គ្នាយើងខ្លះ ប្រហែលជាគេងថ្ងៃ សឹងរាល់ថ្ងៃ តែខ្លះទៀត ប្រហែលជាអត់ទម្លាប់គេងថ្ងៃនោះទេ ឬគេងម្ដងម្កាល។ តែសម្រាប់អ្នកឆ្លៀតគេងថ្ងៃទោះមិនជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល ក្នុងកម្រិតខ្ពស់។
ក្រុមអ្នកស្រាវជ្រាវ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Lausanne របស់ស្វីស បានសិក្សាការពាក់ព័ន្ធគ្នារវាង ភាពញឹកញាប់ និងអំឡុងពេល នៃការគេងថ្ងៃ និងហានិភ័យ នៃជំងឺសរសៃឈាមបេះដូង។ អ្នកស្រាវជ្រាវ បានសិក្សាលើ មនុស្ស ៣.៤៦២នាក់ អាយុពី ៣៥-៧៥នាក់ រយៈពេល ៥ឆ្នាំ។
លទ្ធផល រកឃើញថា អ្នកគេងថ្ងៃ ម្ដងម្កាល (១-២ដង/សប្ដាហ៍) រយៈពេលពី ៥-៦០នាទី ជួយកាត់បន្ថយហានិភ័យ នៃជំងឺគាំងបេះដូង ខ្សោយបេះដូង និងដាច់សរសៃឈាមខួរក្បាល ជាងអ្នកមិនដែលគេងថ្ងៃ។ ការសិក្សាបែបអង្កេតនេះ ទើបចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ British Cardiovascular Society របស់អង់គ្លេស។
អត្ថបទពាក់ព័ន្ធ៖ គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង
ពាក់ព័ន្ធនឹងការសិក្សានេះ សាស្ត្រាចារ្យ Naveed Sattar ផ្នែកមេតាប៉ូលិស នៃសាកលវិទ្យាល័យ Glasgow របស់ស្កុតឡែន បញ្ជាក់ថា វាហាក់ដូចជា អ្នកគេថ្ងៃម្ដងម្កាល មានសុខភាព ឬរបៀបរស់នៅល្អជាង ហើយអ្នកគេងថ្ងៃរាល់ថ្ងៃ ទំនងជាមានបញ្ហាសុខភាពច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]