ជំងឺបេះដូងឈរនៅលំដាប់ទី១ ដោយក្នុង១ឆ្នាំៗមានមនុស្សជាង ១៧ លាននាក់ ស្លាប់ដោយសារជំងឺនេះនៅលើពិភពលោក។ ដោយហេតុថា តួលេខអ្នកស្លាប់ដោយសារជំងឺបេះដូង មានការកើនឡើង Hello គ្រូពេទ្យនឹងបង្ហាញពីតិចនិកងាយៗ ក្នុងថែទាំបេះដូងឲ្យមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។
១- កាត់បន្ថយការញ៉ាំប្រៃ
អង្គការសុខភាពពិភពលោកណែនាំឲ្យយើងម្នាក់ៗញ៉ាំអំបិលក្នុងរបបអាហារតែ ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុង ១ ថ្ងៃ។ ការញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសឈាម យូរទៅវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត។
២- ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន
របបអាហារប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ យើងត្រូវចេះជ្រើសអាហារណាមានប្រយោជន៍ចំពោះសុខភាព ក្នុងនោះបន្លែ និងផ្លែឈើដើរតួយ៉ាងសំខាន់ សម្រាប់ជំនួយភ្នែក ស្បែក ប្រឆាំងនឹងជំងឺ ពិសេសការពារយើងពីជំងឺសរសៃឈាមបេះដូង។
អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយបេះដូង គួរញ៉ាំជាប្រចាំ
៣- គ្រប់គ្រងទម្ងន់
ការគ្រប់គ្រងទម្ងន់បានល្អ ឲ្យនៅថេរ មិនឲ្យធាត់ខ្លាំងពេក មិនត្រឹមមានសុខភាពរាងកាយល្អនោះទេ បេះដូងក៏មានសុខភាពល្អដូចគ្នា។ ការឡើងទម្ងន់ មានទំនាក់ទំនងជាមួយជាតិខ្លាញ់ខ្ពស់ក្នុងឈាម ធ្វើឲ្យសម្ពាធឈាមខ្ពស់ ឈានទៅមានទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។
៤- កុំជក់បារី
បារី ជាមូលហេតុចម្បងបង្កជំងឺជាច្រើនមុខ ជាពិសេសផ្លូវដង្ហើម និងជំងឺបេះដូង ។ ផ្អែកតាមការសិក្សារបស់ អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Vanderbilt នៅរដ្ឋ Tennessee របស់អាមេរិក ការផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖ ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ
៥- កាត់បន្ថយគ្រឿងស្រវឹង
បើតាមអង្គការសុខភាពពិភពលោក (WHO) ការផឹកគ្រឿងស្រវឹង បង្កជំងឺក្រិនថ្លើម ៤៨% មហារីកមាត់ ២៦% ជំងឺមហារីកលំពែង ២៦% ជំងឺរបេង ២០% ជំងឺពោះវៀនធំ ១១% ជំងឺមហារីកសុដន់ ៥% និងជំងឺបេះដូង ៧%។
អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង
៦- ហាត់ប្រាណជាប្រចាំ
ហាត់ប្រាណជាទៀងទាត់ ៣០នាទី/ថ្ងៃ ជួយឲ្យរាងកាយមាំមួន មានសុខភាពល្អ ចៀសផុតពីជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]