ជាច្រើនសតវត្សមកនេះ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណ ជាភេសជ្ជៈសុខភាព ល្បីឈ្មោះយូរមកហើយ ទាំងរសជាតិឆ្ងុយឆ្ងាញ់ ក៏ដូចជាគុណប្រយោជន៍ជាច្រើន។ បច្ចុប្បន្ន តែបៃតងក៏កាន់តែពេញនិយមខ្លាំងទៀត ទាំងក្មេងទាំងចាស់ សុទ្ធតែទទួលស្គាល់រសជាតិរបស់តែបៃតង ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើង ពីអាថ៌កំបាំងសុខភាពរបស់តែបៃតង យើងភាគច្រើនមិនធ្លាប់បានដឹង។
១- បង្កើនប្រព័ន្ធភាពស៊ាំ
យោងតាមការស្រាវជ្រាវខុសៗគ្នា គ្នាយើងចូលចិត្តផឹកតែបៃតងជាប្រចាំ មិនងាយនឹងឆ្លងជំងឺដែលបង្កដោយបាក់តេរី និងវីរុសឡើយ បើធៀបជាមួយគ្នាយើងមិនចូលចិត្តតែប្រភេទនេះ។ ច្បាស់ណាស់ថា តែបៃតង ជួយឲ្យប្រព័ន្ធភាពស៊ាំយើងកាន់តែរឹងមាំ ហើយមូលហេតុនៅពីក្រោយរឿងនេះ ដោយតែបៃតង មានផ្ទុកសារធាតុមួយហៅថា Catechins មានមុខងារប្រឆាំងនឹងបាក់តេរី ក៏ដូចជាវីរុស។ លើសពីនេះ សារធាតុ Catechins ក៏អាចប្រឆាំងនឹងជាតិពុលបញ្ចេញពពួកមេរោគទាំងនោះទៀតផង។ ប៉ុន្តែ នៅមិនទាន់អស់ពីគុណប្រយោជន៍នៅឡើយទេ ដោយសារតែបៃតង អាចការពារពីជំងឺផ្សេងៗ បង្កដោយមេរោគ និងសកម្មភាពពពួកផ្សិត ដូចជា ក្លិនអាក្រក់ រាកមួល មិនរំលាយអាហារ រាក រលាកពោះវៀនធំ ពុកធ្មេញ គ្រុនផ្ដាសាយ ដូចជាក្អក និងគ្រុន។
២- សារធាតុគីមីធ្វើឲ្យរួមជាលិកា (Astringency)
អត្ថប្រយោជន៍មួយទៀតពីតែបៃតង គឺសារធាតុនេះម្យ៉ាង ដែលជួយឲ្យសាច់ដុំ និងជាលិកាកន្ត្រាក់ ធ្វើឲ្យសាច់ដុំ នឹងស្បែកឡើងតឹង។ ទោះបីជាយើងមិនផឹកតែក៏ដោយ ត្រឹមតែខ្ពុរមាត់ជាមួយតែបៃតង អាចធ្វើឲ្យអញ្ចាញ និងធ្មេញរឹងមាំបាន ការពារធ្មេញបានយូរអង្វែង ដោយគ្មានការបារម្ភពីបាក់ ឬខូចធ្មេញឡើយ។
៣- ប្រឆាំងសារធាតុបង្កមហារីក (Anti-Carcinogenic)
ក្រៅពីធ្វើឲ្យចាស់មុនអាយុ ពពួករ៉ាឌីកាល់សេរី ក៏អាចនាំឲ្យមានជំងឺមហារីកផ្សេងៗផងដែរ។ សារធាតុ Catechins មានក្នុងតែបៃតង អាចបន្សាបសារធាតុគ្រោះថ្នាក់នេះ បញ្ឈប់ការកកើតសារធាតុនាំឲ្យមានមហារីក ដូចជាសាធាតុ Nitrosamines។ បច្ចុប្បន្ននេះ ត្រូវបានគ្រូពេទ្យនិងឱសថការីជាច្រើន ណែនាំឲ្យគ្នាយើងមានជំងឺ ប្រើតែបៃតងនេះ។ តែនេះ គឺជារុក្ខជាតិល្អសម្រាប់ការប្រើនៅផ្ទះ ដើម្បីការពារជំងឺមហារីក ជាពិសេស ចំពោះគ្នាយើងប្រឈមហានិភ័យខ្ពស់កើតមហារីកលំពែង មហារីកពោះវៀនធំ និងចុងពោះវៀនធំ (Rectum)។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងនៅពីក្រោយទឹកសុខភាព យើងភាគច្រើនភ័ន្តច្រឡំ!
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
៤- កាត់បន្ថយកូលេស្តេរ៉ូល
គេដឹងថា តែបៃតង មានប្រសិទ្ធិភាពបន្ថយកម្រិតកូលេស្តេរ៉ូល ដោយសារវាមានសារធាតុមួយហៅថា Alkalinity។
៥- សុខភាពសរសៃឈាម និងបេះដូង
តែបៃតង មានសារធាតុខុសគ្នាផ្សេងៗជាច្រើន អាចការពារកុំឲ្យឈាមខាប់ខ្លាំង ជួយកាត់បន្ថយគ្រោះថ្នាក់កើតមានជំងឺស្ទះសរសៃឈាម (arterial sclerosis) ក៏ដូចជាស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល (Cardiac and cerebral stroke)។
៦- ប្រឆាំងជំងឺទឹកនោមផ្អែម
បើមិនផឹកតែជាមួយស្ករ ឬទឹកដោះគោខាប់ កាន់តែល្អ ព្រោះតែបៃតង អាចការពារជំងឺទឹកនោមផ្អែមបាន។ សារធាតុ Alkaline ធម្មជាតិ របស់តែបៃតង ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ សារធាតុ Antioxidant និង Astringent ក្នុងតែបៃតង អាចធ្វើឲ្យលំពែងបំពេញមុខងារកាន់តែល្អជាងមុន។ ពេលមុខងាលំពែងកាន់តែប្រសើរ នោះការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ក៏ល្អដែរ ហើយការស្រូបជាតិស្ករនៅក្នុងឈាម ក៏កាន់តែប្រសើរជាងមុន។ និយាយរួម ផឹកតែទៀងទាត់ ឬផឹកជារៀងរាល់ថ្ងៃ នោះយើងនឹងអាចទទួលផលប្រយោជន៍ពីវាបានច្រើន។
[embed-health-tool-bmr]