ជាដំណឹងល្អមួយចំពោះស្រីៗគ្នាយើង ដោយការសិក្សាថ្មីមួយនៅអាមេរិក រកឃើញថា ទោះស្រីៗទទួលវ៉ាក់សាំងការពារមេរោគ HPV (ការពីជំងឺមហារីកមាត់ស្បូន)ត្រឹមតែមួយដូស ក៏មានប្រសិទ្ធភាពការពារដូចគ្នាទៅនឹងយើង ទទួលវ៉ាក់សាំង ២-៣ ដូសដែរ។
HPV គឺជាក្រុមមេរោគដែលមានសរុបជាង ២០០ប្រភេទ ដែលងាយឆ្លងបំផុតតាមរយៈការរួមភេទ។ ក្នុងករណីភាគច្រើន មេរោគនេះ អាចបង្កកើតជំងឺមហារីកកាចសាហាវចំនួន ៦ប្រភេទ មានដូចជា មហារីកមាត់ស្បូន មហារីករន្ធគូទ មហារីកលិង្គ មហារីកទ្វារមាស មហារីកបបូរទ្វារមាស និងមហារីកបំពង់អាហារ (មាត់ និងក)។
ការសិក្សាថ្មីមួយទើបចេញផ្សាយលើបណ្តាញសារព័ត៌មានវេជ្ជសាស្ត្រអាមេរិក JAMA Network Open រកឃើញថា ស្រីៗមិនធ្លាប់ចាក់វ៉ាក់សាំងការពារមេរោគ HPV (ជំងឺមហារីកមាត់ស្បូន) នៅតែមានហានិភ័យឆ្លងមេរោគខ្ពស់ ខណៈស្រីៗទទួលបានវ៉ាក់សាំងតែម្តង ឬមួយដូសក៏ដោយ នៅតែមានប្រសិទ្ធភាពការពារស្មើគ្នាទៅនឹងស្រីៗទទួលវ៉ាក់សាំង ២-៣ ដូសដែរ។
ការសិក្សាផ្អែកទៅលើការវិភាគទិន្នន័យ លើស្ត្រីសរុប ១៦២០នាក់ អាយុចន្លោះពី ១៨-២៦ ឆ្នាំ ដោយក្រុមអ្នកស្រាវជ្រាវ បានផ្តោតសំខាន់ទៅលើការទទួលវ៉ាក់សាំង និងអត្រាឆ្លងមេរោគ HPV ក្នុងចំណោមស្រ្តីទាំងនោះចន្លោះឆ្នាំ ២០០៩-២០១៦។
លទ្ធផលការសិក្សារកឃើញថា ក្នុងចំណោមស្រីៗ ១០០៤នាក់ មិនទទួលបានវ៉ាក់សាំងការពារ មាន ១១១នាក់ ឆ្លងមេរោគ HPV ប្រភេទ ៦, ប្រភេទ១១ ប្រភេទ ១៦ ឬប្រភេទ ១៨ ខណៈក្នុងចំណោមស្រីៗ ១០៦នាក់ ទទួលវ៉ាក់សាំងបានម្តង មានត្រឹម ៤នាក់ប៉ុណ្ណោះឆ្លងមេរោគ។ ជាមួយគ្នានេះ ស្រីៗទទួលបានវ៉ាក់សាំង ២ដង សរុប ១២៦នាក់ មាន ៧នាក់ ឆ្លងមេរោគ រីឯស្រីៗទទួលវ៉ាក់សាំង HPV ដល់ទៅ ៣ដង មាន ១៤/៣៨៤ នាក់ ឆ្លងមេរោគ។
អត្ថបទពាក់ព័ន្ធ៖
- ដឹងមូលហេតុបង្ក និងរោគសញ្ញា ទើបអាចការពារខ្លួនពីមេរោគ HPV បាន
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
ក្នុងរបាយការណ៍នេះ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ការសិក្សារបស់ពួកគេ គឺចង់បញ្ជាក់ថា ស្រីៗទទួលបានវ៉ាក់សាំងការពារត្រឹមមួយដង ក៏មានប្រសិទ្ធភាពការពារខ្ពស់ដូចគ្នា បើធៀបទៅនឹងស្រីៗទទួលវ៉ាក់សាំង ២-៣ ដង។
យោងតាមការអះអាងរបស់លោក Ashish Deshmukh ជំនួយការសាស្ត្រចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រដ្ឋតិចសាស់ សហរដ្ឋអាមេរិក សម្រាប់ពេលនេះ ចំនួនអ្នកទទួលបានវ៉ាក់សាំង HPV ជុំវិញសកលលោក គឺទាបជាង ១០% ដោយសារតែតម្លៃវ៉ាក់សាំងថ្លៃ នាំឲ្យបណ្តាប្រទេសក្រីក្រមួយចំនួន ពិបាកនឹងទទួលបានសេវាការពារសុខភាពដ៏សំខាន់នេះ។ យ៉ាងណា ចំពោះក្មេងប្រុស និងក្មេងស្រី គួរតែទទួលបានវ៉ាក់សាំង យ៉ាងហោចណាស់មួយដង ក្នុងមួយជីវិត គឺជារឿងសំខាន់បំផុតសម្រាប់ប្រទេសមានធនធានមានកម្រិត ស្របពេលមនុស្សវ័យជំទង់ក្នុងបណ្តាប្រទេសជាច្រើនទៀត នៅតែខ្វះខាតលទ្ធភាពទទួលវ៉ាក់សាំងឲ្យគ្រប់តាមការណែនាំ ២-៣ ដងក្នុងមួយជីវិត។
លោកថា ការសិក្សានេះ គឺចង់បង្ហាញឲ្យច្បាស់ថា ចំពោះបណ្តាប្រទេសមានធនធានតិចតួច ការទទួលបានវ៉ាក់សាំងត្រឹមតែមួយដងសម្រាប់ក្មេងៗ គឺរឿងចាំបាច់ ហើយក៏អាចការពារពីមេរោគកាចសាហាវនេះបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់?
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក CDC នៅទូទាំងសកលលោក យ៉ាងហោចណាស់មានមនុស្ស ៨០% បានឆ្លងមេរោគ HPV ប៉ុន្តែករណីភាគច្រើនមិនបង្កជាមហារីកនោះទេ ខណៈក្នុងចំណោមអ្នកឆ្លងមេរោគប្រឈមហានិភ័យមហារីកខ្ពស់ គឺមាន ៥០% វិវត្តទៅជាជំងឺមហារីក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]