សៅរ៍ អាទិត្យ មិនទាន់ទេ ឲ្យតែមានអ្នកណាបបួលទៅ សូណា ម្នាក់ៗអត់មានប្រកែកតិច។ ទៅ សូណា យើងច្បាស់ណាស់ គឺចង់បន្ធូរអារម្មណ៍តានតឹងក្រោយការងារមិនខាន។ ចុះមានដឹងអត់? ក្រៅពីបន្ធូរអារម្មណ៍ សូណាជួយសុខភាពអីខ្លះទៀត។ ចាំ “Hello គ្រូពេទ្យ” ប្រាប់!
១- សូណា
សូណា (Sauna) មានប្រភពមកពីប្រទេសហ្វាំងឡង់ ក្នុងតំបន់អឺរ៉ុបខាងជើង។ គឺជាបន្ទប់បិទជិតមួយ សម្រាប់ផលិតកម្ដៅ តាមរយៈការចាក់ទឹកលើដុំថ្មមានក្ដៅ ធ្វើឲ្យសីតុណ្ហភាពកើនឡើង ជាធម្មតាចាប់ពី ៧០-១០០ អង្សា និងធ្វើឲ្យសំណើមក្នុងបន្ទប់ ធ្លាក់ចុះពី ១០-២០ ភាគរយ។
បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាសម្រួលការរស់នៅកាន់តែទំនើប នាំឲ្យបន្ទប់ សូណា គឺមានច្រើនប្រភេទ ច្រើនសណ្ឋាន។ នៅពេលសីតុណ្ហភាពឡើងដល់ ៤០ អង្សារសេ នឹងបណ្ដាលឲ្យស្បែកបែកញើសខ្លាំង។
២- អត្ថប្រយោជន៍ពីសូណា
– ជួយលាងសម្អាតស្បែក
– បង្កើនចលនាឈាមរត់ក្នុងរាងកាយ
– បើកចរន្តខ្យល់ក្នុងប្រហោងច្រមុះ
– បំបាត់ការឈឺចាប់សាច់ដុំ និងសន្លាក់
– ពង្រឹងប្រព័ន្ធភាពស៊ាំ
– សម្រួលចលនាសន្លាក់
– បន្ធូរភាពតានតឹង
– ជំរុញដំណើរការព្យាបាលបញ្ហាសុខភាពណាមួយកាន់តែមានប្រសិទ្ធភាព។
សូណា អាចជួយកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង ព្រោះពេល សូណា ចង្វាក់បេះដូងលោតដល់ ១៥០ ដងក្នុងមួយនាទី ជួយឲ្យឈាមរត់ទៅគ្រប់ផ្នែកនៃរាងកាយ ស្មើនឹងការហាត់ប្រាណកម្រិតមធ្យម សម្រាប់អ្នកជំងឺសរសៃឈាមបេះដូង។
មួយវិញទៀត ដោយសារ សូណា អាចជួយឲ្យអារម្មណ៍ស្ត្រេសថយចុះ ក៏ជាកត្តាមួយជួយសម្រួលស្ថានភាពសម្រាប់អ្នកជំងឺសរសៃឈាមបេះដូងផងដែរ។
យោងតាមការសិក្សាមួយធ្វើឡើងក្នុងប្រទេសហ្វាំងឡង់ លើបុរស ២៣០០នាក់ មានអាយុចន្លោះ ៤២-៦០ ឆ្នាំ និងមានទម្លាប់ សូណា រយៈពេល ២០ ឆ្នាំ បង្ហាញថា ក្រុមប្រុសៗឧស្សាហ៍ សូណា ចាប់ពី ២-៣ ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយអត្រាស្លាប់ដោយគាំងបេះដូង ច្រើនជាងប្រុសៗ សូណា ១ សប្តាហ៍ម្តង ដល់ទៅ ២២%។ សម្រាប់អ្នកឧស្សាហ៍ សូណា កាន់តែច្រើន កាន់តែមានសុខភាពបេះដូងល្អ។
៣- ប្រភេទសូណា
ប្រភេទ សូណា គឺអាស្រ័យតាមចំណង់ចំណូលចិត្ត និងតាមតំបន់ផ្សេងៗជុំវិញពិភពលោក ដូចជា សូណាប្រើកម្ដៅដុតអុស ប្រើចរន្តអគ្គិសនី និងបន្ទប់ស្ទីម ជាដើម។
– ប្រភេទដុតអុស៖ ប្រើអុសដើម្បីកម្ដៅបន្ទប់ និងដុំថ្ម សូណា ប្រភេទនេះ ផ្ទៃបន្ទប់ទាំងមូលទទួលបានកម្ដៅ និងសំណើមខ្ពស់បំផុត។
– ប្រភេទប្រើអគ្គិសនី៖ បន្ទប់មានកម្ដៅដូចប្រើអុសដែរ តែម៉ាស៊ីនកម្ដៅភ្ជាប់ទៅនឹងឥដ្ឋ។
– បន្ទប់អាំងហ្វ្រា៖ ប្រភេទ សូណា បែបនេះ ប្រើរលកពន្លឺដើម្បីកម្ដៅរាងកាយមិនមែនបន្ទប់ទេ។ សីតុណ្ហភាពក្នុងបន្ទប់ទាបជាងប្រភេទដទៃទៀត គឺត្រឹម ៦០ អង្សាប៉ុណ្ណោះ។
– បន្ទប់ស្ទីម៖ បន្ទប់ប្រភេទនេះ គឺប្រើចំហាយទឹក មិនប្រើកម្ដៅស្ងួតទេ។ សំណើមខ្ពស់ និងកម្ដៅសំណើម គឺជាកត្តាសំខាន់។
ទោះបី សូណា មានផលល្អដល់សុខភាពក៏ពិតមែន តែអ្នកជំនាញបានណែនាំ មុនសម្រេចចិត្តទៅ សូណា មិនគួរផឹកស្រាហួសកម្រិត ឯស្ត្រីមានផ្ទៃពោះគួរពិគ្រោះយល់ និងស្ថានភាពសុខភាពជាមួយគ្រូពេទ្យជាមុន ហើយបើយើងមានបញ្ហាសុខភាពផ្សេងៗ ត្រូវរង់ចាំដល់ជំងឺជាសះស្បើយជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]