អ្នកវិទ្យាសាស្ត្ររបស់អង់គ្លេសនឹងចាប់ផ្តើមធ្វើតេស្ដការព្យាបាលថ្មីមួយដែលគេសង្ឃឹមថាអាចប្រឆាំងផលប៉ះពាល់របស់ COVID-19 មាននៅលើអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ។
សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា នេះថា អ្នកវិទ្យាសាស្រ្តបានរកឃើញថាអ្នកជំងឺ COVID-19 ស្ថានភាពធ្ងន់ធ្ងរមានចំនួនកោសិកាប្រព័ន្ធភាពស៊ាំប្រភេទ T-cell ទាបខ្លាំង។ T-cell គឺជាកោសិកាប្រព័ន្ធភាពស៊ាំដែលជួយកម្ចាត់ការឆ្លងមេរោគក្នុងរាងកាយ។
ការព្យាបាលសាកល្បងនឹងវាយតម្លៃទៅលើថ្នាំឈ្មោះ interleukin 7 ជួយបង្កើនចំនួនកោសិកា T-cell នេះដែលជួយឲ្យអ្នកជំងឺជាសះស្បើយ។ ការព្យាបាលសាកល្បងនេះមានការចូលរួមពីវិទ្យាស្ថាន Francis Crick មន្ទីរពេទ្យ St Thomas’ និង King’s College London។ អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើកោសិកាប្រព័ន្ធភាពស៊ាំនៅក្នុងឈាមរបស់អ្នកជំងឺ COVID-19 និងរកឃើញថាមានការរាំងស្ទះការបង្កើតកោសិកា T-cell នេះ។
កោសិកា T-cell នេះព្យាយាមការពារអ្នកជំងឺពេលឆ្លងវីរុស ប៉ុន្តែវីរុសកូរ៉ូណាថ្មីហាក់ដូចជាមានសកម្មភាពទប់ស្កាត់មិនឲ្យមានការបង្កើតកោសិកានេះបាន ដែលធ្វើឲ្យចំនួនកោសិកានេះធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកស្រាវជ្រាវរកឃើញថានៅក្នុងឈាមរបស់អ្នកមានសុខភាពល្អ ១មីក្រូលីត្រឈាមមានកោសិកា T-cell ពី២ ០០០ ទៅ ៤ ០០០កោសិកា។ ប៉ុន្តែសម្រាប់អ្នកជំងឺ COVID-19 មានត្រឹមតែពី២០០ ទៅ១ ២០០កោសិកាប៉ុណ្ណោះ។
លោក Manu Shankar-Hari ទីប្រឹក្សាផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ St Thomas’ បានលើកឡើងថាក្រុមគ្រូពេទ្យសង្ឃឹមថានៅពេលដែលគេអាចបង្កើនចំនួនកោសិកា នោះវីរុសក្នុងរាងកាយក៏នឹងត្រូវកម្ចាត់អស់។ នេះមកពីអ្នកជំងឺ COVID-19 ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរមានចំនួនកោសិកា T-cell នេះចន្លោះពី ៤០០ទៅ៨០០ប៉ុណ្ណោះក្នុងឈាមមួយមីក្រូលីត្រ។ លោកបានបន្ថែមទៀតថានៅពេលអ្នកចាប់ផ្ដើមជាសះស្បើយ ចំនួនកោសិកានេះនឹងចាប់ផ្តើមត្រលប់មកដូចធម្មតាវិញ។
អ្នកវិទ្យាសាស្ត្របានលើកឡើងថាការរកឃើញអំពីទំនាក់ទំនងរវាងវីរុស និងប្រព័ន្ធភាពស៊ាំអាចជួយដល់ពួកគេក្នុងការបង្កើតតេស្ដដើម្បីពិនិត្យមើលកម្រិតកោសិកា T-cell ក្នុងឈាមដែលអាចផ្ដល់នូវការដឹងមុនថាអ្នកណាខ្លះអាចមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ ម៉្យាងទៀតក៏អាចផ្តល់នូវវិធីព្យាបាលជាក់លាក់សម្រាប់ទប់ស្កាត់ការថយចុះនៃកោសិកាប្រព័ន្ធភាពស៊ាំប្រភេទ T-cell នេះដែរ។
អ្នកវិទ្យាសាស្រ្តបានចាប់ផ្ដើមតេស្ដថ្នាំ Interleukin 7 ទៅលើក្រុមអ្នកជំងឺតូចមួយដែលមាន Sepsis (ករណីមានបាក់តេរីនៅក្នុងឈាម) និងឃើញថាថ្នាំនេះមានសុវត្ថិភាពក្នុងការបង្កើនការផលិតកោសិកា T-cell។ ក្នុងការសាកល្បងនេះ គេនឹងឲ្យថ្នាំនេះដល់អ្នកជំងឺដែលមានកោសិកានេះទាប និងស្ថិតក្នុងផ្នែកសង្គ្រោះបន្ទាន់ច្រើនជាង៣ថ្ងៃ។
ការសិក្សានេះដែរក៏អាចផ្តល់ការយល់ដឹងទៅលើអន្តរកម្មរវាងវីរុស និងប្រព័ន្ធភាពស៊ាំដែលលោកសាស្ត្រាចារ្យ Adrian Hayday នៅវិទ្យាស្ថាន Crick ថានេះអាចជាព័ត៌មានសំខាន់ដែលអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងសិក្សាឈ្វេងយល់។
អត្ថបទពាក់ព័ន្ធ៖
- អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុងបញ្ជីរោគសញ្ញាវីរុស COVID-19
- អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន
- អ្នកស្រាវជ្រាវរកឃើញមូលហេតុប្រុសៗឆ្លងវីរុស COVID-19 ច្រើន និងងាយស្លាប់ជាងស្រីៗ
- វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម តែមានច្រើនជាងនេះទៅទៀត
- ចិនរកឃើញ COVID-19 មានក្នុងទឹកកាមអ្នកជំងឺ បារម្ភថាវីរុសអាចឆ្លងតាមការរួមភេទ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]