វីរុសផ្លូវដង្ហើមថ្មី ដែលយើងស្គាល់ថា វីរុសកូរ៉ូណាថ្មី ឬ 2019-nCov កំពុងធ្វើឲ្យពិភពលោកភ័យខ្លាចយ៉ាងខ្លាំង ដោយបានឆ្លងរាលដាលលើមនុស្សរាប់ម៉ឺននាក់ ក្នុងប្រទេសជាច្រើន រាប់ទាំងតំបន់អាស៊ានទៀតផង។
ការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី ដែលមានរោគសញ្ញាដូចជាជំងឺរលាកសួតមួយនេះ បានជំរុញឲ្យអង្គការសុខភាពពិភពលោក ធ្វើការប្រកាសអាសន្ន ដោយសារវាបានឆក់យកជីវិតមនុស្ស ៥៦០នាក់ រួចមកហើយ បើគិតត្រឹមថ្ងៃព្រសហ្បតិ៍ សប្តាហ៍នេះ។
ខាងក្រោមនេះ គឺចំណុចសំខាន់ៗទាំង ៦ ដែលបង្ហាញពីការផ្ទុះឡើង ការវិវត្ត និងស្ថានភាពជុំវិញពិភពលោក ក្រោយផ្ទុះចេញវីរុសកូរ៉ូណាថ្មីនេះ គ្នាយើងគួរដឹង។
១- ចិន មានករណីឆ្លង និងស្លាប់ច្រើនបំផុតលើលោក
ពលរដ្ឋទូទាំងប្រទេសចិន ជាង ២ម៉ឺននាក់ បានឆ្លងវីរុសកូរូណាថ្មី ដោយក្នុងនោះ ខេត្តហូប៉ី មានការឆ្លងអាក្រក់បំផុត។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អត្រាអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី នឹងកើនឡើងកាន់តែច្រើនថែមទៀត ខណៈអាជ្ញាធរចិន បានចេញវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីកសាយភាយមេរោគមរណៈថ្មីនេះ។
វិធានការរឹតបន្តឹងការធ្វើដំណើរក្នុងបណ្តាទីក្រុងមួយចំនួនរបស់ខេត្ត ហូប៉ី ត្រូវគេអនុវត្ត ខណៈពលរដ្ឋទាំងអស់ ត្រូវស្នើឲ្យពាក់ម៉ាស់ការពារ ពេលចេញទៅតាមទីសាធារណៈ។
រដ្ឋាភិបាលចិន ក៏បានបិទទ្វារទីអារាម ទីក្រុងបុរាណ និងតំបន់មួយចំនួនរបស់មហាកំពែង ក្នុងចេតនាទប់ស្កាត់ការរីកសាយភាយវីរុសកូរូ៉ណាថ្មី។
ការរឹតបន្តឹងតាមទីសាធារណៈ ចាប់ផ្តើមឡើងមួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់ ដែលជាពេលពលរដ្ឋចិនរាប់រយលាននាក់ ធ្វើដំណើរទៅកាន់ស្រុកកំណើត ខណៈថ្ងៃឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិចិន ត្រូវគេពន្យា ៣ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ក្នុងចេតនាទប់ស្កាត់ការរីកសាយភាយវីរុស។
WHO កាលពីសប្តាហ៍មុន បានប្រកាសអាសន្នជុំវិញពិភពលោក ដែលការប្រកាសអាសន្ននេះ ត្រូវអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus អះអាងថា មិនមែនដោយសារអ្វីដែលកើតឡើងក្នុងប្រទេសចិននោះទេ ប៉ុន្តែវាបានកើតឡើងដូចគ្នា ជុំវិញពិភពលោក។ អ្វីនាំឲ្យអង្គការសុខភាពពិភពលោក ព្រួយបារម្ភខ្លាំង គឺការឆ្លងរាលដាលក្នុងបណ្តាប្រទេសមានប្រព័ន្ធសុខាភិបាលខ្សោយតែម្តង។
២- ខេត្តហូប៉ី ផ្ទុះការឆ្លងវីរុសអាក្រក់បំផុត
ករណីឆ្លងជាង ១៦.០០០ ត្រូវអះអាងកើតក្នុងខេត្តហូប៉ី ជាចំណុចកណ្តាលនៃការផ្ទុះឆ្លងរាលដាលវីរុស ខណៈចំនួនអ្នកស្លាប់ដោយសារវីរុស ក្នុងខេត្តហូប៉ី ក៏ច្រើនជាងតំបន់ណាៗទាំងអស់ជុំវិញពិភពលោក។
ការរឹតបន្តឹងសេវាសាធារណៈផ្សេងៗ ក្នុងខេត្តហូប៉ី បានកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋប្រមាណ ២០លាននាក់ ក្នុងទីក្រុងទាំង ១០ របស់ខេត្តមួយនេះ រាប់បញ្ចូលទាំងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះវីរុសដំបូងបង្អស់ផងដែរ។
ប្រភពដើមរបស់វីរុសកូរូណាថ្មី គឺទាក់ទងទៅនឹងការជួញដូរសត្វព្រៃខុសច្បាប់ក្នុងទីផ្សារគ្រឿងសមុទ្ររបស់ទីក្រុងវូហាន ដែលត្រូវគេអះអាងមានលក់គ្រប់ប្រភេទសត្វព្រៃ និងសត្វហាមឃាត់ រាប់បញ្ចូលទាំង ប្រចៀវ ពស់ ទន្សាយ និងអំបូរសត្វកកេរ ដូចជាកណ្តុរ និងសត្វ Marmot ជាដើម។ ប្រភពព័ត៌មានពីមន្ត្រីទីក្រុងវូហាន រយៈពេល ៦ ថ្ងៃចុងក្រោយនេះ គ្មានពលរដ្ឋណាម្នាក់អាចចាកចេញពីទីក្រុងនោះឡើយ ខណៈតាមបណ្តាគ្រឹះស្ថានអប់រំទូទាំងខេត្តហូប៉ី បានតាមដានសុខភាពសិស្សយ៉ាងទៀងទាត់ រៀងរាល់ថ្ងៃ តាមរយៈការវាស់សីតុណ្ហភាពរាងកាយ និងតម្រូវឲ្យពាក់ម៉ាស់គ្រប់ៗគ្នា។
តម្រូវការសេវាសុខាភិបាលក្នុងទីក្រុងវូហាន ក្រោយផ្ទុះឆ្លងវីរុសកូរូ៉ណាថ្មី នាំឲ្យរដ្ឋាភិបាលចិន សាងសង់មន្ទីរពេទ្យថ្មី ២ផ្សេងទៀត ក្នុងរយៈពេលត្រឹមតែ ៨ថ្ងៃ ដែលមានសមត្ថភាពទទួលអ្នកឆ្លងមេរោគសម្រាកព្យាបាលបាន ២៥០០នាក់។
៣- បណ្តាប្រទេសផ្សេងទៀតដែលរកឃើញករណីឆ្លងវីរុសកូរូណាថ្មី
ហ្វលីពីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានអះអាងមានអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មី ជាបុរសវ័យ ៤៤ឆ្នាំ និងត្រូវចាត់ទុកជាករណីស្លាប់ទី១ ក្រៅពីប្រទេសចិន រីឯទីក្រុងហុងកុង ទើបអះអាងករណីស្លាប់ដំបូងកាលពីថ្ងៃអង្គារ។
ក្រៅពីប្រទេសហ្វីលីពីន បណ្តាប្រទេសជាង ២០ផ្សេងទៀត ជុំវិញពិភពលោក សុទ្ធតែរកឃើញមានអ្នកផ្ទុកវីរុសផ្លូវដង្ហើមថ្មីនេះ ប៉ុន្តែមិនមានករណីស្លាប់នោះឡើយ ដូចជាជប៉ុន ថៃ អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស វៀតណាម អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ញូវហ្សេឡែន ម៉ាឡេស៊ី នេប៉ាល់ ប៊ែលហ្សិក ឥណ្ឌា ស្រីលង្គការ រុស្ស៊ី កោះតៃវ៉ាន់ អ៊ីតាលី អេស្ប៉ាញ អារ៉ាប់រួម ហ្វាំងឡង់ ស៊ុយអែត និងកម្ពុជាផងដែរ ដោយករណីភាគច្រើន អ្នកឆ្លងវីរុសកូរូ៉ណាថ្មី សុទ្ធតែធ្វើដំណើរមកពីប្រទេសចិន។
ករណីឆ្លងរាលដាលជុំវិញពិភពលោក បង្ខំឲ្យបណ្តាប្រទេសជាច្រើន សម្រេចបិទជើងហោះហើរជាមួយប្រទេសចិនជាបណ្តោះអាសន្ន ក្នុងចេតនាទប់ស្កាត់ការរីកសាយភាយវីរុសបន្តទៀត។
អត្ថបទពាក់ព័ន្ធ៖
- អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីលើនាវាទេសចរណ៍ចូលចតនៅជប៉ុនកើនឡើងដល់២០នាក់
- ករណីថ្មីបំផុតទារកទើបកើតបាន៣០ម៉ោងឆ្លងវីរុសកូរ៉ូណាថ្មីនៅចិន
- អ្នកឆ្លងវីរុសកូរ៉ូណាថ្មីជាង ៧០០នាក់នៅចិនស្ម័គ្រចិត្តធ្វើតេស្តឱសថប្រឆាំងវីរុស
៤- រោគសញ្ញា និងបញ្ហាផ្លូវដង្ហើម
វីរុសកូរូ៉ណាថ្មី ជាធម្មតាបង្កជារោគសញ្ញាផ្លូវដង្ហើម ដូចជា ក្អក និងហៀរសំបោរជាដើម។ ប៉ុន្តែករណីមួយចំនួន វាបញ្ចេញរោគសញ្ញាធ្ងន់ធ្ងរ ដូចជារោគសញ្ញាជំងឺ SARS ដែរ។
ការផ្ទុះមេរោគថ្មីនេះ ត្រូវបានគេឲ្យឈ្មោះបណ្តោះអាសន្នថា Novel coronavirus ឬ 2019-nCoV ដែលជាមេរោគថ្មីមួយ មិនធ្លាប់រកឃើញលើមនុស្សពីមុនមកឡើយ ហើយវាបញ្ចេញរោគសញ្ញាដំបូងជាមួយអាការៈគ្រុនក្តៅ បន្ទាប់មក មានក្អកស្ងួត ហើយមួយសប្តាហ៍ក្រោយ និងធ្វើឲ្យពិបាកដកដង្ហើមតែម្តង។ ប៉ុន្តែក្នុងករណីមួយចំនួន គឺអាចធ្វើឲ្យរលាកសួត មានបញ្ហាផ្លូវដង្ហើម និងតម្រងនោមធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់តែម្តង។
កាសែតវេជ្ជសាស្ត្រ Lancet អំឡុងពេលផ្ទុះករណីឆ្លងដំបូង ធ្លាប់បានសរសេរថា អ្នកជំងឺស្លាប់ដោយសារវីរុសថ្មីនេះ ភាគច្រើនធ្លាប់បញ្ហាផ្លូវដង្ហើម សួត និងតម្រងនោម មុននឹងពួកគេឆ្លងមេរោគ។
បើប្រៀបធៀបជាមួយជំងឺ SARS កាលពីឆ្នាំ ២០០២-២០០៤ ចំនួនករណីឆ្លងវីរុសកូរូ៉ណាថ្មី គឺខ្ពស់ជាងខ្លាំងក៏ពិតមែន អត្រាស្លាប់បើគិតជាភាគរយ គឺនៅទាបជាជំងឺ SARS ឆ្ងាយណាស់ ខណៈ ៩ខែ បន្ទាប់ពីជំងឺ SARSផ្ទុះឡើង គឺឆ្លងសរុប ៨ ០៩៦នាក់ និងស្លាប់ ៧៧៤នាក់ ដែលការប្រៀបធៀបនេះ លោក Peter Piot សាស្ត្រចារ្យផ្នែកសុខមាលភាពសកល និងជានាយកផ្នែកអនាម័យ និងវេជ្ជសាស្ត្រតំបន់ត្រូពិក អះអាងថា ជាដំណឹងល្អដែរ ដែលអត្រាស្លាប់ ស្ថិតក្នុងកម្រិតទាបនៅឡើយ។
គិតមកទល់នឹងពេលនេះ ការស្រាវជ្រាវស្វែងរកថ្នាំប្រឆាំងវីរុសកូរូ៉ណាថ្មី នៅមិនទាន់ទទួលជោគជ័យនៅឡើយទេ ខណៈអ្នកជំងឺភាគច្រើន ត្រូវពេទ្យធ្វើការព្យាបាលដោយផ្អែកលើរោគសញ្ញា។
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងឆ្ការដៃឆ្ការជើង អភិវឌ្ឍវ៉ាក់សាំងដើម្បីការពារមេរោគនេះ ដោយក្នុងនោះ មន្ទីរពិសោធន៍ ក្នុងទីក្រុងកាលីហ្វ័រញ៉ាំ សហរដ្ឋអាមេរិក រំពឹងនឹងបញ្ចេញវ៉ាក់សាំងដំបូង ដើម្បីសាកល្បងលើរាងកាយមនុស្ស អំឡុងខែ មិថុនា ឬខែកក្កដា ខាងមុខ។
៥- វិធីកាត់បន្ថយហានិភ័យឆ្លងវីរុសកូរូណាថ្មី
អង្គការសុខភាពពិភពលោក បានណែនាំឲ្យពលរដ្ឋរស់នៅក្នុងតំបន់មានឆ្លងវីរុស ត្រូវអនុវត្តអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគ ក្នុងនោះរាប់បញ្ចូលទាំងអនាម័យដៃ អនាម័យផ្លូវដង្ហើម និងសុវត្ថិភាពក្នុងការញ៉ាំអាហារ។
ករណីញ៉ាំសាច់ឆៅ ឬផលិតសាច់សត្វចម្អិនមិនឆ្អិនល្អ គួរតែត្រូវចៀសវាង។ រីឯអ្នកសង្ស័យមានឆ្លងវីរុសកូរូ៉ណាថ្មី ត្រូវអនុវត្តតាមការណែនាំ ពិសេសពេលក្អក ឬកណ្តាស់ ត្រូវមានកន្សែង ឬក្រដាសអនាម័យខ្ទប់មាត់ និងត្រូវលាងដៃឲ្យបានស្អាត។
អត្ថបទពាក់ព័ន្ធ៖
- “ជាកាតព្វកិច្ចខ្ញុំ” សម្តីវេជ្ជបណ្ឌិតបារាំង បដិសេធចាកចេញពីទីក្រុងវូហាន
- ហេតុអ្វីប្រចៀវអាចផ្ទុកវីរុស តែវាមិនឈឺ?
៦- ករណីសង្ស័យនរណាម្នាក់មានផ្ទុកវីរុសកូរូ៉ណាថ្មី ត្រូវអនុវត្តតាមវិធីខាងក្រោម
បើមាននរណម្នាក់ត្រូវធ្វើតេស្តរកឃើញវីរុសកូរូ៉ណាថ្មី ត្រូវដាក់ឲ្យនៅឆ្ងាយដាច់ដោយឡែកពីគេ។
ចំពោះអ្នកបម្រើការក្នុងមន្ទីរពេទ្យ ឬគ្លីនិកថែទាំជំងឺ អង្គការសុខភាពពិភពលោក ណែនាំឲ្យអនុវត្តវិធីសាស្ត្រការពារឆ្លងមេរោគឲ្យបានខ្ពស់ជាងមុន ពិសេសអ្នកធ្វើការក្នុងបន្ទប់សង្គ្រោះបន្ទាន់។
អង្គការមួយនេះ ក៏បានណែនាំ គួរតែមានការវាយតម្លៃលើអ្នកជំងឺ និងទទួលការព្យាបាលឲ្យបានលឿនបំផុត ទៅតាមកម្រិតឆ្លងមេរោគ ទាំងស្រាល មធ្យម និងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក ក៏បានណែនាំឲ្យគ្រប់ក្រុមគ្រូពេទ្យទាំងអស់ ស្លៀកសំលៀកបំពាក់ការពារឲ្យបានត្រឹមត្រូវ និងកំណត់សកម្មភាពអ្នកជំងឺក្នុងបរិវេណមន្ទីរពេទ្យឲ្យបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]