ការហាត់ប្រាណនៅពេលព្រឹកព្រលឹមគឺមានប្រយោជន៍ដល់យើងច្រើន ជាពិសេសសម្រាប់គ្នាយើងដែលហាត់ប្រាណសម្រកខ្លាញ់។ ការហាត់ប្រាណនៅពេលព្រឹកដោយមិនទាន់ញ៉ាំអីគឺជាវិធីល្អក្នុងការសម្រកខ្លាញ់ដែលអាចជួយសម្រកទម្ងន់បាន។ នេះមកពីអ័រម៉ូនក្នុងរាងកាយនៅពេលព្រឹកត្រូវបានបង្កើតឡើងដើម្បីជួយដល់ការសម្រកទម្ងន់។ ការហាត់ប្រាណនៅពេលព្រឹកក៏ជួយដល់ការធ្វើមេតាបូលីសពេញមួយថ្ងៃដែរ។
ម៉្យាងទៀត ការសិក្សាក៏បានលើកឡើងថាអ្នកហាត់ប្រាណពេលព្រឹកមិនសូវមានចំណង់អាហារទេដែលនេះអាចជួយមិនឲ្យឡើងទម្ងន់ និងជំរុញឲ្យយើងជ្រើសរើសរបបអាហារដែលល្អសម្រាប់សុខភាព។ ក្រៅពីជួយដល់ការសម្រកទម្ងន់ហើយ ការហាត់ប្រាណនៅពេលព្រឹកនៅមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បញ្ចុះសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល ហើយក៏ជួយដាស់ស្មារតីក្នុងការបំពេញការងារពេញមួយថ្ងៃផងដែរ។