក៏អាច ឮសំឡេងនៅពេលទំពា ឬហ៊ឹងត្រចៀកផងដែរ។ បើគិតថាយើងកំពុងមានបញ្ហានេះ ល្អបំផុតគួរត្រួតពិនិត្យទម្លាប់ការញ៉ាំអាហារឡើងវិញ។
ដោយការញ៉ាំអាហារទន់ៗ បានកាត់តូចៗរួចស្រេច អាចជួយយើងកាត់បន្ថយកម្លាំងសង្កត់លើសន្លាក់ ដែលមាននាទីធ្វើឲ្យថ្គាមបើក និងបិទ ជួយធ្វើឲ្យសន្លាក់ អាចសម្រាកបានពេលកាន់តែច្រើន។ មានអាហារជីវជាតិជាច្រើន អាចសាកល្បងញ៉ាំ ដើម្បីចៀសវាង ឬកាត់បន្ថយរោគសញ្ញាបញ្ហាឆ្អឹងថ្គាមនេះ។
២- អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលមានបញ្ហាឆ្អឹងថ្គាម
– អាហារគួរញ៉ាំពេលមានបញ្ហាឆ្អឹងថ្គាម៖ ខាងក្រោមនេះ ជាប្រភេទអាហារទន់ៗ ជួយយើងថែរក្សាឆ្អឹងថ្គាម កុំឲ្យបើកធំពេក ដែលជាហេតុធ្វើឲ្យថ្គាមរងសម្ពាធខ្លាំង។ សូមសាកល្បងញ៉ាំអាហារទាំងនេះ ដើម្បីកម្រិតសម្ពាធទៅលើឆ្អឹងថ្គាម មាត់ និងធ្មេញ ដូចជា៖
- យ៉ាអួ
- បន្លែចំហុយ
- ទឹកផ្លែឈើច្របាច់ (ធ្វើខ្លួនឯង)
- ផ្លែឈើទន់ៗ ដូចជា ផ្លែបើរី ចេក ស្ត្រប៊ើរី ឈើរី
- សណ្ដែក
- ស៊ុប
- ពងចៀន
- ដំឡូងកិន។
– អាហារគួរចៀសវាងពេលមានបញ្ហាឆ្អឹងថ្គាម៖ គួរចៀសកុំញ៉ាំអាហារដែលពិបាកទំពា ឬអាហារបង្ខំឲ្យឆ្អឹងថ្គាមធ្វើការខ្លាំង ហើយអាហារខាងគួរតែចៀសវាង ពេលមានបញ្ហាឆ្អឹងថ្គាម មានដូចជា៖
– នំប៉័ងស្រួយ
– ស្រូវសាលីស្រួយៗ
– សាច់រឹង ដូចជា ស្ទេកសាច់គោ ជាដើម
– អាហារស្រួយ ឬស្អិត រួមមាន ការ៉ាមែលផ្លែប៉ោម (Caramel Apples) និងស្ករកៅស៊ូ (Chewy Candy)
– អាហារស្រួយ និងរឹង ដូចជា ការ៉ុត និងផ្លែប៉ោម។
បន្ថែមពីលើនេះ ត្រូវចាំថាស្ករកៅស៊ូ គឺហាមមិនឲ្យញ៉ាំដាច់ខាត ព្រោះចលនាទំពាញឹកញាប់ អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ជាការណែនាំ មិនគួរញ៉ាំ ជាតិកាហ្វេអ៊ីន ស្រា ស្ករ ដោយសារសារធាតុទាំងនេះ អាចធ្វើឲ្យសាច់ដុំនៅថ្គាម កើនសម្ពាធ និងធ្វើការខ្លាំងជាងមុន ហើយប្រើសារធាតុទាំងនេះ នឹងធ្វើឲ្យខូចធ្មេញនៅពេលទំពា ឬពេលសង្កៀតធ្មេញ ដែលធ្វើឲ្យបញ្ហាឆ្អឹងថ្គាមកាន់តែឈឺចាប់។ ហើយក៏គួរចៀសវាង កុំបៀមស្ករគ្រាប់ដូចគ្នា។
៣- មូលហេតុផ្សេងទៀត និងវិធីដោះស្រាយពេលមានបញ្ហាឆ្អឹងថ្គាម
ការស្រាវជ្រាវបង្ហាញថា មានកត្តាជាច្រើនទៀតអាចនាំឲ្យមានបញ្ហាឆ្អឹងថ្គាម រួមទាំងបញ្ហាស្ត្រេស ផងដែរ។ នៅពេលស្ត្រេសខ្លាំង គ្នាយើងខ្លះអាចនឹងខាំសង្កៀតធ្មេញខ្លួនឯង ហើយខ្លាំងៗទៀតផង។ បើមានបញ្ហាបែបនេះ ត្រូវតែធ្វើយ៉ាងម៉េចសម្រួលអារម្មណ៍ខ្លួនឯង ធ្វើសកម្មភាពមួយៗ អាចជួយបន្ថយកម្រិតស្ត្រេសធ្លាក់ចុះទាប។
មានវិធីងាយស្រួល តែមានប្រសិទ្ធភាព ដើម្បីបន្ថយស្ត្រេស រួមមាន ម៉ាស្សា ងូតទឹកក្ដៅឧណ្ហៗ ហាត់ប្រាណជាដើម។ យើងក៏អាចការពារ ឬបន្ថយរោគសញ្ញាបញ្ហាឆ្អឹងថ្គាម ដោយនិយាយប្រាប់ទៅមិត្តភក្ដិ ឬគ្រួសារ នៅពេលកំពុងស្ត្រេស។
[embed-health-tool-bmr]