មានមូលហេតុជាច្រើនជំរុញឲ្យយើងកើតជំងឺមហារីកក្រពះ ក្នុងនោះចំណីអាហារដើរតួនាទីឈានមុខគេ។ លោកវេជជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា ការសិក្សាវិទ្យាសាស្ត្ររកឃើញថាមានសាច់ដែលខ្លោចៗខ្លះ ដូចជាត្រីងៀត ត្រីឆ្អើរ ជាដើមនោះ មានផ្ទុកសារធាតុគីមីម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំទៅអាចកើតជំងឺមហារីកក្រពះ។
“ត្រីងៀត យកត្រីប្រឡាក់អំបិល ហាលថ្ងៃ រួចយកទៅដុតទៅអាំង ហើយបានយកមកញ៉ាំ
ប្រជាជនកម្ពុជាយើងចូលចិត្តញ៉ាំណាស់ ប៉ុន្តែយើងអត់ដឹងថា អាហ្នឹងមានអីទេ អ្នកវិទ្យាសាស្រ្តរកឃើញថា នៅក្នុងសាច់ត្រីងៀត និងត្រីឆ្អើរ មានសារធាតុម្យ៉ាងឈ្មោះ នីត្រូហ្សាមីន ដែលជាតិនីត្រូហ្សាមីន កាលណាយើងញ៉ាំចូលក្នុងក្រពះយើង ធ្វើឲ្យយើងកើតជំងឺមហារីកក្រពះ”។
ទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា មិនមែនអ្នកពិសារត្រីងៀតទាំងអស់សុទ្ធតែឲ្យកើតជំងឺមហារីកក្រពះនោះទេ ប៉ុន្តែគេថា សារធាតុនីត្រូហ្សាមីននៅក្នុងត្រីងៀត ត្រីឆ្អើរ អាចជួយជំរុញឲ្យក្រពះយើងកើតជំងឺមហារីក។
បន្ថែមពីលើអំណះអំណាងខាងលើ ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ថាឧទាហរណ៍ជាភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់នោះ ជនជាតិដែលចូលចិត្តញ៉ាំត្រីប្រឡាក់ច្រើនជាងគេ គឺជនជនជាតិជប៉ុន ដែលករណីនេះហើយទើបជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងនៅលើពិភពលោក។ លោកវេជ្ជបណ្ឌិតថា នោះគឺជាភស្តុតាងវិទ្យាសាស្ត្រពិតប្រាកដ។
អត្ថបទពាក់ព័ន្ធ៖កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
ថ្វីបើបែបនេះក្តី លោកវេជ្ជបណ្ឌិតថា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នអត្រាកើតជំងឺមហារីកក្រពះក៏មានចំនួនច្រើនដែរ ហើយបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុង១ឆ្នាំមានអ្នកកើតជំងឺមហារីកថ្មីគ្រប់ប្រភេទប្រហែល ១ម៉ឺន៥ពាន់ករណី ដែលជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី១ ទី២ មហារីកសុដន់ ទី៣ ផ្ដាច់បារី ទី៤ មហារីកក្រពះ និងទី៥ មហារីកថ្លើម។
[embed-health-tool-bmr]