ក្នុងចំណោមក្រុមមិត្តភ័ក្ដិ ឬគ្រួសារ តែងតែមានមនុស្សម្នាក់ដែលយើងឃើញញ៉ាំចំណីចំណុកមិនឈប់ ហើយច្រើនទៀត ប៉ុន្តែមិនឃើញឡើងគីឡូ បែកសាច់បែកឈាមតិចសោះ។ ក្រុមមនុស្សញ៉ាំច្រើនតែមិនឡើងគីឡូ ធ្វើឲ្យគ្នាយើង ពិសេសស្រីៗ ច្រណែនម៉ង ព្រោះបានញ៉ាំឆ្ងាញ់ហើយរាងនៅ slim ទៀត។ ចុះហេតុអីបានគីឡូពួកគេមិនឡើង ទោះញ៉ាំច្រើនប៉ុនណាក៏ដោយ?
មនុស្សមួយចំនួនដែលញ៉ាំច្រើនតែមិនឡើងគីឡូ អាចដោយសាររាងកាយរបស់ពួកគេរំលាយអាហារបានលឿនជាងមនុស្សទូទៅ។ ប៉ុន្តែ ការរំលាយអាហារលឿនមិនមែនជាហេតុផលតែមួយគត់នៅពីក្រោយបញ្ហានេះទេ កត្តាជាច្រើនទៀតដូចជា ហ្សែន អាហារូបត្ថម្ភ និងកត្តាអាកប្បកិរិយា ក៏រួមចំណែកជួយឲ្យយើងស្គម និងរក្សាទម្ងន់ខ្លួនបានដែរ។
កត្តាមួយទៀតដែលអាចជួយឲ្យមនុស្សស្គមមិនឡើងគីឡូ អាចជាកម្រិតនៃសកម្មភាពរាងកាយរបស់ពួកគេក្នុងមួយថ្ងៃ។ នេះមិនមែនមានន័យថា ទាល់តែចំណាយពេលរាប់ម៉ោងក្នុងកន្លែងហាត់ប្រាណទើបរាប់ជាសកម្មភាពរាងកាយទេ សូម្បីតែការដើរច្រើន ធ្វើការច្រើនបែកញើស ក៏ជាសកម្មភាពមួយជួយរក្សាទម្ងន់បានដូចគ្នា។ លើសពីនេះ គ្នាយើងណាធ្វើចលនារាងកាយច្រើន តែងមានហានិភ័យទាបក្នុងការកើតជំងឺបេះដូង ទឹកនោមផ្អែម និងលើសសម្ពាធឈាម។
ផ្ទុយទៅវិញ គ្នាយើងណាញ៉ាំច្រើនតែមិនធាត់កុំអាលសប្បាយចិត្ត។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា អ្នកដែលស្គមមិនឡើងគីឡូក៏អាចមកពីញ៉ាំមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភ និងអាហារគ្មានសារធាតុចិញ្ចឹម។ កាលណាយើងញ៉ាំតែចំណីខ្វះជាតិសាច់ ខ្វះកាឡូរី នោះទើបរាងកាយមិនអាចធំធាត់បាន។ មួយវិញទៀត អ្នកអាចមានជំងឺមួយចំនួនដូចជា៖
- ទឹកនោមផ្អែមកប្រភេទ១ ឬ២
- មានបញ្ហាក្រពេញទីរ៉ូអុីត
- បញ្ហាជំងឺថ្លើម
- ជំងឺតម្រងនោម
- ជំងឺមហារីក
- បញ្ហាព្រូន អៀន តេនញ៉ា
- បញ្ហាជំងឺគ្រាប់ឈាម។
[embed-health-tool-bmi]