ក្រុមអ្នកវិទ្យាសាស្រ្តនៃ វិទ្យាស្ថានស្រាវជ្រាវ Scripps នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរកឃើញបច្ចេកទេសថ្មី តេស្តដឹងថាតើយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬអត់ ដើម្បីអាចមានវិធានការព្យាបាលទាន់ពេល។
តាមសារព័ត៌មាន Medicalxpress ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានរកឃើញ វិធីដោយការយក កោសិកាតូចមួយ មកធ្វើតេស្តផ្សាំជាមួយនឹងកោសិកាឈាម ( T-Cells) ប្រឆាំងអាំងស៊ុយលីន ដើម្បីឲ្យដឹងពីភាពស៊ាំនឹងរោគទឹកនោមផ្អែមប្រភេទ ១ នៃកោសិការាងកាយ ដែលបានយកមកធ្វើតេស្ត។ ជាមួយនីតិវិធីនេះ អ្នកវិទ្យាសាស្រ្តអាចដឹងថា យើងអាចកើតមានជំងឺទឹកនោមផ្អែម ដំណាក់កាលដំបូង ឬអត់ បានយ៉ាងច្បាស់ ដើម្បីឲ្យត្រៀមខ្លួនមានវិធានការ ព្យាបាលទាន់ពេល ជាពិសេសលើយុវវ័យ។
បើតាមលោក សាស្រ្តាចារ្យ Luc Teyton អ្នកដឹកនាំការស្រាវជ្រាវខាងលើ បានឲ្យដឹងថា ដំបូងឡើងការស្រាវជ្រាវធ្វើឡើង ដោយយកកោសិកាសត្វកណ្តុរមកពិសោធ ហើយបន្ទាប់ពីនេះ នឹងធ្វើអនុវត្តយន្តការនេះទៅលើមនុស្ស ដើម្បីព្យាបាល។
ជំងឺទឹកនោមផ្អែមប្រភេទ ១ ជាប្រភេទជំងឺស៊ាំ ងាយកើតឡើងលើយុវវ័យ អាយុពី ២០ ឆ្នាំឡើង ដោយទៅបង្អាក់សមត្ថភាពផលិតអាំងស៊ុយលីន នៅក្នុងរាងកាយ។ ហើយចំពោះ រោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ភាគច្រើន គេអាចដឹងនៅពេលវាលេចឡើងជាអាការៈជារោគសញ្ញាកើតឡើងប៉ុណ្ណោះ ជាហេតុធ្វើឲ្យពិបាកព្យាបាលឲ្យបានទាន់ពេល។
អត្ថបទពាក់ព័ន្ធ៖
- ទឹកនោមផ្អែមប្រភេទ ១ និង ២ ខុសគ្នាម៉េចខ្លះ?
- ចេះការពារផងស្រីៗ! បើមិនចង់កើតទឹកនោមផ្អែមមុនសម្រាលបេប៊ី
គួរបញ្ជាក់ផងដែរថា ក្រុមស្រាវជ្រាវ បានចំណាយពេលប្រមាណ ៥ឆ្នាំ លើការស្រាវជ្រាវខាងលើ ដោយប្រើបច្ចេកវិទ្យាទំនើបជាជំនួយក្នុងការសម្គាល់កោសិកា។ បើតាមក្រុមអ្នកស្រាវជ្រាវលើកឡើង នេះរបកគំហើញមួយ អាចជួយត្រួសត្រាយផ្លូវសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ឲ្យមានប្រសិទ្ធិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]