
និយាយពីថាគិតនោះគិតម្ង៉ៃៗ មិនដឹងរឿងអីខ្លះពេញក្បាល។ ដឹងថាមួយថ្ងៃ ២៤ ម៉ោង ខួរក្បាលយើងធ្វើការប៉ុន្មានម៉ោងអត់?ជាមធ្យម ខួរក្បាលយើងធ្វើការ ១៦ ម៉ោង រាប់បញ្ចូលទាំងពេលសម្រាកខ្លះៗ ប៉ុន្តែបើ ១៦ ម៉ោង ធ្វើការងារលើសកម្រិត ខួរក្បាលច្បាស់ជានឿយខ្លាំង ទាមទារប្រូតេអ៊ីនជំនួយ បើមិនអ៊ីចឹង កោសិកាខួរក្បាលអាចខូចខាត និងបាត់បង់ នាំឲ្យការគិត ការចងចាំចុះខ្សោយ។
បើស្រលាញ់ខួរក្បាល “Hello គ្រូពេទ្យ” ណែនាំសិន អាចជួយពង្រឹងសមត្ថភាពខួរក្បាលឡើងវិញ ព្រោះក្នុងអាហារទាំងនេះសម្បូរប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែល ខួរក្បាលត្រូវការ។
១- កាហ្វេអ៊ីន
កាហ្វេអ៊ីន ជាសារធាតុម្យ៉ាងមាននៅក្នុងកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈប៉ូវកម្លាំង។ វាមានឥទ្ធិពលរយៈពេលខ្លី តែអាចជួយដាស់ខួរក្បាល ឲ្យផ្តោតអារម្មណ៍បានល្អ អំឡុងពេលធ្វើការ ឬរៀន។ ប៉ុន្តែ កុំផឹកច្រើនពេក ព្រោះអាចឲ្យមានអារម្មណ៍ថប់ៗ ភ័យ បេះដូចលោតញាប់ និងអារម្មណ៍មិនស្រួល។
២- ស្ករ
ស្ករ ជាប្រភពថាមពលសំខាន់ ជួយទ្រទ្រង់រាងកាយ អាចផ្តល់ថាមពលលឿន បង្កើនការចងចាំ និងជួយពង្រឹងស្មារតី។ ប៉ុន្តែចៀសវាងញុំាអាហារ ឬភេសជ្ជៈជាតិស្ករច្រើន អាចធ្វើឲ្យសុខភាពទ្រុឌទ្រោម ការចងចាំមិនសូវល្អ។
៣- ត្រី
ត្រីសម្បូរសារធាតុចិញ្ចឹម មានតួនាទីសំខាន់ទ្រទ្រង់សុខភាពខួរក្បាល។ អាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយផ្តោតអារម្មណ៍ធ្វើការកាន់តែប្រសើរ កាត់បន្ថយអត្រាកើតជំងឺភ្លេចភ្លាំង (Dementia) និងជំងឺខួរក្បាល។ វាជួយឲ្យខួរក្បាលយើងដំណើរការបានល្អ អ៊ីចឹងគួរញ៉ាំត្រីយ៉ាងតិចណាស់ ២ ដង ក្នុង១សប្តាហ៍ ពិសេសពេលវ័យកាន់តែចាស់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤- គ្រាប់ធញ្ញជាតិ
ប្រភពថាមពលទ្រទ្រង់រាងកាយបានយូរ គឺគ្រាប់ធញ្ញជាតិ ព្រោះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន E សារធាតុប្រេងសំខាន់ៗ និងអាមីណូអាស៊ីដ ដែលជួយពង្រឹងការចងចាំ និងដំណើរការខួរក្បាល។ គួរញ៉ាំគ្រាប់ធញ្ញជាតិ ២៨ក្រាម ក្នុងមួយថ្ងៃ។
៥- ផ្លែប្ល៊ូប៊ើរី (Blueberry)
អ្នកវិទ្យាសាស្រ្តថា ផ្លែ Blueberry អាចជួយឲ្យការចងចាំប្រសើរ កាត់បន្ថយជំងឺចាស់ជរា ភ្លេចភ្លាំង និងបញ្ហាសាច់ដុំ។ យើងផឹកទឹក Blueberry រាល់ថ្ងៃ ហើយ ២ ខែជាប់គ្នា នឹងមានសមត្ថភាពខួរក្បាលល្អជាងមុន រីឯបញ្ហាសន្លាក់សាច់ដុំក៏អន់ថយ។






















