ថ្វីត្បិតតែការញ៉ាំច្រើនជ្រុលម្ដងម្កាលមិនមានផលប៉ះពាល់របស់រាងកាយយើងក៏ពិតមែន ប៉ុន្តែប្រសិនបើគ្នាយើងទម្លាប់ញ៉ាំច្រើនជាប្រចាំ វាអាចប៉ះពាល់ដល់ការឡើងទម្ងន់ ការប្រមូលផ្ដុំជាតិខ្លាញ់ និងកម្រិតជាតិស្ករក្នុងឈាម។ បន្ថែមពីនេះ ហានិភ័យសុខភាពធ្ងន់ធ្ងរនៃការញ៉ាំច្រើនក៏មានជាប់ពាក់ព័ន្ធនឹងការញ៉ាំអាហារមានកាឡូរីខ្ពស់ ដែលអាចបង្កើនផលប៉ះពាល់ដល់សុខភាពយើងទាំងមូល។
ផលប៉ះពាល់ដ៏គ្រោះថ្នាក់បណ្ដាលមកពីការញ៉ាំជ្រុលមានដូចជា៖
១. ការប្រមូលផ្ដុំជាតិខ្លាញ់ច្រើនជ្រុល
ប្រសិនបើយើងញ៉ាំអាហារច្រើនជ្រុលជាញឹកញាប់ វានឹងធ្វើឲ្យដំណើរការរំលាយអាហាររបស់យើងមានភាពយឺតយ៉ាវ ដែលជំរុញឲ្យមានខ្លាញ់លើសនៅក្នុងរាងកាយរបស់យើង។ ជាក់ស្ដែង ការប្រមូលផ្ដុំជាតិខ្លាញ់ច្រើនហួសប្រមាណនៅក្នុងរាងកាយ ក៏ដូចជាទទួលបានសារធាតុចិញ្ចឹមច្រើនជាងអ្វីដែលរាងកាយត្រូវការ នឹងបង្កទៅជាការលើសទម្ងន់ និងធាត់ជ្រុល។
២. អាចបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម
យោងតាមសមាគមជំងឺទឹកនោមផ្អែមអាមេរិក ការលើសទម្ងន់តាមរយៈការញ៉ាំជ្រុលគឺជាកត្តាចម្បងដែលធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទ២។ បញ្ហានេះកើតឡើងដោយសារតែទម្លាប់ញ៉ាំច្រើនជាប្រចាំទៅបញ្ឈប់កោសិកាឈាម ដើម្បីបម្លែងគ្លុយកូសក្នុងឈាមទៅជាថាមពល និងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមពិបាកក្នុងការគ្រប់គ្រង។ ដោយហេតុនេះ ទើបបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។
៣. បង្កើនហានិភ័យសុខភាពសរសៃឈាមបេះដូង
ជាមួយគ្នានេះដែរ ការញ៉ាំច្រើនជ្រុលអាចបង្កើនឱកាសនៃជំងឺបេះដូង និងបញ្ហាសុខភាពដទៃទៀត ពីព្រោះវាអាចបញ្ចេញអ័រម៉ូនស្រ្តេស និងអាចបង្កើនចង្វាក់បេះដូង ក៏ដូចជាសម្ពាធឈាម។ សម្រាប់អ្នកដែលមានជំងឺបេះដូងស្រាប់ ហានិភ័យនៃការកើតមានអាការៈគាំងបេះដូងអាចកើនឡើង៤ដងនៅក្នុងរយៈពេល២ម៉ោង បន្ទាប់ពីញ៉ាំអាហារច្រើន នេះបើយោងតាមការសិក្សាមួយរបស់សមាគមជំងឺទឹកនោមផ្អែមអាមេរិក។
៤. រំខានដល់ប្រព័ន្ធរំលាយអាហារ
បន្ថែមពីនេះ ការញ៉ាំអាហារដែលមិនល្អចំពោះសុខភាពច្រើនជ្រុល ក៏អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ រំលាយអាហារ។ យើងអាចនឹងជួយបញ្ហានៃការរំលាយអាហារមួយចំនួន ដូចជាការចាល់អាស៊ីដ ក្រហាយទ្រូង រោគសញ្ញានៃពោះវៀនលេចធ្លាយ ហើមពោះ និងមានហ្គាស។
៥. ប៉ះពាល់ដល់មុខងារខួរក្បាល
ការញ៉ាំច្រើនជ្រុលក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល ដោយសារតែបរិមាណច្រើននៃអាហារមានកាឡូរីខ្ពស់ អាចបង្កជាបញ្ហាបាត់បង់ការចងចាំ និងថយចុះបញ្ញាស្មារតី។ ទន្ទឹមនឹងនេះដែរ ការញ៉ាំច្រើនជ្រុលក៏អាចរំខានដល់ការផលិតUroguanylin ដែលជាអ័រម៉ូនជួយបញ្ជូនសញ្ញានៃភាពពេញលេញ និងការឆ្អែតទៅកាន់ខួរក្បាលផងដែរ។
តិចនិកបញ្ចៀសការញ៉ាំច្រើនជ្រុល
- យកចិត្តទុកដាក់ចំពោះអាហារដែលយើងកំពុងតែញ៉ាំ
- ញ៉ាំយឺតៗ និងទំពាអាហារឲ្យបានម៉ត់ល្អ
- ញ៉ាំអាហារដែលសំបូរទៅដោយជាតិសរសៃ ដែលអាចជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។
- ញ៉ាំអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចកាត់បន្ថយកម្រិតនៃភាពឃ្លាន។
[embed-health-tool-bmi]