ផ្លែឈើ មានផលប្រយោជន៍ច្រើនចំពោះសុខភាព ហើយងាយស្រួលរំលាយទៀតផង ដោយថាប្រព័ន្ធរំលាយអាហាររបស់យើងស្ទើរតែមិនបាច់បំបែកក៏បាន។ ដូចគ្នាយើងដឹងហើយថាផ្លែឈើមានប្រយោជន៍ទៅតាមប្រភេទ ផ្លែឈើខ្លះផ្តល់នូវថាមពល និងខ្លះក៏ជួយដល់សម្រស់ផងដែរ។
ខាងក្រោមជាផ្លែឈើប៉ុន្មានប្រភេទល្អសម្រាប់សម្រស់ និងផ្ដល់ថាមពលសម្រាប់គ្នាយើងញ៉ាំនៅពេលព្រឹក។
១. ផ្លែឈើផ្ដល់ថាមពល
បើគ្នាយើងជាមនុស្សចូលចិត្តហាត់ប្រាណនៅពេលព្រឹក ឬក៏ជាមនុស្សធ្វើការប្រើកម្លាំងច្រើនរាល់ថ្ងៃ គួរកុំរំលងពពួកផ្លែឈើទាំងនេះអី។ ផ្លែចេកទុំ ជួយផ្ដល់ថាមពលដល់រាងកាយយើងបានយ៉ាងឆាប់រហ័ស និងជាជម្រើសដ៏ល្អមុនពេលហាត់ប្រាណ។
ចំណែកផ្លែប៉ោមវិញ មានជាតិសរសៃខ្ពស់ និងជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរ។ សម្រាប់ផ្លែបឺរវិញ ក៏មិនអន់ដែរ ដោយផ្លែនេះមានប្រភេទខ្លាញ់ល្អចំពោះសុខភាព ជួយពន្យឺតការរំលាយអាហារ ហើយក៏ល្អដែរចំពោះអ្នកហាត់ប្រាណ ឬលេងកីឡាផងដែរ ដោយបន្ថែមចូលក្នុងរបបអាហារក្រោយបញ្ចប់សម្មភាពកីឡា ឬហាត់ប្រាណ។
២. ផ្លែឈើសម្រាប់សម្រស់
សម្រាប់គ្នាយើងយកចិត្តទុកដាក់ខ្លាំងនឹងសម្រស់នោះ កុំរំលងការញ៉ាំផ្លែឈើជំនួយសម្រស់ទាំងនេះនៅព្រឹកៗឡើង។
ផ្លែល្ហុងទុំ សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតិចិញ្ចឹមផ្សេងទៀតដើម្បីជួយដល់ការផលិតខូឡាជែន។ ល្ហុងទុំ ក៏មានដែរអង់ហ្ស៊ីមម្យ៉ាងឈ្មោះថា papainដែលជួយទប់ទល់និងការបំផ្លាញស្បែក។
ងាកមកផ្លែប្លែកបឺរីឯណេះវិញ ក៏មិនធម្មតាដែរ ក្រៅពីរសជាតិឆ្ងាញ់ហើយ មានជាតិស្ករទាបទៀតផង។ ក្រៅពីនេះ ផ្លែប្លែកបឺរី មានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនA និងវីតាមីនC ថែមទៀតផង។ ដូចគ្នាដែរ ត្រសក់ផ្អែម ក៏មានប្រយោជន៍ចំពោះសម្រស់ដែរ។ ត្រសក់ផ្អែម មានផ្ទុក beta-carotene ដែលត្រូវបំប្លែកទៅជាវីតាមីន A នៅក្នុងរាងកាយ និងជួយឲ្យស្បែកយើងភ្លឺថ្លា ហើយសក់វិញក៏រឹងមាំ និងភ្លឺរលោង។
ក្រៅតែពីហូបអាហារផ្សេងៗសម្រាប់ពេលព្រឹក គ្នាយើងកុំភ្លេចបន្ថែមផ្លែឈើទាំងនេះចូល ដើម្បីបានទទួលគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព និងសម្រស់។
[embed-health-tool-bmi]