ទម្លាប់ល្អប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗអាចធ្វើឲ្យសុខភាពរឹងមាំ មិនសូវមានជំងឺឈឺថ្កាត់ ផ្ទុយទៅវិញ បើគ្នាយើងមានទម្លាប់ដូចខាងក្រោម សុខភាពមិនសូវល្អនោះទេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ។
១- ញ៉ាំអាហារផ្ដេសផ្ដាស
អ្នកចូលចិត្តញ៉ាំអាហារដែលគ្មានអនាម័យ ឬអាហារលក់តាមផ្លូវមានដីហុយ រុយរោម អាចនាំឲ្យមានបញ្ហាពោះវៀន-ក្រពះ ព្រោះអាហារទាំងនោះអាចធ្វើឲ្យរាករូស។ ក្រៅពីនោះអាហារដែលដាក់លក់ស្រាប់ និងមានតម្លៃថោក ហើយប្រើគ្រឿងផ្សំគ្មានគុណភាព ក៏ជាមូលហេតុសំខាន់នាំឲ្យសុខភាពធ្លាក់ចុះផងដែរ។
២- ស្រូបជាតិពុលច្រើន
ទាំងអ្នកជក់ ទាំងអ្នកនៅជិតអ្នកជក់បារី តិចឬច្រើននឹងស្រូបផ្សែបារីចូលទៅក្នុងសួត ដូចនេះហើយពួកគេអាចមានជំងឺរលាកសួត និងជំងឺបេះដូង។ ជាតិនីកូទីន និងកាបូនម៉ូណូអុកសុីត ធ្វើឲ្យសង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ជាហេតុធ្វើឲ្យបេះដូង និងសរសៃឈាមប្រឹងធ្វើការហួសកម្រិត។ នៅពេលដែលបេះដូង និងសរសៃឈាមបេះដូងប្រឹងធ្វើការហួសកម្រិតដូច្នេះ វាជាមូលហេតុអាចធ្វើឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនោះអ្នកចូលចិត្តផឹកស្រា និងអ្នករស់នៅកន្លែងមានជាតិគីមី និងផ្សែងពុលច្រើន ក៏មិនសូវខុសគ្នាដែរ។
អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង
៣- មិនដែលបញ្ចេញជាតិពុលពីខ្លួន
អ្នកដែលគ្មានទម្លាប់ហាត់ប្រាណ ឬធ្វើការងារបញ្ចេញញើស-ជាតិពុលពីក្នុងខ្លួន ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ ដែលនេះជាសញ្ញាដំបូងបង្ហាញពីការមានជាតិពុលកើនឡើងនៅក្នុងរាងកាយលើសលប់។
៤- ញ៉ាំអាហារផ្អាប់ ជូរ ហឹរ
ពពួកអាហារផ្អាប់មិនសូវល្អចំពោះសុខភាពឡើយ វាអាចបណ្ដាលមានជំងឺរលាកក្រពះ-ពោះវៀន ព្រោះវាច្រើនតែមានមេរោគផ្សិតជាដើមហេតុបង្កការរាករូស និងក្អួតចង្អោរ។ ចំណែកអាហារដែលជូរ និងហឹរពេកធ្វើឲ្យរលាកក្រពះ ហើយពេលខ្លះឈានដល់ដំណាក់កាលដំបៅថែមទៀតផង។
៥- មិនសូវផឹកទឹក
បញ្ហាដែលឃើញផ្ទាល់ភ្នែកនោះ គឺស្បែក និងបបូរមាត់ស្ងួត ហើយបញ្ហាសំខាន់គឺឈឺសន្លាក់ ព្រោះឆ្អឹងខ្ចី និងឆ្អឹងខ្នងត្រូវការជាតិទឹកប្រមាណ ៦០-៨០ ភាគរយ។ ទឹកចាំបាច់ណាស់កុំឲ្យឆ្អឹងសង្កៀតគ្នានៅពេលធ្វើចលនា ។ ដូច្នេះប្រសិនបើយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេនោះ នឹងជួបប្រទះបញ្ហាឈឺសន្លាក់ ក្រោយពេលបញ្ចេញកាយវិការដើរ រត់ ឬលោត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]