ម៉្យាងទៀត ការសិក្សាក៏បានលើកឡើងថាអ្នកហាត់ប្រាណពេលព្រឹកមិនសូវមានចំណង់អាហារទេដែលនេះអាចជួយមិនឲ្យឡើងទម្ងន់ និងជំរុញឲ្យយើងជ្រើសរើសរបបអាហារដែលល្អសម្រាប់សុខភាព។ ក្រៅពីជួយដល់ការសម្រកទម្ងន់ហើយ ការហាត់ប្រាណនៅពេលព្រឹកនៅមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បញ្ចុះសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល ហើយក៏ជួយដាស់ស្មារតីក្នុងការបំពេញការងារពេញមួយថ្ងៃផងដែរ។
សម្រាប់គ្នាយើងដែលចង់ហាត់ប្រាណបែបលើកសាច់ដុំគួរជ្រើសរើសហាត់ប្រាណពេលរសៀល ឬពេលល្ងាចព្រោះអំឡុងពេលនេះកម្រិតអ័រម៉ូនខ្ពស់ ជាពិសេសអ័រម៉ូនតេស្តូស្តេរ៉ូន ដែលធ្វើឲ្យកម្រិតថាមពលក៏ខ្ពស់ដែរ។ គួរបញ្ជាក់ដែរថាគួរចៀសវាងការហាត់ប្រាណដែលប្រើកម្លាំងខ្លាំងនៅពេលជិតដល់ម៉ោងចូលគេងព្រោះអាចធ្វើឲ្យពិបាកក្នុងការគេង។ ប៉ុន្តែយើងអាចធ្វើលំហាត់ប្រាណមួយចំនួនដូចជាការដើរ ជិះកង់ ឬយ៉ូហ្គាដែលលំហាត់ប្រាណទាំងនេះអាចជួយដល់ដំណេករបស់យើងបានល្អ។