ផ្ទះអ្នកមានសួន ឬរុក្ខជាតិបៃតង នឹងទទួលបានប្រយោជន៍ច្រើនដល់សុខភាព ព្រមទាំងចៀសផុតពីជំងឺបៀតបៀនមួយចំនួនផង។
លទ្ធផលសិក្សាដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដោយតាមដានលើលទ្ធផលសុខភាពនៃប្រជាជនរស់នៅទីក្រុងប្រមាណ ៨លាននាក់ ពីប្រទេសផ្សេងៗបានបង្ហាញឱ្យឃើញថា អ្នកដែលរស់នៅទីក្រុង ទីប្រជុំជន តែនៅក្បែរបរិស្ថានធម្មជាតិ ដូចជាសួនច្បារ ទីធ្លាមានដើមឈើបៃតង មានហានិភ័យជំងឺបេះដូង មហារីក និងជំងឺរវើរវាយតិចតួចប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តបានលើកឡើងថា ដើមឈើបៃតង ឬសួនធម្មជាតិ នៅក្នុងក្រុងជួយបន្សុទ្ធនិងបង្កើនគុណភាពខ្យល់ ដោយចម្រោះចេញជាតិពុល ដែលនេះបានជួយសុខភាពប្រជាជនរាប់លាននាក់ក្នុងមួយឆ្នាំៗ។ ពិសេសទៅទៀតនោះ គឺអ្នកមានលំនៅដ្ឋានក្បែរៗ សួនច្បារ អាចជម្រុញឱ្យមានការធ្វើលំហាត់ប្រាណ កើនឡើង ដែលជួយបន្ថយអត្រាជំងឺធាត់បានក្នុងកម្រិតមួយផងដែរ។
ផ្អែកតាមការសិក្សាមួយទៀតដោយសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក រកឃើញថា ការរស់នៅក្បែរសួនច្បារ ឬសួនឧទ្យានសម្រាប់ដើរលំហែ ក៏អាចជួយបន្ថយបញ្ហាស្រ្តេស និងជួយខួរក្បាល បន្ធូរបន្ថយអារម្មណ៍តានតឹងបានខ្លះដែរ។
អត្ថបទពាក់ព័ន្ធ៖
- អនាម័យពេក សូម្បីប៉ះពាល់បរិស្ថានធម្មជាតិ ក៏មិនប៉ះ ប្រយ័ត្នមានបញ្ហាសុខភាព
- ចំណាយ ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្ត្រេសយ៉ាងល្អ
ដោយឃើញពីផលប្រយោជន៍ទាំងនេះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសុខភាពពិភពលោកក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដែលបានដឹកនាំការស្រាវជ្រាវខាងលើ សហការជាមួយមន្ត្រីពីអង្គការសុខភាពពិភពលោក (WHO) ដែរនោះ បានលើកទឹកចិត្តឱ្យ សាធារណជនពិសេសអ្នកនៅទីក្រុង ឱ្យផ្សារភ្ជាប់ជីវិតរស់នៅ ឱ្យបានច្រើន ជាមួយទីកន្លែងធម្មជាតិ និងសួនច្បារបៃតង៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]