មិនថាក្មេង ឬចាស់ទេ គ្រប់គ្នាសុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ ខុសគ្នាត្រង់ថាមនុស្សចាស់វិវត្តធ្ងន់ធ្ងរជាងក្មេង ពេលមានជំងឺបេះដូង។ ជំងឺបេះដូងកើតលើកូនក្មេងជាទូទៅ រួមមាន ជំងឺបេះដូងពីកំណើត ជំងឺបេះដូងបណ្តាលមកពីការឆ្លងរោគ និងជំងឺបេះដូងដែលបណ្តាលមកពីជំងឺកម្រ ឬជំងឺតពូជផ្សេងៗ។ ប៉ុន្តែ ដោយសារបច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្ត្រកាន់តែទំនើប ជំងឺបេះដូងលើក្មេងៗខ្លះ អាចព្យាបាលបាន ហេតុនេះម៉ាក់ប៉ាត្រូវស្វែងយល់ពីប្រភេទជំងឺបេះដូងលើក្មេងៗឲ្យបានច្បាស់។
១- ជំងឺបេះដូងពីកំណើត
ជំងឺបេះដូងពីកំណើត ជាជំងឺកើតលើទារកតាំងពីក្នុងផ្ទៃមកម្ល៉េះ វាបណ្តាលមកពីការវិវត្តរបស់អំប្រ៊ីយ៉ុងមិនប្រក្រតី ហើយក៏ជាជំងឺបេះដូងឧស្សាហ៍កើតមានបំផុត ក្នុងចំណោមជំងឺបេះដូងផ្សេងទៀត។ ទារកទើបកើត ១០០០ នាក់ អាចមានជំងឺនេះរហូតដល់ ៨ នាក់។ ក្មេងទាំងអស់កើតជំងឺនេះ ច្រើនមានបញ្ហាជាមួយសាច់ដុំបេះដូង ឬបញ្ហាប្រឹសបេះដូង ដូចជា៖
– ប្រឹសបេះដូងអាអក (Aortic valve) ត្បៀតធ្វើឲ្យឈាមពិបាកហូរ
– ប្រឹសមីត្រាលរួមតូច (Mitral Valve Stenosis)
មានបញ្ហាបេះដូងមួយចំនួនទៀតដូចជា៖
– ខ្សោយបេះដូងពីកំណើត ធ្វើឲ្យបេះដូងលូតលាស់មិនប្រក្រតី
– បញ្ហាទ្រង់ទ្រាយបេះដូង ពិសេសជញ្ជាំងចន្លោះថតបេះដូងម្ខាងៗ និងចន្លោះរវាងសរសៃឈាមសំខាន់ៗរបស់បេះដូង ដូចជាបញ្ហា Atrium, Ventricular Septal និងបញ្ហា Patent ductus arteriosclerosis។
– Fallot syndrome ជាជំងឺមានបញ្ហាចូលគ្នាចំនួន ៤ រួមមាន ដុំឈាមកកក្នុងសួត (Pulmonary Embolism) ខូចសន្ទះបេះដូងផ្នែកខាងក្រោម (Ventricular Septal Sefect) បញ្ហា Equestrian Aorta និងថតក្រោមបេះដូងខាងស្តាំរីកធំ (Right Ventricular Hypertrophy)។
២- ក្រិនសរសៃឈាម
ក្រិនសរសៃឈាម សំដៅលើការប្រមូលផ្តុំកំណកខ្លាញ់នៅក្នុងសរសៃឈាមអាកទែ។ កំណកខ្លាញ់ប្រមូលផ្តុំនោះ ធ្វើឲ្យសរសៃឈាមរឹង និងកាន់តែចង្អៀត ហើយអាចធ្វើឲ្យមានដុំកំណកឈាម និងបណ្តាលឲ្យមានបញ្ហាគាំងបេះដូង។ ជំងឺក្រិនសរសៃឈាម មានរយៈពេលយូរ និងស្ងប់ស្ងាត់បំផុត មិនងាយលេចចេញរោគសញ្ញាឲ្យដឹងឡើយ។ ប៉ុន្តែ ជាទូទៅក្មេងៗកម្រមានបញ្ហាទាំងនោះណាស់។
យ៉ាងណា បញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងបញ្ហាមួយចំនួនផ្សេងទៀត អាចធ្វើឲ្យកូនមានបញ្ហាក្រិនសរសៃឈាមបាន។ គ្រូពេទ្យណែនាំឲ្យប៉ាម៉ាក់យកកូនទៅពិនិត្យសុខភាព ក្នុងករណីគ្រួសារធ្លាប់មានអ្នកកើតជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម លើសទម្ងន់ ឬធាត់។
ការព្យាបាល គឺតម្រូវឲ្យយើងប្តូររបៀបរស់នៅគឺ ត្រូវធ្វើលំហាត់ប្រាណ និងញ៉ាំអាហារណាដែលល្អដល់សុខភាព។
អត្ថបទពាក់ព័ន្ធ៖
- ម៉េចសុខៗមានជំងឺបេះដូង គួរដោះស្រាយ និងបង្ការយ៉ាងម៉េច?
- គ្រោះថ្នាក់ណាស់! ត្រូវដឹង អីខ្លះជាកត្តាប្រឈមកើតជំងឺបេះដូង?
៣- ចង្វាក់បេះដូងដើរមិនទៀង
ចង្វាក់បេះដូងដើរមិនទៀង សំដៅលើចង្វាក់បេះដូងមិនប្រក្រតី អាចលោតលឿន ឬយឺតជាងចង្វាក់បេះដូងធម្មតា ធ្វើឲ្យឈាមដែលត្រូវច្របាច់ចេញមានការប្រែប្រួល។
គេបែងចែកបញ្ហាចង្វាក់បេះដូងដើរមិនទៀងដូចជា៖
– បេះដូងលោតលឿន
– បេះដូងលោតយឺត
– Long Q-T syndrome (LQTS)
– Wolff-Parkinson-White Syndrome
រោគសញ្ញាជំងឺនេះរួមមាន៖
– អស់កម្លាំង
– វិលមុខ
– មិនឃ្លានអាហារ
ការព្យាបាល អាស្រ័យលើប្រភេទណាមួយរបស់ជំងឺចង្វាក់បេះដូងដើរមិនទៀងក្មេងកំពុងកើតមាន និងមើលលើផលប៉ះពាល់លើសុខភាពក្មេងជាដើម។
៤- ជំងឺ Kawasaki
Kawasaki ជាជំងឺមួយប្រភេទបណ្តាលមកពីការរលាកសរសៃឈាមនៅតាមដងខ្លួន ដូចជា សរសៃឈាមនៅដៃ ជើង មាត់ បបូរមាត់ និងបំពង់ក។ រោគសញ្ញាផ្សេងៗ រួមមាន ក្តៅខ្លួន និងហើមកូនកណ្តុរ។ ប៉ុន្តែ មូលហេតុជំងឺ Kawasaki នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
យោងតាមសមាគមបេះដូងអាមេរិក (AHA) ជំងឺនេះ គឺជាបញ្ហាចម្បងមួយនៃជំងឺសរសៃឈាមលើក្មេងៗ ជាពិសេសមានអាយុក្រោម ៥ ឆ្នាំ។
ការព្យាបាល គឺមើលទៅតាមស្ថានភាពធ្ងន់ធ្ងររបស់ជំងឺ ហើយជាទូទៅ ពេទ្យព្យាបាលដោយចាក់សេរ៉ូមប្រូតេអ៊ីន Gamma globulin និងថ្នាំ Aspirin។ ថ្នាំ Corticosteroids ក៏អាចកាត់បន្ថយផលវិបាកជំងឺបានខ្លះដែរ។ ក្មេងៗមានជំងឺនេះ ត្រូវទៅជួបជាមួយគ្រូពេទ្យពេញមួយជីវិត។
ជំងឺបេះដូងទាំងអស់ខាងលើ ជាជំងឺឧស្សាហ៍ជួបប្រទះបំផុតលើក្មេងៗ បើមានការសង្ស័យ ឬក្តីបារម្ភណាមួយ សូមនាំកូនទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]