លើសសម្ពាធឈាម ជាជំងឺធ្ងន់ធ្ងរមួយដែលអាចបង្កើនហានិភ័យ នៃជំងឺបេះដូង សរសៃឈាម ខួរក្បាល តម្រងនោម និងជំងឺដទៃទៀត នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ ចំពោះអ្នកមានដែលមានជំងឺលើសសម្ពាធឈាម គួរធ្វើតាមការណែនាំខាងក្រោមនេះ ទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
១. ពិនិត្យសម្ពាធឈាមឲ្យបានញឹកញាប់
អ្នកមានជំងឺលើសឈាមត្រូវវាស់សម្ពាធឈាមដោយខ្លួនឯងឲ្យបានញឹកញាប់ តែមុននឹងវាស់ត្រូវសម្រាក ៤-៥នាទី ចៀសវាងការវាស់សម្ពាធឈាមពេលមានអារម្មណ៍មិនស្រួល ធុញថប់ជាដើម។
២. ញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមរាល់ថ្ងៃ
លើសសម្ពាធឈាមជាជំងឺរ៉ាំរ៉ៃដែលទាមទារឲ្យប្រើថ្នាំមួយជីវិត ហើយអ្នកជំងឺត្រូវលេបថ្នាំបញ្ចុះឈាមរាល់ថ្ងៃតាមវេជ្ជបញ្ជា ទោះបីសម្ពាធយើងវាស់ទៅឃើញធម្មតាក៏ដោយ។
៣. បញ្ចុះទម្ងន់បើលើស
ឧស្សាហ៍ថ្លឹងគីឡូមើល៍ បើសិនសង្កេតឃើញគីឡូឡើងលើសនោះ ត្រូវប្រញាប់បញ្ចុះទម្ងន់ និងញ៉ាំអាហារសុខភាព ដូចជាអាហារសម្បូរកាកសរសៃច្រើន មានបន្លែផ្លែឈើ ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច កាត់បន្ថយចំណីអាហារ និងភេសជ្ជៈមានកាឡូរីខ្ពស់។
៤. កាត់បន្ថយការញ៉ាំប្រៃ
អាហារប្រៃបង្កើនហានិភ័យដល់សម្ពាធឈាម ដូច្នេះទាំងអ្នកដែលមានជំងឺលើសសម្ពាធឈាម ឬមិនមានក៏ដោយ ត្រូវកាត់បន្ថយអំបិលក្នុងការចម្អិនអាហារ មិនត្រូវញ៉ាំប្រៃខ្លាំងនោះទេ។ ក្នុង១ថ្ងៃ អង្គការសុខភាពពិភពលោក ណែនាំឲ្យញ៉ាំអំបិលត្រឹមតែ ៥ក្រាម ឬ ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ។
៥. បញ្ឈប់ការជក់បារី-កាត់បន្ថយគ្រឿងស្រវឹង
ការផ្លាស់ប្តូររបៀបរស់នៅជារឿងសំខាន់ ក្នុងនោះការឈប់ជក់បារី អាចការពារជំងឺបេះដូង សរសៃឈាម និងជំងឺផ្សេងៗជាច្រើនទៀត។ ចំណែកការផឹកគ្រឿងស្រវឹងជាប្រចាំ ឬច្រើនលើសកម្រិត អាចធ្វើឲ្យសម្ពាធឈាមអ្នកជំងឺកើនខ្ពស់ និងធ្វើឲ្យប្រសិទ្ធភាពថ្នាំបញ្ចុះសម្ពាធឈាមថយចុះ។
៦. ហាត់ប្រាណឲ្យទៀងទាត់ និងត្រូវកាត់បន្ថយស្ត្រេស
យើងគួរហាត់ប្រាណយ៉ាងតិច ៣០នាទី/ថ្ងៃ ដូចជា ដើរ រត់ ជិះកង់ ឬធ្វើសកម្មភាពកីឡាផ្សេងទៀត និងត្រូវកាត់បន្ថយស្ត្រេស ហើយគេងឲ្យបានគ្រប់គ្រាន់ ទើបរាងកាយរឹងមាំ អាចការពារផលប៉ះពាល់ដល់បេះដូង និងសរសៃឈាម។ បន្ថែមពីនោះអ្នកជំងឺលើសសម្ពាធឈាមត្រូវតាមដានសុខភាពតាមការណាត់ជួយជាមួយគ្រូពេទ្យអោយបានជាប់លាប់។
[embed-health-tool-heart-rate]