ជំងឺរ៉ាំរ៉ៃ រួមមាន ជំងឺបេះដូង ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺមហារីក ជាឃាតកដ៏សាហាវ ឬអ្នកស្លាប់ដោយសារជំងឺទាំងនេះមានជាងពាក់កណ្ដាលនៃអត្រាមរណភាពនៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍យើង។ តើជំងឺទាំងនេះបង្កផលប៉ះពាល់ដូចម្ដេចខ្លះ?
ជាក់ស្ដែង ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងបញ្ហាជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ ហើយបើយោងតាមអង្គការសុខភាពពិភពលោក (WHO) អត្រាមរណៈ នៅក្នុងតំបន់ដោយសារតែជំងឺរ៉ាំរ៉ៃមានរហូតដល់៥៥%។ ជំងឺទាំងនេះ រួមមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺមហារីក។
ពិតណាស់ ជំងឺរ៉ាំរ៉ៃ ជាប្រភេទជំងឺមិនឆ្លងទាំងនេះ ជាឃាតករលេខ១ ដែលបានឆក់យកជីវិតមនុស្សប្រមាណ៨,៥លាននាក់ក្នុងមួយឆ្នាំៗ។
ការសិក្សាលើអាការៈខ្សោយបេះដូងនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានបង្ហាញថាប្រជាជនអាស៊ីអាគ្នេយ៍យើងប្រឈមនឹងការស្លាប់មុនអាយុសង្ឃឹមរស់ដោយសារជំងឺរ៉ាំរ៉ៃចន្លោះពី ១០ទៅជិត៣០ភាគរយ។
- ហ្វីលីពីន ២៧,៩%
- មីយ៉ាន់ម៉ា ២៤,៣%
- ឥណ្ឌូណេស៊ី ២៣,១%
- ម៉ាឡេស៊ី ១៩,៦%
- កម្ពុជា ១៧,៧%
- វៀតណាម ១៧,៤%
- ថៃ ១៦,២%
- សិង្ហបុរី ១០,២%
ការសិក្សាមួយទៀតដែលធ្វើឡើងនៅកោះតៃវ៉ាន់ បានរកឃើញជំងឺក្រិនសរសៃឈាមបេះដូង ឬកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម ជាមូលហេតុចម្បងទី២ ដែលធ្វើឲ្យមនុស្សបាត់បង់ជីវិត។ ចំណែកការសិក្សានៅប្រទេសឥណ្ឌាវិញ ជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសរសៃឈាមបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល បានរួមចំណែកនៃអត្រាមរណៈដល់ទៅ៦០% ។
ជាទូទៅ ជំងឺដ៏កាចសាហាវនេះ កើតឡើងបណ្ដាលមកពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ។ ទម្លាប់អាក្រក់មួយចំនួនដូចជារបបអាហារមិនល្អ អសកម្ម និងការប្រើប្រាស់ថ្នាំជក់ សុទ្ធតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃទាំងនេះ។
ផ្ទុយទៅវិញ ប្រសិនបើយើងមានទម្លាប់ប្រចាំថ្ងៃល្អ រួមមានរបបអាហារត្រឹមត្រូវ ហាត់ប្រាណទៀងទាត់ និងជៀសវាងការជក់បារី ឬថ្នាំជក់ផ្សេងៗ យើងអាចបង្ការគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម យ៉ាងហោចណាស់៨០%។
តើយើងគួរធ្វើយ៉ាងម៉េច?
ជាលទ្ធផល ទម្លាប់រស់នៅមិនល្អ និងហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ នៅតែមានវត្តមាននៅក្នុងតំបន់។ យោងតាមការស្ទង់មតិពីមិត្តអ្នកអានរបស់Hello Health ប្រមាណរាប់ពាន់នាក់ មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា តៃវ៉ាន់ និងឥណ្ឌាបានបង្ហាញថា មិត្តអ្នកអានយើងស្វែងរកប្រធានបទសុខភាពចំនួនបីច្រើនជាងគេ។ ផ្អែកលើការស្ទង់មតិប្រជាជនជាង៩ ០០០នាក់នៅទ្វីបអាស៊ី របស់Hello Health ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ បានរកឃើញថាអ្នកអាចនចង់ដឹងបំផុតលើ៖
- ទម្លាប់រស់នៅល្អ
- ការបង្ការជំងឺ
- ការព្យាបាល និងការគ្រប់គ្រងជំងឺ
ការស្ទង់មតិក៏បានបង្ហាញដែរថា ប្រជាជនអាស៊ីអាគ្នេយ៍ក៏មានការបារម្ភខ្លាំងអំពីជំងឺពិសេសផ្សេងទៀតដែរ។
កង្វល់លើបញ្ហាសុខភាពសំខាន់ៗរបស់ប្រជាជនអាស៊ីអាគ្នេយ៍
ការគ្រប់គ្រងទម្ងន់ និងស្រ្តេស បានឈរនៅលំដាប់ថ្នាក់កំពូលដែលប្រជាជននៅអាស៊ីអាគ្នេយ៍មានការបារម្ភបំផុត នេះបើយោងតាមការស្ទង់មតិលើមិត្តអ្នកអានរបស់ Hello Health។
បើនិយាយតែប្រទេសឥណ្ឌូណេស៊ីមួយ ប្រជាពលអ្នកចូលរួមស្ទង់មតិបង្ហាញកង្វល់ខ្លាំងលើ៖
- ការគ្រប់គ្រងស្រ្តេស
- ការគ្រប់គ្រងទម្ងន់
- ការបាក់ទឹកចិត្ត
បញ្ហាការគ្រប់គ្រងទម្ងន់ និងស្រ្តេស នៅតែស្ថិតក្នុងចំណាត់ថ្នាក់នៃកង្វល់ធំបំផុតមួយនៃបញ្ហាសុខភាព ដែលប្រជាជននៅអាស៊ីតែងតែមានចំពោះដៃគូរបស់ខ្លួន។ បញ្ហាទាំងពីរនេះតាមពីក្រោយជំងឺមហារីក ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់នៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសថៃ។
ចំពោះកង្វល់សុខភាពដែលយើងតែងតែមានការព្រួយបារម្ភចំពោះឪពុកម្ដាយ មានដូចជា សម្ពាធឈាមខ្ពស់ ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺមហារីក និងការឈឺចាប់រ៉ាំរ៉ៃ ដែលកត្តានេះបញ្ជាក់ឲ្យឃើញថាជនជាតិអាស៊ីនៅតែព្រួយបារម្ភពីបញ្ហាសុខភាពរ៉ាំរ៉ៃចំពោះខ្លួនឯង និងមនុស្សដែលនៅជុំវិញខ្លួន ព្រមទាំងកត្តាហានិភ័យផ្សេងៗ។
កង្វល់សុខភាពចម្បងរបស់ប្រជាជនអាស៊ីចំពោះប្ដី ឬប្រពន្ធ
ប្រជាជនអាស៊ីបានឈរលើចំណាត់ថ្នាក់កំពូល ជាអ្នកដែលបារម្ភចំពោះដៃគូរបស់ខ្លួនរួមមាន ការគ្រប់គ្រងស្រ្តេស និងការគ្រប់គ្រងទម្ងន់។
ការសិក្សានេះបានបង្ហាញជាក់លាក់ថា ក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនមានការព្រួយបារម្ភពីជំងឺបេះដូង ឯនៅតៃវ៉ាន់ប្រជាពលរដ្ឋបារម្ភខ្លាំងលើការឈឺចាប់រ៉ាំរ៉ៃ និងជំងឺភ្លេចភ្លាំងមុនអាយុ និងនៅក្នុងប្រទេសថៃ ក៏មានការព្រួយបារម្ភចំពោះសម្ពាធឈាមខ្ពស់ និងជំងឺមហារីក។
កង្វល់សុខភាពចម្បងរបស់ប្រជាជនអាស៊ីចំពោះឪពុកម្ដាយ
ក្នុងតំបន់អាស៊ី ប្រជាជនមានការបារម្ភចំពោះឪពុកម្ដាយលើបញ្ហា សម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។
ប្រភេទជំងឺដែលមានអ្នកមើលច្រើនបំផុត នៅលើវិបសាយ Hello Health មានទាក់ទងនឹងជំងឺរ៉ាំរ៉ៃ។ សុខភាពបេះដូងក៏ជាប់លំដាប់កំពូលដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងវិបសាយHello Health។ ចំណែកឯសម្ពាធឈាមខ្ពស់ ជាស្ថានភាពជំងឺដែលអ្នកអានចាប់អារម្មណ៍ជាងគេនៅក្នុងបណ្ដាប្រទេសភាគច្រើន លើកលែងតែប្រទេសឥណ្ឌា ហើយជំងឺដែលមានការចាប់អារម្មណ៍បន្ទាប់ មានដូចជាជំងឺបេះដូង ជំងឺខ្សោយបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងទៀត។
ជំងឺមហារីក និងជំងឺទឹកនោមផ្អែម នៅតែមានការចាប់អារម្មណ៍នៅក្នុងវិបសាយរបស់Hello Health ជាពិសេសជំងឺមហារីកថ្លើម ពោះវៀនធំ សួត និងមហារីកសុដន់។
ប្រភេទជំងឺដែលមានអ្នកមើលច្រើនបំផុត នៅលើគេហទំព័រ Hello Health
ផ្អែកតាមចំនួនអ្នកចូលអានសរុបក្នុងគេហទំព័រ Hello Health (និយាយដោយចំពោះតែនៅកម្ពុជា Hello Krupet) ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ចំនួនអ្នកអាចនជំងឺបេះដូង ៤១,៤ភាគរយ ជំងឺមហារីក ៣៦,១ភាគរយ ជំងឺទឹកនោមផ្អែម ២២,៤ភាគរយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលមាន០,២ភាគរយ។
កត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃ
នៅទ្វីបអាស៊ី ជំងឺរ៉ាំរ៉ៃប្រភេទណាដែលកើតញឹកញាប់បំផុត ហើយវាប៉ះពាល់ដល់រាងកាយយ៉ាងម៉េចខ្លះ?
ជំងឺបេះដូង
ការសិក្សាបានបង្ហាញថា ជំងឺសរសៃឈាមបេះដូង និងខ្សោយបេះដូងមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ជាពិសេសប្រសិនបើយើងមានកត្តាប្រឈមផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជក់បារី។ ជំងឺក្រិនសរសៃឈាមបេះដូង ជាជំងឺមួយដែលកើតឡើងបណ្ដាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃ។ កម្រិតសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ជក់បារី ទឹកនោមផ្អែម និងអសកម្ម ក៏ជាកត្តាហានិភ័យដែលធ្វើឲ្យយើងកើតជំងឺក្រិនសរសៃឈាមបេះដូង។
ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមជាជំងឺដែលមានសន្ទុះកើតឡើងខ្លាំងនៅក្នុងទ្វីបអាស៊ី។ ជំងឺនេះបានសម្លាប់មនុស្សប្រមាណ១,២លាននាក់នៅអាស៊ីអាគ្នេយ៍ និង១,៣លាននាក់ នៅបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។
កត្តាធាត់ជ្រុល អាចបង្កើនហានិភ័យក្នុងការវិវដ្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ហើយអ្នកជំងឺទឹកនោមផ្អែម ក៏ងាយប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងផងដែរ។
ជំងឺមហារីក
ពិតណាស់ ជំងឺមហារីកអាចកើតមានចំពោះមនុស្សទូទៅ។ ប៉ុន្តែក៏មានកត្តាជាក់លាក់មួយចំនួន ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកនេះដែរ ដូចជាកត្តាអាយុ និងហ្សែន។
ក្រៅពីនេះ ការប្រើប្រាស់ថ្នាំជក់ក៏អាចបង្កជាជំងឺមហារីកសួត មាត់ បំពង់ក និងសរីរាង្គដទៃទៀត។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមជាច្រើនករណី បណ្ដាលមកពីរបៀបរបបរស់នៅប្រចាំថ្ងៃ។ ទាំងនេះរួមមាន សម្ពាធឈាមខ្ពស់ ធាត់ជ្រុល ទឹកនោមផ្អែម និងកម្រិតកូលេស្តេរ៉ូលក្នុងឈាមខ្ពស់។ យើងអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល តាមរយៈការផ្លាស់ប្ដូរឥរិយាបថទាំងនេះ៖
- អសកម្ម
- របបអាហារមិនល្អ
- ការប្រើប្រាស់គ្រឿងស្រវឹង
- ជក់បារី
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមាន២ប្រភេទ គឺស្ទះសរសៃឈាមខួរក្បាល និងហូរឈាមក្នុងខួរក្បាល។ ជំងឺស្ទះសរសៃឈាមខួរក្បាលកើតឡើងរហូតដល់ ៨៧%នៃករណីគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បញ្ហានេះកើតឡើងនៅពេលដែលឈាមហូរទៅកាន់ខួរក្បាលប្រែទៅជាកកស្ទះ និងកាត់ផ្ដាច់ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល។ កត្តានេះបណ្ដាលឲ្យកោសិកាខួរក្បាលងាប់ និងបាត់បង់មុខងារ។
ហូរឈាមក្នុងខួរក្បាល បណ្ដាលមកពីការហូរឈាមលើផ្ទៃខួរក្បាល ដោយបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល។ លក្ខខណ្ឌសុខភាព ដូចជាសម្ពាធឈាមខ្ពស់ និងជំងឺប៉ោងសរសៃឈាម(Aneurysms) អាចនាំឲ្យសរសៃឈាមផ្ទុះ និងលេចធ្លាយឈាម ដែលអាចបន្ថែមសម្ពាធ និងសម្លាប់កោសិកាខួរក្បាល។
ចំណុចសំខាន់ៗ
- ជំងឺរ៉ាំរ៉ៃដែលមិនឆ្លង (NCDs) ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺមហារីក បានឆក់យកជីវិតប្រជាជនអាស៊ីអាគ្នេយ៍ប្រមាណ៨,៥លាននាក់។
- ចំពោះកង្វល់សុខភាពធំៗរបស់ប្រជាជនអាស៊ីអាគ្នេយ៍លើខ្លួនឯង និងមនុស្សជាទីស្រលាញ់ គឺជំងឺរ៉ាំរ៉ៃដែលមិនឆ្លង ហើយជំងឺទាំងនេះមានទាក់ទងនឹងកត្តាហានិភ័យផ្សេងៗ រួមទាំងការគ្រប់គ្រងទម្ងន់ ស្រ្តេស និងសម្ពាធឈាមខ្ពស់។
- របៀបរស់នៅត្រឹមត្រូវ ការបង្ការជំងឺ ការព្យាបាល និងការគ្រប់គ្រងជំងឺ គឺជាប្រធានបទដែលមានការស្វែងរកច្រើនបំផុតនៅតាមប្រព័ន្ធអនឡាញ។
- ជំងឺបេះដូងជាប្រភេទជំងឺដែលមានអ្នកចូលមើលច្រើនបំផុតនៅក្នុងវិបសាយHello Health ហើយសម្ពាធឈាមខ្ពស់ ជាលក្ខខណ្ឌសុខភាពដែលមានការចាប់អារម្មណ៍ច្រើនបំផុតនៅបណ្ដាប្រទេសភាគច្រើន។ ប្រភេទជំងឺផ្សេងទៀតដែលមានអ្នកចូលមើលច្រើន រួមមានជំងឺបេះដូង ជំងឺសរសៃឈាមបេះដូងផ្សេងទៀត ខ្សោយបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។
- ស្វែងយល់បន្ថែមពីកត្តាហានិភ័យចំពោះជំងឺទូទៅទាំងនេះ ដើម្បីជួយយើងបង្ការ និងគ្រប់គ្រងបញ្ហាសុខភាពទាំងនេះប្រកបដោយប្រសិទ្ធភាព។
- របៀបរស់នៅត្រឹមត្រូវ រួមទាំងរបបអាហារសុខភាព ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងជៀសវាងការជក់បារី ឬថ្នាំជក់ដទៃទៀត អាចបង្ការគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺបេះដូងមុនវ័យ និងជំងឺទឹកនោមផ្អែម។
[embed-health-tool-bmi]