ជំងឺរលាកសាច់ដុំបេះដូង គឺជាការរលាកដែលកើតមាននៅត្រង់សាច់ដុំបេះដូង។ មនុស្សភាគច្រើនដែលមានជំងឺរលាកសាច់ដុំបេះដូងអាចជាសះស្បើយដោយមិនមានផលវិបាកអ្វីទេ ប៉ុន្តែក្នុងករណីដ៏កម្រនៅពេលដែលការរលាកមានសភាពធ្ងន់ធ្ងរ ជំងឺនេះក៏អាចធ្វើឲ្យខូចខាតដល់បេះដូងផងដែរ។ ក្នុងករណីខ្លះជំងឺរលាកសាច់ដុំបេះដូងអាចប៉ះពាល់ដល់ប្រព័ន្ធអគ្គិសនីបេះដូងរបស់យើង ដោយធ្វើឲ្យចលនាច្របាច់បេះដូងដំណំើរការមិនត្រឹមត្រូវ ដែលអាចបណ្ដាលឱ្យចង្វាក់បេះដូងដើរខុសធម្មតា ឬបេះដូងលោតខុសចង្វាក់។
១.មូលរលាកសាច់ដុំបេះដូង
បើទោះបីជាមូលហេតុនៃការបង្កឲ្យរលាកសាច់ដុំបេះដូងមិនត្រូវបានគេដឹង(រលាកបេះដូងដោយមិនដឹងមូលហេតុ) ជាធម្មតាជំងឺអាចបណ្ដាលមកពី៖
- ការឆ្លងមេរោគ វីរុស បាក់តេរី ឬផ្សិត
- ការបង្ករោគនៅទ្រូង
- ជំងឺប្រព័ន្ធភាពស៊ាំ (នៅពេលប្រព័ន្ធភាពសាំការពាររាងកាយរបស់យើងវាយប្រហារទៅលើរាងកាយ) ។
២.រោគសញ្ញាជំងឺរលាកសាច់ដុំបេះដូង
ប្រសិនបើយើងមានជំងឺរលាកសាច់ដុំបេះដូង រោគសញ្ញាអាចកើតមានពីមួយទៅពីរសប្ដាហ៍បន្ទាប់ពីឆ្លងមេរោគ។
រោគសញ្ញាទូទៅនៃជំងឺរលាកសាច់ដុំបេះដូងរួមមាន៖
- ការឈឺចាប់ចាក់ ឬតឹងនៅក្នុងទ្រូងដែលអាចរាលដាលពាសពេញរាងកាយ
- ដង្ហក់ ពេលហាត់ប្រាណស្រាល ៗ ឬដើរ
- ពិបាកដកដង្ហើមនៅពេលសម្រាក
- រោគសញ្ញាដូច គ្រុនផ្ដាសាយដូចជាកម្ដៅឡើងខ្លាំង អស់កម្លាំង និងហត់
- ញ័រទ្រូងឬចង្វាក់បេះដូងមិនប្រក្រតី។
៣.តើជំងឺរលាកសាច់ដុំបេះដូងធ្វើរោគវិនិច្ឆ័យដូចម្ដេច?
ពេលខ្លះរោគសញ្ញាអាចបាត់ទៅវិញដោយខ្លួនឯង ដូច្នេះមិនបាច់ធ្វើរោគវិនិច្ឆ័យក៏បាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញាមិនបាត់យើងអាចត្រូវការធ្វើតេស្តដូចជា៖
- electrocardiogram (ECG) ដើម្បីពិនិត្យមើលចង្វាក់បេះដូងមិនប្រក្រតី ប្រសិនបើយើងធ្លាប់ញ័រទ្រូង
- ថតកាំរស្មីអ៊ិចនៅទ្រូងដើម្បីពិនិត្យរកសារធាតុរាវនៅក្នុងឬជុំវិញបេះដូង
- អេកូបេះដូង ប្រសិនបើគ្រូពេទ្យពិនិត្យឃើញថាអាចមានការខូចខាតសាច់ដុំបេះដូង
- តេស្តឈាមដើម្បីរកមើលការបង្ករោគ។
៤.តើជំងឺរលាកសាច់ដុំបេះដូងត្រូវបានព្យាបាលយ៉ាងដូចម្ដេច?
ការព្យាបាលជំងឺរលាកសាច់ដុំបេះដូងជាធម្មតាអាស្រ័យលើមូលហេតុបង្ក។ គេអាចប្រើឧបករណ៍ដើម្បីពិនិត្យ ប្រើថ្នាំ រួមទាំងថ្នាំប្រឆាំងនឹងការរលាក ឬថ្នាំផ្សះ។ ក្នុងករណីជំងឺរលាកសាច់ដុំបេះដូងយូរអាចប៉ះពាល់ដល់ សាច់ដុំ និងជាលិការបស់បេះដូង ដែលអាចនាំឲ្យវិវត្តទៅជាជំងឺខ្សោយបេះដូង និងប្រហែលជាត្រូវការវះកាត់ប្ដូរបេះដូងទៀតផង។
[embed-health-tool-heart-rate]