និយមន័យ
១‑ អ្វីទៅជាជំងឺខ្សោយអ័រម៉ូនភេទបុរស?
ជំងឺខ្សោយអ័រម៉ូនភេទប្រុស កើតឡើងនៅពេលខ្លួនប្រាណយើងបញ្ចេញអ័រម៉ូនតេស្តូស្តេរ៉ូនមិនគ្រប់គ្រាន់ ឬមិនអាចផលិតមេជីវិតឈ្មោលបានគ្រប់គ្រាន់ ឬមានបញ្ហាទាំង ២ តែម្តង។ អ័រម៉ូននេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការលូតលាស់ និងការវិវត្តផ្លូវភេទបុរស។
ជំងឺនេះអាចមានតាំងពីកំណើត ឬពេលណាមួយជីវិត តែច្រើនកើតដោយសារការរងរបួស ឬការបង្ករោគណាមួយ។ ផលវិបាករបស់ជំងឺខ្សោយអ័រម៉ូនភេទបុរស អាស្រ័យលើមូលហេតុ និងពេលវេលាជំងឺ។ ប្រភេទខ្លះ អាចព្យាបាលដោយការប្រើអ័រម៉ូនតេស្តូស្តេរ៉ូនបាន។
២‑ ជំងឺខ្សោយអ័រម៉ូនភេទបុរសកើតញឹកញាប់ដែរទេ?
ជំងឺខ្សោយអ័រម៉ូនភេទបុរស អាចកើតមានលើបុរសគ្រប់វ័យ តែញឹកញាប់ជាងគេ ចំពោះមនុស្សចាស់។បុរសច្រើនជាង ៦០% មានអាយុលើសពី ៦៥ឆ្នាំ មានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាបជាងកម្រិតធម្មតា អំឡុងវ័យចន្លោះ ៣០-៣៥ ឆ្នាំ។
រោគសញ្ញា
៣‑ រោគសញ្ញាជំងឺខ្សោយអ័រម៉ូនភេទបុរសមានអ្វីខ្លះ?
កង្វះអ័រម៉ូនតេស្តូស្តេរ៉ូន អាចបណ្តាលឲ្យមានរោគសញ្ញាជាច្រើន អាស្រ័យលើកត្តាមួយចំនួនដូចជា៖
– វ័យពេលកើតជំងឺ
– កម្រិតកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន
– រយៈពេលកើតជំងឺ
– ក្មេងជំទង់ៗ និងក្មេងៗ ដែលមិនទាន់វិវត្តលក្ខណៈភេទពេញលេញ នឹងមើលទៅក្មេងជាងអាយុពិត។
ក្នុងករណីនេះ អ្នកជំងឺអាចនឹងមានប្រដាប់ភេទតូច មានរោមលើមុខតិចតួច សម្លេងមិនសូវធំ និងមិនងាយឡើងសាច់ដុំ ទោះបីខំហាត់ប្រាណក៏ដោយ។
រោគសញ្ញាខ្សោយអ័រម៉ូនភេទពេលចាប់ផ្តើមពេញវ័យ៖
– មិនមានការវិវត្តន៍លក្ខណៈភេទទីពីរ
– ពងស្វាសតូច
– ដោះឡើងធំ
រោគសញ្ញាខ្សោយអ័រម៉ូនភេទលើមនុស្សពេញវ័យហើយ៖
– អសមត្ថភាពផ្លូវភេទ (លិង្គមិនឡើងរឹង)
– មេជីវិតឈ្មោលតិច
– បាក់ទឹកចិត្ត
– ថយចំណង់ផ្លូវភេទ
– អស់កម្លាំង
– គេងមិនលក់ស្រួល
– សាច់ដុំ និងកម្លាំងកាយថយចុះ
– ជ្រុះសក់ និងរោម (រោមប្រដាប់ភេទ រោមក្លៀក រោមមុខ)
– ពុកឆ្អឹង និងកំហាប់ឆ្អឹងថយចុះ
– កើនឡើងខ្លាញ់ក្នុងខ្លួន
– ដោះឡើងធំ
– ក្តៅមុខ ក្តៅមាត់
– បែកញើសច្រើន
– អារម្មណ៍មិនមូល និងឆាប់អស់កម្លាំង។
បញ្ហានេះអាចមានរោគសញ្ញាផ្សេងៗមិនបានរៀបរាប់នៅខាងលើ។ បើមានការបារម្ភពីរោគសញ្ញាណាមួយនោះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤‑ ពេលណាត្រូវទៅជួបពេទ្យ?
បើសិនជាអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានសំណួរពាក់ព័ន្ធរោគសញ្ញា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥‑ មូលហេតុបង្កឲ្យមានជំងឺខ្សោយអ័រម៉ូនភេទបុរស
ខ្សោយអ័រម៉ូនភេទបុរស សំដៅលើការខ្សោយមុខងារណាមួយ ឬទាំងពីរ មានផលិតមេជីវិតឈ្មោល និងផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ មូលហេតុបង្កជំងឺនេះមានជាច្រើនដូចជា៖
– ខ្សោយអ័រម៉ូនភេទដោយសារក្រពេញខ្លួនឯង ពងស្វាសមិនឆ្លើយតបនឹងការភ្ញោចរបស់អ័រម៉ូន។ នេះអាចមកពីជំងឺពីកំណើតមួយចំនួន ដូចជាបណ្តុំរោគសញ្ញា Klinefelter ឬដោយសារព្យាបាលដោយកាំរស្មី សារធាតុគីមី ជំងឺស្រឡទែន ដុំសាច់ ឬការប៉ះទង្គិចលើពងស្វាស។
– ឯខ្សោយក្រពេញភេទទីពីរវិញ គឺមកពីបញ្ហានៅត្រង់ក្រពេញអ៊ីប៉ូតាឡាមុស ឬក្រពេញអ៊ីប៉ូភីស ដែលជាក្រពេញចម្បង បញ្ចេញអ័រម៉ូនទៅភ្ញោចពងស្វាសឲ្យបញ្ចេញអ័រម៉ូនតេស្តូស្តេរ៉ូន។
មូលហេតុខ្សោយក្រពេញភេទទីពីរ រួមមាន៖
– កង្វះសារធាតុចិញ្ចឹម
– ជំងឺឆ្លងតាមប្រព័ន្ធឈាមមួយចំនួន
– ស្រ្តេស
– ផលរំខាននៃថ្នាំ
– ក្រិនថ្លើម
– សារធាតុពុលផ្សេងៗ (ស្រានិងលោហធាតុ)
– ធាត់ខ្លាំងពេក
Andropause គឺជាពាក្យសម្រាប់ពណ៌នា ករណីថយចុះអ័រម៉ូនតេស្តូស្តេរ៉ូនទៅតាមអាយុ។ កម្រិតអ័រម៉ូននេះ កើនឡើងខ្លាំងរហូតដល់អាយុ ១៧ឆ្នាំ ហើយនឹងចាប់ផ្តើមថយចុះប្រមាណ ១,២-២% ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។
កត្តាប្រឈម
៦‑ កត្តាប្រឈមជំងឺខ្សោយអ័រម៉ូរភេទបុរស
យើងអាចប្រឈមកើតជំងឺនេះ បើសិនជាស្ថិតនៅក្នុងស្ថានភាពសុខភាពណាមួយដូចខាងក្រោយ៖
– បណ្តុំរោគសញ្ញា Kallmann syndrome
– ពងស្វាសមិនចុះក្រោមពេលនៅក្មេង
– ជំងឺស្រឡទែន ប៉ះពាល់ដល់ពងស្វាស
– ប៉ះទង្គិចលើពងស្វាស
– ដុំសាច់នៅនឹងពងស្វាស ឬក្រពេញអ៊ីប៉ូភីស
– បណ្តុំរោគសញ្ញា Klinefelter syndrome
– ជាតិដែកក្នុងខ្លួនច្រើនពេក
– ធ្លាប់ធ្វើការព្យាបាលដោយគីមី ឬសារធាតុវិទ្យុសកម្ម
– ស្ទះដង្ហើមពេលគេងមិនបានព្យាបាល
ជំងឺខ្សោយអ័រម៉ូនភេទបុរស អាចជាជំងឺតំណពូជ។ បើសិនជាក្នុងប្រវត្តិគ្រួសារមានកត្តាប្រឈមណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យអ្នក។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គួរតែពិភាក្សា ជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យមើលការវិវត្តលក្ខណៈភេទរបស់អ្នក ដូចជា រោមលើប្រដាប់ភេទ សាច់ដុំ និងទំហំពងស្វាស មើលថាសមនឹងអាយុពិត ឬយ៉ាងណា។ គ្រូពេទ្យនឹងសុំពិនិត្យមើលកម្រិតអ័រម៉ូនតេស្តេស្តូរ៉ូនក្នុងឈាម បើឃើញថាមានអាការៈ ឬសញ្ញាណាមួយនៃជំងឺខ្សោយអ័រម៉ូនភេទបុរស។
រកឃើញបានទាន់ពេលចំពោះក្មេងប្រុស អាចចៀសវាងបញ្ហាពេញវ័យយឺតពេលបាន។ ហើយការធ្វើរោគវិនិច្ឆ័យបានទាន់ពេល ចំពោះបុរសពេញវ័យ អាចការពារជំងឺពុកឆ្អឹង និងជំងឺមួយចំនួនធំទៀតបាន។
ការធ្វើរោគវិនិច្ឆ័យជំងឺខ្សោយអ័រម៉ូនភេទបុរស អាស្រ័យលើរោគសញ្ញា និងលទ្ធផលពិនិត្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងឈាម។ ដោយសារកម្រិតអ័រម៉ូននេះប្រែប្រួល ហើយឡើងខ្ពស់ក្នុងពេលព្រឹក ដូចនេះការនិត្យឈាម ច្រើនធ្វើមុនម៉ោង ១០ ព្រឹក។
បើសិនជាការពិនិត្យខាងលើបញ្ជាក់ថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប គ្រូពេទ្យអាចនឹងសុំធ្វើតេស្តបន្ថែមទៀត ដើម្បីរកមូលហេតុកាន់តែច្បាស់ថាមកពី ពងស្វាស ឬក្រពេញអ៊ីប៉ូភីស ដោយតេស្តទាំងនោះមានដូចជា៖
– ពិនិត្យកម្រិតអ័រម៉ូន
– ពិនិត្យទឹកកាម
– ថតក្រពេញអ៊ីប៉ូភីស
– ពិនិត្យសេនេទិក
– ច្រឹបសាច់ក្រពេញពងស្វាស
ការពិនិត្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន មានសារៈសំខាន់ណាស់ ដើម្បីតាមដានការព្យាបាលខ្សោយអ័រម៉ូនភេទនេះ។ វាអាចជួយគ្រូពេទ្យប្រើប្រាស់កម្រិតថ្នាំ ទាំងពេលចាប់ផ្តើម និងក្រោយមកទៀតបានយ៉ាងត្រឹមត្រូវ។
៨- ព្យាបាលដោយវិធីណា?
Testosterone replacement therapy (TRT) ជាការព្យាបាលដោយអ័រម៉ូនតេស្តេស្តូរ៉ូនជំនួយពីខាងក្រៅ តាមរយៈវិធីសាស្ត្រផ្សេងៗ ដែលជាការវិធីព្យាបាលសម្រាប់ប្រុសៗមានជំងឺខ្សោយអ័រម៉ូនភេទ។
ជាធម្មតាគេឲ្យប្រើវាក្នុងទម្រង់ជា ជែលលាប បន្ទះបិតស្បែក ឬការចាក់។ ទម្រង់ជាថ្នាំគ្រាប់ គេមិនប្រើនោះទេ ដោយសារប្រឈមខ្ពស់ជាមួយផលរំខាន ដូចជា ឈឺចុកច្អល់ពោះ ជាដើម។
វិធីព្យាបាល TRT អាចបំបាត់រោគសញ្ញាជំងឺនេះបានយ៉ាងច្រើន ហើយផ្តល់ល្អមកវិញដូចជា៖
– បង្កើនចំណង់ផ្លូវភេទ
– បង្កើនសុខភាពផ្លូវចិត្ត
– បង្កើនកំហាប់ឆ្អឹង
– ជារួមគឺបង្កើនគុណភាពជីវិតតែម្តង
យ៉ាងណាវិញ វាក៏មានគុណវិបត្តិខ្លះដែរ អាចធ្វើឲ្យជំងឺក្រពេញប្រ៉ូស្តាតរីកធំ (BPH) កាន់តែធ្ងន់ធ្ងរ ពន្លឿនការវិវត្តជំងឺមហារីកក្រពេញប្រូស្តាត និងធ្វើឲ្យកាន់តែធ្ងន់ចំពោះជំងឺស្ទះដង្ហើមពេលគេង និង ជំងឺខ្សោយបេះដូង។ ដូចនេះមិនគួរទទួលយកការព្យាបាលនេះដោយមិនបានពិនិត្យមើលជំងឺផ្សេងៗជាមុនឡើយ។
សម្រាប់ប្រុសៗធ្វើការព្យាបាលដោយវិធី TRT ត្រូវទៅតាមដានជាប្រចាំ ដើម្បីដឹងពីលទ្ធផលព្យាបាល រួមមានការពិនិត្យឈាម និងការលូកស្ទាបតាមគូទផងដែរ។
វិធីព្យាបាល TRT ហាមប្រើដាច់ខាតលើបុរសមានបញ្ហាចំនួនគ្រាប់ឈាមក្រហមច្រើនជាងធម្មតា។
លទ្ធផលព្យាបាល TRT គឺអាស្រ័យលើបុគ្គលនីមួយៗ ហើយការព្យាបាលនេះ មិនមែនកំណត់ដោយសារកម្រិតអ័រម៉ូនតេស្តេស្តូរ៉ូនឡើយ។ ការព្យាបាលដោយ TRT នឹងត្រូវចាត់ទុកថាគ្មានប្រយោជនៗ បើសិនជាមិនអាចជួយប្រុសៗអាចបន្តពូជបានវិញ បើទោះជាវាជួយបន្ធូរ ឬបំបាត់រោគសញ្ញានានាអស់ក៏ដោយ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– សម្រកទម្ងន់
– ហាត់ប្រាណ
– កាត់បន្ថយស្រ្តេស
– គេងឲ្យបានគ្រប់គ្រាន់
– ចៀសវាងការញ៉ាំស្រា
– ផ្តាច់បារី
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]