ពេលដែលមានអាកាសធាតុក្ដៅ ឬហប់ខ្យល់ បើបានត្រូវខ្យល់ម៉ាស៊ីនត្រជាក់ ត្រជាក់ៗដូចមានក្ដីសុខណាស់គ្នាយើងម្នាក់ៗ។ ដោយសារតែប្រទេសយើងក្ដៅផង គ្នាយើងមួយចំនួនមានម៉ាស៊ីនត្រជាក់យ៉ាងតិចមួយដាក់នៅក្នុងផ្ទះ ឬបន្ទប់គេង ប៉ុន្តែមានដឹងអត់ថា ត្បិតវាផ្ដល់ភាពត្រជាក់ស្រួលដល់យើង តែវាក៏អាចប៉ះពាល់ដល់សុខភាពទូទៅយើងដែរ។
១.ស្ងួតភ្នែក
ម៉ាស៊ីនត្រជាក់អាចបណ្ដាលឲ្យភ្នែកស្ងួត ផ្ដល់ផលរំខាន អាចបណ្ដាលឲ្យស្រវាំងភ្នែក រមាស់ និងមានអារម្មណ៍ថាក្រហាយៗភ្នែក នៅពេលដែលយើងនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់យូរពេក។ ដូចនេះ បើគ្នាយើងមានបញ្ហាស្ងួតភ្នែកស្រាប់ គួរតែចៀសវាងកុំនៅក្រោមម៉ាស៊ីនត្រជាក់យូរ។
២.ខ្សោះជាតិទឹក
ស្របពេលដែលម៉ាស៊ីនធ្វើឲ្យក្នុងបន្ទប់ត្រជាក់ ជារឿយៗវាបឺតយកជាតិសើមជាងអ្វីដែលវាត្រូវការ។ បើយើងដាក់វានៅសីតុណ្ហភាពទាប ឱកាសដែលនៅក្នុងបន្ទប់មានភាពស្ងួតខ្ពស់។ ក្រៅពីធ្វើបន្ទប់ស្ងួត វាក៏ធ្វើឲ្យយើងខ្សោះខ្លួនដែរ។
៣. ឈឺក្បាល
កម្ដៅនៅបរិយាកាសខាងក្រៅ និងខាងក្នុងបន្ទប់ដែលប្រើម៉ាស៊ីនត្រជាក់មានភាពខុសគ្នាស្រឡះ ហើយនៅពេលដែលយើងចូលកន្លែងត្រជាក់ភ្លាមៗ វាអាចធ្វើឲ្យយើងឈឺក្បាល។ ការឈឺក្បាលនេះក៏អាចកើតឡើងនៅពេលដែលយើងខ្វះជាតិទឹកដែរ។ សម្រាប់គ្នាយើងដែលមានបញ្ហាឈឺក្បាលប្រកាំង បើត្រូវម៉ាស៊ីនត្រជាក់ពេក អាចធ្វើឲ្យអាការៈប្រកាំងធ្វើទុក្ខ។
៤. បញ្ហាផ្លូវដង្ហើម
ការត្រូវម៉ាស៊ីនត្រជាក់ច្រើនពេកអាចប៉ះពាល់ទៅដល់មុខងារធម្មតារបស់ច្រមុះ និងបំពង់ក។ វាអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម និងរលាក វាក៏អាចប៉ះពាល់ដល់សួតទៀតផង។
៥.ល្ហិតល្ហៃ
គ្នាយើងដែលនៅក្រោមម៉ាស៊ីនត្រជាក់យូរ អាចក្លាយជាខ្ជិល ឬអស់កម្លាំង។ សាកស្រមៃមើលថាវាប៉ះពាល់ដល់ផលិតភាពប៉ុនណា។
៦.ជំងឺហឺត និងអាល្លែកហ្ស៊ី
ម៉ាស៊ីនត្រជាក់អាចធ្វើឲ្យគ្នាយើងមានជំងឺហឺតធ្វើទុក្ខ ប្រសិនបើសម្អាតមិនបានល្អ។ ម៉្យាងទៀត វាក៏អាចប៉ះពាល់គ្នាយើងដែលមានអាល្លែកហ្សីច្រមុះដូចគ្នា។
៧.បញ្ហាសុខភាពផ្សេងៗ
ប្រសិនបើម៉ាស៊ីនត្រជាក់ខូច ឬមានធ្លាយសារធាតុរាវចេញមក វាអាចធ្វើឲ្យមានសារធាតុគីមីផ្សេងៗប៉ះពាល់ដល់សុខភាពយើង ផ្ទាល់តែម្ដង។ នេះជាហេតុមួយបង្កគ្រោះថ្នាក់ដល់សុខភាពយើងខ្លាំង។
[embed-health-tool-bmi]