សណ្ដែកខ្មៅសម្បូរដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងជាតិរ៉ែផ្សេងៗដែលសុទ្ធតែជួយដល់សុខភាពរបស់យើង។
១. សុខភាពឆ្អឹង
នៅក្នុងសណ្ដែកខ្មៅមានជាតិដែក ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ស្ពាន់ ស័ង្កសី និងម៉ង់កាណែស (manganese) ដែលសុទ្ធតែជួយរក្សាឆ្អឹងឲ្យរឹងមាំ។ កាល់ស្យូម និងផូស្វ័រ គឺសំខាន់សម្រាប់រចនាសម្ព័ន្ធឆ្អឹង ខណៈជាតិដែក និងស័ង្កសីមានតួនាទីរក្សាភាពរឹងមាំរបស់ឆ្អឹង និងភាពបត់បែនរបស់សន្លាក់។
២. បញ្ចុះសម្ពាធឈាម
ការកំណត់ការញ៉ាំសូដ្យូម (ជាតិប្រៃ) តិច គឺសំខាន់ក្នុងការរក្សាសម្ពាធឈាមឲ្យនៅកម្រិតធម្មតា ហើយសណ្ដែកខ្មៅមានសូដ្យូមតិច តែសម្បូរដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូមដែលអាចបញ្ចុះសម្ពាធឈាមបាន។
៣. ជំងឺទឹកនោមផ្អែម
ការសិក្សាបានបង្ហាញថា អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ហើយញ៉ាំរបបអាហារសម្បូរជាតិសរសៃ មានកម្រិតជាតិស្ករក្នុងឈាមទាប។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចជួយឲ្យកម្រិតជាតិស្ករ ជាតិខ្លាញ់ និងអាំងស៊ុយលីនមានភាពប្រសើរឡើងដែរ។ សណ្ដែកខ្មៅឆ្អិន ១៧២ ក្រាមផ្តល់ជាតិសរសៃ១៥ក្រាម។
៤. ជំងឺបេះដូង
ជាតិសរសៃ ប៉ូតាស្យូម វីតាមីន B6 និងអាស៊ីដហ្វូលិកក្នុងសណ្ដែកខ្មៅ សុទ្ធតែជួយទ្រទ្រង់សុខភាពបេះដូង។ ជាតិសរសៃជួយបញ្ចុះកូលេស្តេរ៉ូលក្នុងឈាម និងបន្ថយហានិភ័យជំងឺបេះដូង។ រីឯវីតាមីន B6 និងអាស៊ីដហ្វូលិកបង្ការការកកសារធាតុ homocysteine ដែលនៅពេលរាងកាយមានបរិមាណសារធាតុនេះច្រើន អាចបង្កការខូចខាតដល់សរសៃឈាម និងឈានទៅរកបញ្ហាបេះដូង។
៥. ជំងឺមហារីក
សារធាតុសេលេល្យ៉ូម Selenium ក្នុងសណ្ដែកខ្មៅមានតួនាទីក្នុងមុខងារអង់ហ្សីមថ្លើម និងជួយកម្ចាត់សារធាតុបង្កជំងឺមហារីកក្នុងរាងកាយ។ បន្ថែមពីនេះទៀត សារធាតុនេះក៏អាចបង្ការការរលាក និងបន្ថយអត្រានៃការលូតលាស់ដុំសាច់ផ្សេងៗ។ ចំណែកឯជាតិសរសៃវិញអាចកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ។
៦. សម្រកទម្ងន់
ជាតិសរសៃគឺជាកត្តាសំខាន់មួយក្នុងការសម្រក និងគ្រប់គ្រងទម្ងន់។ អាហារមានជាតិសរសៃច្រើនអាចជួយឲ្យយើងឆ្អែតបានយូរ និងបន្ថយការញ៉ាំកាឡូរីច្រើន។ ការសិក្សាជាច្រើនបានអះអាងថាការញ៉ាំសណ្ដែកខ្មៅច្រើនអាចបន្ថយហានិភ័យជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ហើយក៏ជួយដល់សុខភាពស្បែក និងសក់ ថែមទាំងបង្កើនថាមពល រួមទាំងសម្រកទម្ងន់។
[embed-health-tool-bmr]