តែគឺជាភេសជ្ជៈមួយដែលមនុស្សជាច្រើននិយមផឹកក្រៅពីកាហ្វេ និងទឹក ហើយតែខ្មៅក៏ជាតែមួយប្រភេទដែលគេនិយមផឹកផងដែរ។ តែខ្មៅគឺមានជាតិកាហ្វេអ៊ីនច្រើនជាងតែផ្សេងៗ ប៉ុន្តែមានតិចជាងកាហ្វេ។ តែខ្មៅផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុដែលជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ។ ខាងក្រោមនេះគឺជាគុណប្រយោជន៍របស់តែខ្មៅចំពោះសុខភាព។
១. សុខភាពបេះដូង
តែខ្មៅផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មឈ្មោះ flavonoid ដែលមានប្រយោជន៍ដល់សុខភាពបេះដូង។ ការផឹកតែខ្មៅជាប្រចាំអាចបន្ថយកត្តាហានិភ័យជំងឺបេះដូងផ្សេងៗ ដូចជាលើសសម្ពាធឈាម កម្រិតកូលេស្តេរ៉ូលខ្ពស់ កម្រិតទ្រីគ្លីសេរីនកើនឡើង និងជំងឺធាត់។ ការសិក្សាមួយរកឃើញថាអ្នកដែលផឹកតែខ្មៅ៣ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យការវិវត្តជំងឺបេះដូង ១១%។
២. បញ្ចុះខ្លាញ់អាក្រក់ (LDL)
នៅពេលរាងកាយមានខ្លាញ់អាក្រក់ច្រើនអាចមានការកកនៅក្នុងសរសៃអាកទែរដែលអាចបណ្ដាលឲ្យមានបញ្ហាខ្សោយបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សាមួយបានរកឃើញថាការផឹកតែខ្មៅ៥ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយកម្រិតខ្លាញ់អាក្រក់បាន១១% ទៅលើអ្នកដែលមានកម្រិតកូលេស្តេរ៉ូលឡើងបន្តិចបន្តួច ។
៣. សុខភាពពោះវៀន
នៅក្នុងពោះវៀនរបស់យើងគឺមានបាក់តេរីដែលមានប្រយោជន៍ដល់សុខភាព។ ការសិក្សាមួយចំនួនបានអះអាងថាបាក់តេរីនៅក្នុងពោះវៀនអាចមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺមួយចំនួនដូចជាជំងឺរលាកពោះវៀន ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង ជំងឺធាត់ និងជំងឺមហារីក។ សារធាតុ polyphenol មានក្នុងតែខ្មៅអាចជួយរក្សាសុខភាពពោះវៀនដោយជួយដល់ការលូតលាស់បាក់តេរីល្អ និងរារាំងការលូតលាស់បាក់តេរីអាក្រក់។
៤. បញ្ចុះកម្រិតជាតិស្ករក្នុងឈាម
ការឡើងជាតិស្ករក្នុងឈាមអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺធាត់ ជំងឺបេះដូង ខ្សោយតម្រងនោម និងជំងឺបាក់ទឹកចិត្ត។ ការផឹកភេសជ្ជៈដែលមានបន្ថែមជាតិស្ករច្រើនអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២។ តែខ្មៅជាភេសជ្ជៈដែលមិនមានជាតិស្ករ ហើយគេបានរកឃើញថាតែខ្មៅអាចជួយដល់ដំណើរការអាំងស៊ុយលីនក្នុងរាងកាយ។
៥. ផ្ចង់អារម្មណ៍បានល្អ
តែខ្មៅផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីដអាមីណូ L-theanine ដែលអាចជួយដាស់ស្មារតី និងផ្ចង់អារម្មណ៍បានប្រសើរជាងមុន។ L-theanine ជួយបង្កើតសកម្មភាពក្នុងខួរក្បាលដែលបង្កឲ្យមានការបន្ធូរអារម្មណ៍ និងការផ្ចង់អារម្មណ៍ប្រសើរឡើង។ ការសិក្សាជាច្រើនបានបង្ហាញថាភេសជ្ជៈដែលមាន L-theanine និងកាហ្វេអ៊ីនសុទ្ធតែមានផលល្អសម្រាប់ការផ្ចង់អារម្មណ៍ដោយសារឥទ្ធិពលរបស់ L-theanine ទៅលើខួរក្បាល។ នេះក៏ជាមូលហេតុដែលគ្នាយើងមួយចំនួនផឹកតែហើយមានថាមពលជាងមុនបើប្រៀបធៀបនឹងភេសជ្ជៈមានកាហ្វេអ៊ីនផ្សេងទៀតដូចជាកាហ្វេជាដើម។
[embed-health-tool-bmr]