ពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចជា ដំឡូងបំពង ឬនំកញ្ចប់ជាខ្លាំង ដែលមានន័យថារាងកាយយើងត្រូវការអំបិល (សូដ្យូម) បន្ថែមហើយ។ ហេតុអ្វីបានជាពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចនេះ?
មានហេតុផលជាច្រើនដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ៖
១. ខ្វះជាតិទឹក
នៅពេលរាងកាយយើងខ្វះជាតិទឹក ខួរក្បាលយើងនឹងបញ្ជូនសញ្ញាឱ្យយើងចង់ញុំាអាហារប្រៃៗដើម្បីឱ្យយើងញុំាទឹក។ អាការៈមួយ ចំនួនដែលបង្ហាញថារាងកាយយើងខ្វះជាតិទឹកមានដូចជា ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំជាដើម។
២. បែកញើសច្រើន
ពេលយើងបែកញើសច្រើន យើងនឹងបាត់បង់ជាតិទឹក និងសារធាតុសូដ្យូមច្រើនដែលធ្វើឱ្យរាងកាយយើងត្រូវការអាហារមានជាតិប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។
៣. ទម្លាប់ញុំាអាហារប្រៃៗ
ប្រសិនបើយើងចូលចិត្តញុំាអាហារប្រៃៗ រាងកាយយើងនឹងចង់ញុំាអាហារប្រៃៗទៀត ព្រោះជាទម្លាប់។ ប្រសិនបើយើងកាត់បន្ថយការញុំាអាហារប្រៃៗ យូរៗទៅរាងកាយយើងនឹងសុំានឹងការញុំាអាហារមិនសូវប្រៃ ឬសាបហើយ។
៤. ខ្សោយក្រពេញលើតម្រងនោម
ប្រសិនបើយើងខ្សោយក្រពេញលើតម្រងនោម រាងកាយយើងមិនអាចផលិតអ័រម៉ូនមួយចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រងតុល្យភាពជាតិទឹក និងសូដ្យូមក្នុងខ្លួនយើងដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃ។
៥. មានភាពតានតឹង
នៅពេលយើងស្ត្រេស រាងកាយយើងនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើងចង់ញុំាអាហារច្រើន ដើម្បីឱ្យអារម្មណ៍យើងធូរស្រាល ហើយជាទូទៅ អាហារដែលមានជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ និងធ្វើឱ្យសប្បាយចិត្ត។
៦. គេងមិនគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យយើងមានភាពតានតឹងកាន់តែខ្លាំង និងចង់ញុំាអាហារច្រើន។ ជាលទ្ធផលយើងចង់ញុំាអាហារដែលធ្វើឱ្យយើងសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។
៧. មានជំងឺ Bartter
ជំងឺ Bartter ជាជំងឺតម្រងនោម មួយប្រភេទដែលធ្វើឱ្យរាងកាយយើងមិនអាចស្រូបយកសារជាតិសូដ្យូម និងបណ្តាលឱ្យយើងចង់ញុំាសូដ្យូមបន្ថែម។ ជំងឺនេះមានអាការៈដូចជា សម្ពាធឈាមចុះទាប អស់កម្លាំង ឬរមួលសាច់ដុំ នោមញឹក ទល់លាមក និងមានគ្រួសក្នុងតម្រងនោម។
៨. ចាញ់កូន
ម៉ាក់ៗដែលពពោះអាចមានអាការៈចាញ់ដែលបណ្តាលឱ្យម៉ាក់ៗក្អួត និងខ្សោះជាតិទឹក និងធ្វើឱ្យម៉ាក់ៗចង់ញុំាអាហារប្រៃៗ។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៩. រោគសញ្ញាមុនពេលមករដូវ
មុនមករដូវ មួយអាទិត្យ ដោយសារការប្រែប្រួលអ័រម៉ូន ស្រីៗមួយចំនួនអាចចង់ញុំាអាហារប្រៃៗ ឬផ្អែមៗ។
១០. មានជំងឺសួតឡើងរឹង (Cystic Fibrosis)
សួតឡើងរឹងជាជំងឺតំណពូជដែលប៉ះពាល់ដល់សួត និងប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យរាងកាយយើងត្រូវការអំបិលច្រើន។ អាការៈសួតឡើងរឹងមានដូចជា ទល់លាមក គ្រួសក្នុងតម្រងនោម នោមញឹក សម្ពាធឈាមចុះទាប និងរមួលសាច់ដុំជាដើម។
នៅពេលយើងចង់ញុំាអាហារប្រៃៗ យើងអាចញុំាទឹកឱ្យបានច្រើនដើម្បីជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន និងញុំាអាហារដែលផ្ទុកប៉ូតាស្យូមខ្ពស់ដូចជា សារាយសមុទ្រ ដំឡូងជ្វា ស៊ុតស្ងោ ល្ងខ្មៅ គ្រាប់ផ្លែឈើដូចជា គ្រាប់Walnut និងផ្លែឈើដូចជា ផ្លែប៉ែស ចេក ព្រូន ប៊្លូបឺរី បឺរ ជាដើម ជាជាងញុំាអាហារដែលមានជាតិប្រៃខ្ពស់។
[embed-health-tool-bmi]