ក្រុមគ្រូពេទ្យនៅប្រទេសអង់គ្លេសបានព្រមានថាវីរុស COVID-19 អាចនឹងបង្កឲ្យមានជំងឺរលាកប្រភេទកម្រមកលើកុមារ តែវេជ្ជបណ្ឌិតខ្លះទៀតថានេះជាការសន្និដ្ឋានលឿនពេក និងត្រូវការទិន្ន័យបន្ថែម។
ទោះបីមានការព្រមានបែបនេះក្ដី អ្នកជំនាញសង្កត់ធ្ងន់ថាជំងឺធ្ងន់ធ្ងរកើតលើកុមារដោយវីរុស COVID-19 នេះគឺកម្រនឹងកើតមានណាស់។ ក្រុមគ្រូពេទ្យបានព្រមានកាលពីចុងសប្តាហ៍មុន នៅពេលដែល National Health Service របស់ប្រទេសអង់គ្លេសបានដាស់តឿនដល់គ្រូពេទ្យអំពីកុមារដែលមានជំងឺរលាកសរីរាង្គច្រើន និងត្រូវការការសង្គ្រោះបន្ទាន់។ កុមារមួយចំនួនក្នុងករណីជំងឺរលាកសរីរាង្គច្រើននេះតេស្ដវិជ្ជមានវីរុស COVID-19 និងមួយចំនួនទៀតមិនមានឆ្លងវីរុស COVID -19 ទេ។
ករណីកុមារឆ្លងជំងឺរលាកនេះមានរោគសញ្ញាស្រដៀងនឹងករណីកម្រពីរ។ មួយគឺ toxic shock syndrome ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត និងបង្កដោយជាតិពុលដែលផលិតដោយបាក់តេរីមួយប្រភេទ។ មួយទៀតគឺជំងឺ Kawasaki ជាជំងឺកើតលើកុមារបង្កឲ្យមានការរលាកសរសៃឈាម និងក្នុងករណីធ្ងន់ធ្ងរអាចបង្កការខូចខាតដល់បេះដូងទៀតផង។
នៅប្រទេសអង់គ្លេសកុមារដែលមានជំងឺរលាកមានរោគសញ្ញាគ្រុនក្ដៅ ការឈឺពោះធ្ងន់ធ្ងរ កន្ទួលក្រហមលើស្បែក និងសញ្ញាសម្គាល់ការរលាកធ្ងន់ធ្ងរក្នុងឈាម។ កុមារមួយចំនួនក្នុងករណីនេះក៏ត្រូវការការព្យាបាលសម្រាប់ការរលាកបេះដូងដែរ។ គិតមកដល់ពេលនេះ នៅប្រទេសអង់គ្លេសមានកុមារ១២នាក់មានកើតជំងឺរលាកដ៏កម្រនេះ។ ករណីស្រដៀងនេះដែរក៏មាននៅប្រទេសអេស្ប៉ាញ អ៊ីតាលី និងសហរដ្ឋអាមេរិក។ គ្រូពេទ្យនៅសហរដ្ឋអាមេរិកបានរាយការណ៍ក្នុង Pediatrics ពីទារកអាយុ៦ខែដែលមានជំងឺ Kawasaki និងតេស្ដវិជ្ជមានវីរុស COVID-19។
វេជ្ជបណ្ឌិត Courtney Gidengil អ្នកឯកទេសជំងឺឆ្លងកុមារនៅទីក្រុង Boston បានលើកឡើងថាទំនាក់ទំនងរវាងជំងឺ Kawasaki និងវីរុស COVID-19 គឺមិនមានអ្វីគួរភ្ញាក់ផ្អើលទេ ព្រោះគេមិនដឹងពីមូលហេតុបង្កជំងឺ Kawasaki។ ប៉ុន្តែមានការសន្និដ្ឋានថាជំងឺនេះអាចកើតមានដោយការឆ្លងវីរុសទូទៅ ហើយវីរុស COVID-19 អាចបង្កការរលាកបានរួមមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំយ៉ាងសកម្មដែលអាចបង្កឲ្យមានការខូចខាតសរីរាង្គច្រើន។ ដូចនេះមិនមានអ្វីគួរភ្ញាក់ផ្អើលដែរ ប្រសិនជាវីរុសនេះបង្កឲ្យជំងឺរលាកលើកុមារនេះ។
អ្នកស្រីក៏បានបន្តទៀតថាការលើកឡើងថាវីរុស COVID-19 បង្កជំងឺរលាកទៅលើកុមារនេះគឺឆាប់ពេកហើយដោយថានៅត្រូវការទិន្នន័យបន្ថែមសម្រាប់ការសន្និដ្ឋាននេះ។ យ៉ាងណាមិញ ការព្រមានពី National Health Service ប្រទេសអង់គ្លេសអាចឲ្យមនុស្សមានការប្រុងប្រយ័ត្នជាងមុន ទោះបីជាព័ត៌មាននេះអាចបង្កការព្រួយបារម្ភទៅលើប៉ាម៉ាក់ក៏ដោយ ប៉ុន្តែគួរចាំដែរថាផលវិបាកធ្ងន់ធ្ងរនៃវីរុស COVID-19 គឺកម្រកើតមានលើកុមារណាស់។
អត្ថបទពាក់ព័ន្ធ៖
- ម្រាមជើងឡើងពណ៌ស្វាយ និងហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19
- ការសិក្សាថ្មីបញ្ជាក់ថាការលែងដឹងក្លិន និងរសជាតិជារោគសញ្ញាដំបូងនៃការឆ្លងCOVID-19
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- អ្នកវិទ្យាសាស្រ្តអង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]