ផ្លែព្រូនសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ដែលរាងកាយរបស់យើងត្រូវការជាចាំបាច់ ហើយការញ៉ាំផ្លែព្រូនត្រឹមតែ៦គ្រាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ ក៏អាចផ្ដល់អត្ថប្រយោជន៍ដ៏ច្រើន ដែលយើងនឹកស្មានមិនដល់។ ដូច្នេះហើយ គ្នាយើងគប្បីបញ្ចូលផ្លែព្រូននៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។
១. ទ្រទ្រង់មុខងារជាច្រើនក្នុងរាងកាយ
ផ្លែព្រូន១០០ក្រាម មានប៉ូតាស្យូមចំនួន៧៣២មិល្លីក្រាម ដែលមានគុណប្រយោជន៍ជួយឲ្យរាងកាយរបស់យើងដំណើរការបានត្រឹមត្រូវ ហើយវាក៏ជួយការពារជំងឺជាច្រើនផងដែរ។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយវាក៏ជួយឲ្យឆ្អឹងរឹងមាំ ជំនួយដល់ការលូតលាស់សាច់ដុំ ព្រមទាំងពង្រឹងមុខងារសរសៃប្រសាទបានត្រឹមត្រូវ។
២. ជំនួយគ្រាប់ឈាម
នៅពេលដែលយើងមានជាតិដែកមិនគ្រប់គ្រាន់នៅក្នុងរាងកាយទេនោះ វាអាចបង្កជាជំងឺស្លេកស្លាំង ដែលអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន ដូចជាបញ្ហាអស់កម្លាំងខ្លាំង ជំងឺបេះដូង ឬសួតជាដើម។ ជាក់ស្ដែង ផ្លែព្រូនក្រៀមជាប្រភពនៃជាតិដែកដ៏ល្អ ដែលអាចជួយបញ្ចៀសបញ្ហាទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
៣. ពង្រឹងប្រព័ន្ធរំលាយអាហារ
ជាមួយគ្នានេះដែរ ផ្លែព្រូនក៏សម្បូរទៅដោយជាតិសរសៃ ដែលអាចជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារយ៉ាងប្រសើរ។ បន្ថែមពីនេះ វាក៏មានផ្ទុកសារធាតុSorbitol ជាថ្នាំបញ្ចុះបែបធម្មជាតិ ដែលអាចជួយដល់ការបន្ទោបង់ជាទៀងទាត់។ ប៉ុន្តែ យើងមិនគួរញ៉ាំផ្លែព្រូនច្រើនជាង៦គ្រាប់ក្នុងមួយថ្ងៃឡើយ។
៤. ស្រកទម្ងន់
ដោយសារតែផ្លែឈើមួយប្រភេទនេះមានជាតិសរសៃខ្ពស់ វាអាចជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងអាចជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អ។
៥. ឆ្អឹងរឹងមាំ
ទន្ទឹមនឹងនេះ អ្នកដែលមានហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសស្ត្រី និងមនុស្សចាស់ អាចប្រឈមនឹងការបាត់បង់ដង់ស៊ីតេរ៉ែឆ្អឹង។ យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំផ្លែព្រូនអាចជួយបញ្ចៀសបញ្ហាពុកឆ្អឹង ដែលកើតលើស្ត្រីក្រោយអស់រដូវបានយ៉ាងស័ក្ដិសិទ្ធិ។
៦. កាត់បន្ថយសម្ពាធឈាម
សម្ពាធឈាមខ្ពស់ អាចបង្កើតហានិភ័យនៃជំងឺបេះដូង តម្រងនោម និងបញ្ហាសុខភាពដទៃទៀត។ យ៉ាងណាមិញ យើងអាចគ្រប់គ្រងបញ្ហាទាំងនេះបាន តាមរយៈការញ៉ាំអាហារមួយចំនួន ដូចជាផ្លែព្រូនក្រៀម ឬផ្លែលម៉ើជាដើម។
៧. សម្បូរវីតាមីន
ជាងនេះទៅទៀត ផ្លែព្រូនក៏អាចជួយពង្រឹងតុល្យភាពវីតាមីនតាមបែបធម្មជាតិ ដោយសារតែវាជាប្រភពនៃវីតាមីនA ដែលជួយការពារភ្នែក និងវីតាមីនC, K និងB6 ដែលល្អបំផុតសម្រាប់ប្រព័ន្ធភាពស៊ាំ ក៏ដូចជាសុខភាពទាំងមូល។
[embed-health-tool-bmi]