ចូលចិត្តញ៉ាំអាហារ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
ក្រួសតម្រងនោម ជាដុំគ្រីស្តាល់រឹងមានតម្រងនោម។ ការឈឺចុកដោយសារក្រួសតម្រងនោម អាចទ្រាំមិនបាន ហើយអាចឈឺមួយឆាវៗ។ មានកត្តាមួយចំនួននាំឲ្យកើតក្រួសតម្រងនោម តែរបបអាហាររបស់គ្នាយើងក៏ជាមូលហេតុសំខាន់ខ្លាំងដែរ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារ ៣ ប្រភេទដែលអាចនាំកើតក្រួសតម្រងនោម៖

១- អាហារសម្បូរជាតិសូដ្យូម (ប្រៃ)
សូដ្យូម ជាចំណែកមួយក្នុងអំបិល។ សូដ្យូមក្នុងអាហារគ្នាយើងញ៉ាំ អាចជំរុញឲ្យកើតក្រួសតម្រងនោម ព្រោះវាបង្កើនការប្រមូលផ្ដុំជាតិកាល់ស្យូមនៅក្នុងទឹកនោម។ សូដ្យូម មានក្នុងអាហារកំប៉ុង អាហាររហ័ស (Fast Food) អាហារខ្ចប់ ឬសាច់កញ្ចប់ និងគ្រឿងផ្សំបង្កើនរសជាតិ។ លើសពីនេះ កាត់បន្ថយការញ៉ាំជាតិសូដ្យូម ក៏អាចជួយការពារបេះដូងបានដែរ។
ដើម្បីឲ្យរបបអាហារមានសូដ្យូមទាប អាចពិចារណាចំណុចខាងក្រោម៖
– ពេលចេញញ៉ាំអីខាងក្រៅ ចៀសវាងអាហារមានជាតិសូដ្យូមច្រើនពេក
– កុំចេះតែឧស្សាហ៍ញ៉ាំស៊ុបកំប៉ុង សាច់ បន្លែកំប៉ុង អាហាររហ័ស និងអាហារកញ្ចប់។ គួរញ៉ាំអាហារស្រស់ថ្មីៗវិញ។
– ពេលទិញអាហារនៅផ្សារទំនើប មើលតារាងគ្រឿងផ្សំលើសម្បក។ ចៀសវាងអាហារមានសូដ្យូមប៊ីកាបូណាត ម្សៅសូដាសម្រាប់ដុតនំ ម្សៅដុតនំ សូដ្យូមផូស្វាត ម៉ូណូសូដ្យូមគ្លុយតាម៉ាត MSG សូដ្យូមអាល់ហ្ស៊ីណាត សូដ្យូមនីត្រាត ឬនីទ្រីត។ ទាំងនេះ ជាសូដ្យូមលាក់មុខ។

២- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក
ជាតិអុកសាឡាតច្រើនពេក អាចបង្ការមិនឲ្យរាងកាយយើងស្រូបយកជាតិកាល់ស្យូម។ ហេតុនេះ កម្រិតកាល់ស្យូម អាចកើនឡើងនៅក្នុងទឹកនោម ហើយរួមចំណែកបង្កក្រួសតម្រងនោម។ អាហារសម្បូរជាតិអុកសាឡាត មាន៖
– ស្ករសូកូឡា
– ឆៃថាវក្រហមឈាមមាន់
– ស្ពៃពួយឡេង
– គ្រាប់ធញ្ញាតិ
– ផលិតផលធ្វើពីសណ្តែកសៀង
– បន្លែ Rhubarb
– តែខ្មៅចាស់។ បើចូលចិត្តតែ អាចផឹកតែធ្វើពីរុក្ខជាតិ ដូចជា តែក្រូចឆ្មារ តែជីរអង្កាម។
អត្ថបទគួរអាន៖
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
- ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំល
- ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព
- សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?
- ទឹកក្រូចស្រស់ អាចបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងខ្លួនយើងបាន?
- ផឹកទឹកក្រូចគ្មានជាតិស្ករ កុំឲ្យឡើងគីឡូ ប្រយ័ត្នចូលដើម!
៣- អាហារមានប្រូតេអុីនបានពីសត្វ
ការញ៉ាំប្រូតេអុីនមានប្រភពពីសត្វច្រើនពេក អាចបង្កើនកម្រិតអាស៊ីដអ៊ុយរិច ហើយកាត់បន្ថយកម្រិតស៊ីត្រាត។ ស៊ីត្រាត អាចបង្ការក្រួសមិនឲ្យកើតមាន។ អ៊ីចឹង កម្រិតអាស៊ីដអ៊ុយរិចខ្ពស់ និងកម្រិតស៊ីត្រាតទាប អាចបង្កើនឱកាសកើតក្រួសតម្រងនោម។
ប្រូតេអុីនរបស់សត្វ ដូចជា សាច់ជ្រូក សត្វស្លាប សាច់គោ មាន់ ស៊ុត ត្រី ពពួកខ្ចៅខ្យង សត្វមានស្នូក ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះ គួរតែដាក់កម្រិត។
អុីចឹង ឧស្សាហ៍ឆែកមើលម្ហូបញ៉ាំរាល់ថ្ងៃ ថាតើក្រៅពីត្រូវមាត់ ឆ្ងាញ់ហើយនោះ អាចបង្កជំងឺផ្សេងៗអត់។ ស្រលាញ់សុខភាព កុំចេះតែញ៉ាំផ្ដេសផ្ដាស។
ចំណុចសំខាន់
- អាហារសម្បូរជាតិសូដ្យូម (ប្រៃ)
- អាហារបង្កើនសារធាតុអុកសាឡាតច្រើនពេក
- អាហារមានប្រូតេអុីនបានពីសត្វ