គ្រូពេទ្យនៅប្រទេសចិនបានរកឃើញវីរុស COVID-19 ក្នុងករណីឆ្លងថ្មីនៅតំបន់ភាគឦសាននៃប្រទេសចិនមានលក្ខណៈខុសគ្នាទៅនឹងវីរុសដែលកើតមាននៅទីក្រុងអ៊ូហាន ដែលថានេះអាចបញ្ជាក់ថាវីរុសCOVID-19 អាចនឹងការប្រែប្រួលក្នុងទម្រង់ណាមួយ និងធ្វើឲ្យវិធានការណ៍ទប់ស្កាត់វីរុសនេះកាន់តែពិបាកជាងមុន។
សារព័ត៌មាន Bloomberg រាយការណ៍នៅថ្ងៃទី២០ ខែឧសភា នេះ ដោយដកស្រង់សម្ដីលោកវេជ្ជបណ្ឌិត Qiu Haibo ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ថា អ្នកជំងឺនៅខេត្ត Jilin និងHeilongjiang ហាក់ដូចជាមានរយៈពេលផ្ទុកវីរុស និងជាសះស្បើយយូរជាងមុន។ ករណីឆ្លងនៅតំបន់ភាគឦសានអាចនឹងចេញរោគសញ្ញាក្រោយការឆ្លងយូរជាងករណីដែលកើតមាននៅទីក្រុងអ៊ូហានដែលអាចយូរជាងរហូតដល់ពីរសប្ដាហ៍ ហើយអ្នកជំងឺចេញរោគសញ្ញាក្រោយពីឆ្លងវីរុសយូរបែបនេះ អាចនឹងធ្វើឲ្យអាជ្ញាធរមានការពិបាកក្នុងការរកឃើញករណីឆ្លងមុននឹងមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាពិសេសការឆ្លងក្នុងគ្រួសារ។ បើតាមសេចក្ដីរាយការណ៍មានករណីឆ្លងចំនួន ៤៦ករណីក្នុងរយៈពេលពីរសប្ដាហ៍នេះនៅទីក្រុង Shulan Jilin និង Shengyang។
អ្នកវិទ្យាសាស្ត្រនៅមិនទាន់យល់ច្បាស់ថាតើវីរុសនេះមានផ្លាស់ប្ដូរក្នុងទម្រង់ណាឲ្យប្រាកដនៅឡើយ។ ម្យ៉ាងថាភាពខុសគ្នាដែលគ្រូពេទ្យនៅប្រទេសចិនបានរកឃើញនេះអាចមកពីគ្រូពេទ្យនៅប្រទេសចិនបានសិក្សាទៅលើអ្នកជំងឺបានលម្អិត និងស្ថិតក្នុងដំណាក់កាលឆ្លងដំបូងបានលឿនជាងការសិក្សាទៅលើអ្នកជំងឺនៅទីក្រុងអ៊ូហាន។ នៅពេលមានការផ្ទុះឡើងដំបូងនៅទីក្រុងអ៊ូហាន ប្រព័ន្ធសុខាភិបាលប្រទេសចិនផ្ដោតទៅលើតែករណីធ្ងន់ធ្ងរប៉ុណ្ណោះ ហើយករណីឆ្លងថ្មីនៅតំបន់ភាគឦសានគឺមានចំនួនតិចជាងនៅទីក្រុងអ៊ូហានដែលមានករណីឆ្លងរហូតជាង ៦៨ ០០០ករណី។
គ្រូពេទ្យដែលព្យាបាលអ្នកជំងឺ COVID-19 នៅតំបន់ភាគឦសានបានសង្កេតឃើញថាអ្នកជំងឺនៅទីនោះភាគច្រើនទទួលរងការខូចខាតនៅនឹងសួត រីឯអ្នកជំងឺនៅទីក្រុងអ៊ូហានវិញគឺទទួលរងការខូចខាតសរីរាង្គជាច្រើនមានដូចជាបេះដូង តម្រងនោម និងពោះវៀន។ ប៉ុន្តែក្នុងចំណោមអ្នកឆ្លងនៅតំបន់ភាគឦសាន មានត្រឹម១០%ប៉ុណ្ណោះមានស្ថានភាពធ្ងន់ធ្ងរ និង២៦នាក់ទៀតសម្រាកនៅមន្ទីរពេទ្យ។
មន្ត្រីចិនជឿថាករណីឆ្លងថ្មីនេះអាចមានទំនាក់ទំនងនឹងអ្នកឆ្លងមកពីប្រទេសរុស្សី ព្រោះលំដាប់ហ្សេននៃវីរុសនៅតំបន់ភាគឦសានដូចទៅនឹងវីរុសនៅប្រទេសរុស្សី។ ខេត្តនៅតំបន់ភាគឦសានដែលមានករណីឆ្លងថ្មីនេះបានចាត់វិធានការណ៍បិទទីក្រុង ផ្អាកសេវាកម្មរថភ្លើង និងបិទសាលារៀនជាថ្មីម្ដងទៀត។
អត្ថបទពាក់ព័ន្ធ៖
- អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុងបញ្ជីរោគសញ្ញាវីរុស COVID-19
- អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន
- អ្នកស្រាវជ្រាវរកឃើញមូលហេតុប្រុសៗឆ្លងវីរុស COVID-19 ច្រើន និងងាយស្លាប់ជាងស្រីៗ
- វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម តែមានច្រើនជាងនេះទៅទៀត
- ចិនរកឃើញ COVID-19 មានក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លងតាមការរួមភេទ
- ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមានប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]