គ្រាប់ជីរ (Chia Seed) ជាគ្រាប់ធញ្ញជាតិមានដើមកំណើតនៅប្រទេសម៉ិចស៊ិក និងដាំដុះដោយជនជាតិ Aztecs ប៉ុន្តែសព្វថ្ងៃគ្រាប់ជីរមានដាំនៅគ្រប់ទីកន្លែង ហើយគ្រាប់ធញ្ញជាតិនេះសំបូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់រាងកាយច្រើនយ៉ាងដូចជា៖
សុខភាពឆ្អឹង
គ្រាប់ជីរសំបូរទៅដោយជាតិរ៉ែផ្សេងៗដែលគេជឿថាអាចជួយដល់ឆ្អឹង ជាពិសេសមានកាល់ស្យូម។ គ្រាប់ជីរ២៥ក្រាម មានកាល់ស្យូម ១៥៧មីល្លិក្រាម ដែលមានច្រើនជាងបរិមាណកាល់ស្យូមក្នុងទឹកដោះគោ ១០០មីល្លិលីត្រទៅទៀត។
សុខភាពធ្មេញ
កាល់ស្យូមគឺមានតួនាទីសំខាន់ណាស់ក្នុងការជួយឆ្អឹងឲ្យរឹងមាំដែលអាចជួយដល់ធ្មេញ។ សារធាតុ boron នៅក្នុងគ្រាប់ជីរអាចសម្រួលដល់ការរំលាយសារធាតុម៉ាញ៉េស្យូម ផូស័្វរ និងម៉ង់ហ្កាណេស (Manganese) សម្រាប់ឲ្យធ្មេញរឹងមាំ។
ជំងឺទឹកនោមផ្អែម
សារធាតុខ្លាញ់មិនឆ្អែត ជាតិសរសៃ និងប្រូតេអ៊ីនត្រូវបានគេស្គាល់ថាសុទ្ធតែល្អសម្រាប់រក្សាលំនឹងជាតិស្ករក្នុងឈាម។ ក្រសួងកសិកម្មសហរដ្ឋអាមេរិកទទួលស្គាល់ថាគ្រាប់ជីរគឺជាអាហារមួយដ៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។
ការទល់លាមក
គ្រាប់ជីរសំបូរទៅជាតិសរសៃដែលអាចឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង។ ជាតិសរសៃមិនរលាយនៅក្នុងគ្រាប់ជីរនឹងក្លាយជាជែលនៅពេលត្រូវទឹក ហើយសារធាតុនេះនឹងជួយដល់ការបន្ទោរបង់ដែលនេះបង្ការការទល់លាមក។
អត្ថបទពាក់ព័ន្ធ៖
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
- គ្នាយើងណាឧស្សាហ៍ទល់លាមក មកដឹងមូលហេតុ និងរកអាហារជំនួយ
ការធ្វើមេតាបូលីស
គ្រាប់ជីរផ្ទុកវីតាមីន B ច្រើនដែលជួយពន្លឿនការធ្វើមេតាបូលីសក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ធញ្ញជាតិនេះក៏សំបូរអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលជួយរាងកាយស្រូបយកវីតាមីនរំលាយជាតិខ្លាញ់ជួយដល់ការសម្រកទម្ងន់។
ដំណេក
អ័រម៉ូន serotonin និងអ័រម៉ូន melatonin ជួយធ្វើឲ្យយើងគេងលក់ស្រួល។ អ័រម៉ូនទាំងពីរផលិតដោយអាស៊ីតអាមីណូ tryptophan។ នៅក្នុងគ្រាប់ជីរមានផ្ទុកអាស៊ីតអាមីណូនេះ ដូចនេះអាចជួយឲ្យគេងលក់ស្រួល និងជួយបន្ធូរអារម្មណ៍ទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់
សុខភាពបេះដូង
អាស៊ីតខ្លាញ់អូមេហ្គា ៣ និង៦មានក្នុងគ្រាប់ជីរអាចបញ្ចុះកូលេស្តេរ៉ូលក្នុងឈាម បន្ថយការរលាក និងបញ្ចុះសម្ពាធឈាមដែលទាំងនេះជួយរក្សាសុខភាពបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាញ់ត្រី ជួយការពារបេះដូងពីខ្យល់ពុល
- ញ៉ាំត្រីឲ្យបាន ២ ដងក្នុងមួយសប្តាហ៍ បេះដូងមានសុខភាពល្អ
ការបង្កើនថាមពល
វីតាមីន B ជាតិដែក ជាតិស័ង្កសី និងម៉ាញ៉េស្យូមសុទ្ធតែមានក្នុងគ្រាប់ជីរ និងជួយបង្កើនថាមពល។ វិធីងាយស្រួលគ្រាន់តែបន្ថែមគ្រាប់ជីរនេះទៅក្នុងទឹកផ្លែឈើដែលយើងចូលចិត្តជាការស្រេច។
ពន្យារភាពចាស់
គ្រាប់ជីរមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយព្យាបាលស្បែកបានលឿន និងទប់ស្កាត់ការខូចខាតផ្សេងៗ។ បន្ថែមពីនេះទៀត វីតាមីន Eមានក្នុងគ្រាប់ជីរ ក៏ជួយពន្យារភាពចាស់ដែរ។
សម្រកទម្ងន់
ជាតិសរសៃជួយដល់ការសម្រកទម្ងន់ដោយធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរ ហើយគ្រាប់ជីររីកនៅពេលដែលស្រូបយកជាតិទឹក។ វិធីញ៉ាំងាយស្រួលគឺគ្រាន់តែបន្ថែមគ្រាប់ជីរ មួយទៅពីរស្លាបព្រាកាហ្វេទៅក្នុងទឹកមួយកែវ និងផឹកទឹកគ្រាប់ជីរនោះជាការស្រេច។ គ្រាប់ធញ្ញជាតិនេះក៏អាចកំចាត់ខ្លាញ់ក្បាលពោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
- តិចនិកពិសេស ជួយរាងកាយធ្វើមេតាបូលីសកាន់តែលឿន សុខភាពកាន់តែល្អ
- អាហារបំប៉នពិសេស ៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព
- ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
- ញ៉ាំក្រូច ជឿថាអាចជួយការពារជំងឺធាត់ ជំងឺបេះដូង និងទឹកនោមផ្អែម
- បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]