ជំងឺ Peyronie ឬត្រូវបានគេស្គាល់ថា ជំងឺលិង្គកោង បុរសៗមួយភាគតូចអាចមិនសូវជាចាប់អារម្មណ៍នោះទេ ហើយក៏មិនបានយល់ថា បញ្ហាកោងនេះ គឺជាជំងឺដែរ។ អ្នកខ្លះអាចគិតថាជាការប្រែប្រួលតាមវ័យ ឬ បម្រែបម្រួល ទៅតាមឥរិយាបថរស់នៅប្រចាំថ្ងៃកន្លងមក។ ប៉ុន្ដែមិនមែនបែបនេះទាំងស្រុងទេ ការកោងនោះ គឺជាជំងឺម្យ៉ាងដែលគេហៅថា Peyronie។
ជំងឺ Peyronie គឺជាជំងឺ ដែលបង្កឡើងដោយសារតែការលូតលាស់ នៃជាលិកាសម្លាកក្រោមស្បែកខាងក្នុងលិង្គ ហើយច្រើនតែកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ រោគសញ្ញានៃជំងឺនេះ មានភាពខុសគ្នាៗ ដោយអ្នកខ្លះមានរោគសញ្ញាស្រាល និងអាចជាសះស្បើយដោយខ្លួនឯង ខណៈប្រុសៗខ្លះទៀតអាចប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាភាពបត់បែនរបស់លិង្គថយចុះ និងមានការឈឺចាប់នៅពេលលិង្គឡើងរឹង។
ការវិវត្ដ នៃជំងឺ Peyronie ត្រូវបានបែងជា២ដំណាក់កាល គឺ ដំណាក់កាលស្រួចស្រាល់ និងដំណាក់កាលរ៉ាំរ៉ៃ។
ដំណាក់កាលនេះ អាចត្រូវបានកើតឡើងក្នុងចន្លោះពេល ពី ៥ ខែទៅ ៨ខែ។ ស្ថានភាពក្នុងចន្លោះពេលនោះ ដំណើការ សម្លាក ដែលកើតមាននៅក្រោមស្រទាប់ក្រោមស្បែក ផ្នែកខាងលើនៃលិង្គ បង្កឲ្យមានការឈឺចាប់ ឬប្រែប្រួលទម្រង់ប្រដាប់ភេទ នៅពេលប្រដាប់ភេទចាប់ផ្ដើមឡើងរឹង។ ក្នុងដំណាក់នោះ ជាលិកាសម្លាកអាចវិវត្ដបន្ដទៅទៀត ឬក៏ត្រូវថយចុះថយ។
ក្នុងដំណាក់កាលនេះ ដុំជាលិកាសម្លាក ក៏លែងមានការវិវត្ដទៅមុខបន្ដទៀត។ ពោលដំណាក់កាលនេះ លិង្គក៏លែងកាន់តែកោងខ្លាំងទៅទៀតដែរ នៅរក្សាទ្រង់ទ្រាយកោងពីដំណាក់កាលខាងដើមដដែល។ ប៉ុន្ដែការឈឺចាប់ អាចនឹងនៅមានបន្ដ ម្ដងម្កាល ពេលលិង្គចាប់ផ្ដើមឡើងរឹង។ មកដល់ចំណាក់កាលនេះ លិង្គ អាចជួបប្រទះបញ្ហា ខ្សោយលិង្គ។

ក៏មានដែរកត្ដាចំបងមួយចំនួនដែលអាចបង្កឲ្យមានជំងឺមួយនេះ ដូចជា៖
- កត្ដាអាយុ៖ ចន្លោះពី ១០ ទៅ ២០% នៃអ្នកជំងឺភាគច្រើនមានអាយុ ៤០ ដល់ ៧០ឆ្នាំ។ សម្រាប់យុវជន គឺមិនសូវឃើញមានកើតនោះទេ គ្រាន់តែភាគរយមានចំនួនតិច អាចត្រឹម១ ទៅ ២%ប៉ុណ្ណោះ។
- កត្ដាតំណពូជ៖ អ្នកស្រាវជ្រាវក៏បានបង្ហាញដែរថា ជំងឺចម្លែកមួយនេះ ក៏អាចកើតឡើងពីតំណពូជផងដែរ។ តួយ៉ាងក្នុងគ្រួសារ ប្រសិនជាឪពុក ឬបងប្រុសមានកើតជំងឺនេះ យើងក៏ទំនងនឹងមិនអាចគេចផុតដែរ។
- អសមត្ថភាពផ្លូវភេទដោយជំងឺទឹកនោមផ្អែម៖ អ្នកមានបញ្ហាផ្នែកនេះស្រាប់ ក៏ប្រឈមនឹងជួបប្រទះ ការកើតមាន ជំងឺ Peyronie ព្រោះថា ភាគច្រើន អ្នកដែលមានជំងឺ អសមត្ថភាពផ្លូវភេទមួយភាគតូច ក៏ស្ថិតក្នុងចំណែកនៃជំងឺ Peyronie នេះដែរ។
- ជំងឺមហារីក ក្រពេញប្រូស្ដាត៖ បុរសៗ ដែលធ្លាប់ឆ្លងកាត់ ការវះកាត់ព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាត គឺប្រឈម នឹងកើតលិង្គកោងនេះដែរ។
- ការប៉ះទង្គិចលិង្គ៖ ក្នុងន័យនេះ អ្នកជំនាញថា គឺការបត់បែនលិង្គ ឬការប៉ះទង្គិចផ្សេងៗ អាចបង្កជារបួសដោយមិននឹកស្មានដល់។ សកម្មភាពដែលអាចរាប់បញ្ចូល នៃការប៉ះទង្គិចលិង្គមានដូចជាការហាត់កីឡា ការរួមភេទ ឬការគ្រោះថា្នក់អ្វីមួយ ដែលអាចកើតឡើងម្ដងម្កាល ឬជាញឹកញាប់។
- ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង៖ ប្រព័ន្ធភាពស៊ាំ ជាទូទៅការពាររាងកាយប្រឆាំងនឹងការបង្ករោគផ្សេងៗ។ ប៉ុន្ដែ នៅពេលប្រព័ន្ធភាពស៊ាំមានការភ័ន្តច្រឡំ បែជាបង្កើតប្រូតេអ៊ីនទៅជាអង់ទីករ ទៅប្រឆាំងរាងកាយខ្លួនឯង ពេលនោះវាត្រូវចាត់ទុកជាជំងឺ ហើយប្រព័ន្ធភាពស៊ាំមានភាពប្រែប្រួល ទៅវាយប្រហាផ្នែកកោសិការ ក្នុងលិង្គ អាចបង្កឲ្យមាន ការរលាកកើតឡើង។ ការរលាកនេះ អាចឈានទៅរក ការវិវត្ដ កើតចេញនូវបន្ទះជាលិកាសម្លាក ដែលជាហេតុ ឲ្យកើតមានជំងឺលិង្គកោង។
ចំណុចសំខាន់
ជំងឺ Peyronie ឬ ជំងឺលិង្គកោង ត្រូវបានបែងចែកជា ២ដំណាក់កាល គឺដំណាក់កាល ស្រួចស្រាល់ និងដំណាក់រ៉ាំរ៉ៃ មានកត្ដាចម្បងមួយចំនួនដែលអាចឈានទៅដល់ការឡើងជំងឺលិង្គកោងនេះ គឺ
- កត្ដាអាយុ
- កត្ដាដំណពូជ
- កត្ដាអសមត្ថភាពផ្លូវភេទដោយជំងឺទឹកនោមផ្អែម
- ជំងឺមហារីកក្រពេញប្រូស្តាត
- ការប៉ះទង្គិចលិង្គ
- ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង